ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ថ្មី​មួយ​ជួយ​ជនជាតិ​នីហ្សេរីយ៉ា​កំណត់​​អត្តសញ្ញាណ​វេជ្ជបណ្ឌិត​ក្លែងក្លាយ


រូប​ឯកសារ៖ កុមារ​ម្នាក់​យំ​ខណៈ​ពេល​ដែល​កំពុង​ត្រូវ​បាន​វាស់​សីតុណ្ហភាព​កំដៅ​ក្នុង​ខ្លួន នៅ​ឯ​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ប្រទេស​នីហ្ស៊េរីយ៉ា នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០១៣។​
រូប​ឯកសារ៖ កុមារ​ម្នាក់​យំ​ខណៈ​ពេល​ដែល​កំពុង​ត្រូវ​បាន​វាស់​សីតុណ្ហភាព​កំដៅ​ក្នុង​ខ្លួន នៅ​ឯ​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ប្រទេស​នីហ្ស៊េរីយ៉ា នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០១៣។​

ប្រព័ន្ធ​ទិន្នន័យ​​លើ​បណ្តាញ​អ៊ីនធឺណិត​ថ្មី​មួយ​កំពុង​ប្រយុទ្ធ​ប្រឆាំង​គ្រូពេទ្យ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ដោយ​ជួយ​បង្ក​​ភាព​ងាយ​ស្រួយសម្រាប់​ប្រជាជន​​ក្នុង​ការ​រក​មើល​ថា ​តើ​វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ឬ​អត់។

គេហទំព័រ​នេះ​មាន​ឈ្មោះ​ថា​ «Dodgy Doctors» ហើយ​វាគឺជា​ទិន្នន័យ​ព័ត៌មាន​ដែល​អាចស្វែង​រក​បាន​ពីអ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្តមាន​អាជ្ញាប័ណ្ណក្នុង​ប្រទេស​នីហ្សេរីយ៉ា។​

លោក​ Temi Adeoye​ ជា​អ្នក​ជំនាញ​យុទ្ធសាស្រ្ត​នៃ​ក្រុម​បច្ចេកវិទ្យា​ពលរដ្ឋ​មួយ​ឈ្មោះ​ថា​ Code for Nigeria ដែល​បាន​ជួយ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​នេះ។​ លោក​និយាយ​ថា​ លោក​មាន​គំនិត​នេះ​មក​ពី​កម្មវិធី​ស្រដៀង​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​។ លោក​យល់​ថា​កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយចំពោះ​បញ្ហា​គ្រូពេទ្យ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេសនីហ្សេរីយ៉ា។ ​

លោក​ Adeoye​ និយាយ​ថា​៖ «បញ្ហា​គ្រូពេទ្យ​ក្លែង​ក្លាយ​គឺ​ជា​បញ្ហា​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​នីហ្ស៊េរីយ៉ា។ ខ្ញុំ​ផ្ទាល់​បាន​ឃើញ​គ្លីនិក​ពេទ្យ​មួយ​ចំនួន​ ដែល​អ្នក​អាច​មាន​ភាព​ប្រាកដ​ប្រជា​ថា​ ជា​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​នោះ​ទេ»។

លោក​ Adeoye និយាយ​ថា អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​គឺ​ទៅ​គេហទំព័រ​សារព័ត៌មាន​ Sahara Reporters ដែល​បាន​បង្ហោះ​គេហទំព័រ​ Dodgy Doctors ហើយ​វាយ​ឈ្មោះ​គ្រូពេទ្យ​របស់​ពួកគេ​ ដើម្បី​ឆែក​មើល​ថា​តើ​ឈ្មោះ​គ្រូពេទ្យ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ទិន្នន័យ​នៃ​ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​និង​ទន្តិកនៃ​ប្រទេស​នីហ្សេរីយ៉ាដែរ​ឬ​អត់។​ ក្រុមប្រឹក្សា​នោះ​គឺ​ជា​ស្ថាប័ន​បញ្ញត្តិរបស់នីហ្សេរីយ៉ា​សម្រាប់​អ្នក​ប្រកប​មុខរបរ​វិជ្ជាជីវៈមាន​អាជ្ញាប័ណ្ណ។​

លោក​ Adeoye និយាយ​ថា៖ «ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​នេះ? ដោយ​សារ​តែ​គាត់​ជា​វេជ្ជបណ្ឌិត​ឬ​? អូ! អត់​ទេ​ ដោយ​សារ​គាត់​ជា​គ្រូពេទ្យ​មាន​អាជ្ញាប័ណ្ណ​ ហើយ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ថា​គាត់​មាន​អាជ្ញាប័ណ្ណ? នេះ​គឺ​ជា​កម្មវិធី​ដែល​ប្រាប់​ខ្ញុំ​ថា​តើ​គាត់​ជា​គ្រូពេទ្យ​មាន​អាជ្ញាប័ណ្ណ​ឬ​អត់»។

ក្រុម​ Code for Nigeria ក៏​បាន​អភិវឌ្ឍ​កម្មវិធី​ដែល​ជួយ​ប្រជាជន​ក្នុង​ការកំណត់​ទីតាំង​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ និង​កំណត់​តម្លៃ​ទីផ្សារ​នៃ​ថ្នាំ​ពេទ្យ​ផង​ដែរ។
លោក​ Henry Okwuokenye ជា​ប្រធាន​អធិការកិច្ច​នៃ​ក្រុម​ប្រឹក្សា​វេជ្ជសាស្រ្ត​និង​ទន្តិក​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​ហៅ​បញ្ហា​គ្រូពេទ្យ​ក្លែង​ក្លាយ​នេះ​ថា​ជា​ «បញ្ហា​ដ៏​ធំ​មួយ។»​

លោក​បាន​និយាយ​ថា​ យ៉ាង​ហោចណាស់មាន​បណ្តឹង​កំពុង​ដំណើរ​ការ​ជាង​៣០​ករណី​ ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​គ្រូពេទ្យ​ក្លែង​ក្លាយ​នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​លោក​និយាយ​ថា​ ទិន្នន័យ​ដែល​ក្រុម​ Code for Nigeria កំពុង​ប្រើប្រាស់​គឺ​តាំង​ពី​ឆ្នាំ​២០០៦​។​ លោក​បន្ថែម​ថា​ ក្រុម​នេះ​គួរ​តែ​រង់​ចាំ​បន្តិច​ទៀត​ដើម្បី​បាន​ព័ត៌មាន​ថ្មីៗ​ មុន​ពេល​បង្ហាញ​ក​ម្មវិធី​នេះ​ជា​សាធារណៈ។ ​

«វា​គឺ​ជា​គំនិត​ដ៏​ល្អ​មួយ​ ដែល​ឲ្យ​មនុស្ស​បាន​ដឹង​ព័ត៌មាន​អំពី​គ្រូពេទ្យ​តាម​រយៈ​ទូរស័ព្ទ​របស់​ពួកគេ។ វា​ពិត​ជា​គួរ​ឲ្យ​សរសើរ​ ប៉ុន្តេ​វា​គួរ​តែ​មាន​ការឯកភាព​មួយ​ពី​ក្រុម​ប្រឹក្សា​វេជ្ជសាស្រ្ត​និង​ទន្តិក​នៃ​ប្រទេស​នីហ្សេរីយ៉ា ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​នេះ»។​

លោក​ Adeoye និយាយ​ថា​ ទិន្នន័យ​ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​គេហទំព័រ​ Dodgy Doctors គឺ​ជា​ទិន្នន័យ​ដែល​ថ្មី​បំផុត​អាច​រក​បាន​ពី​សមាគម​នេះ​។ លោក​និយាយ​ថា​ លោក​មាន​គម្រោង​នឹង​ស្នើ​សុំ​ទិន្នន័យ​ថ្មី​ៗ​ជាង​នេះ​ទៀត​ពី​សមាគម​ បើ​សិន​ជា​មាន​នោះ ហើយ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ៕​

ប្រែសម្រួល​ដោយ​៖ នូវ ពៅ​លក្ខិណា

XS
SM
MD
LG