អាជ្ញាធរស្រីលង្កាកំពុងទទួលរងការរិះគន់ដ៏ខ្លាំងចំពោះការរិតត្បិតសេរីភាពផ្សព្វផ្សាយព័ត៌មាន ក្រោយពីបានបិទគេហទំព័រព័ត៌មានមួយចំនួន និងតម្រូវឲ្យបណ្តាញទាំងនេះចុះបញ្ជីជាមួយនឹងរដ្ឋាភិបាល។ រដ្ឋាភិបាលប្រទេសនេះកំពុងការពារសកម្មភាពរបស់ខ្លួន ដោយថ្លែងថាទង្វើនេះមិនមែនជាការសំដៅទៅរកការរាំងខ្ទប់សេរីភាពបញ្ចេញមតិឡើយ។ រាយការណ៍ពីទីក្រុងញូដេលី ហើយនាងលី ម៉ូនីវ៉ាន់អានជូនសេចក្តីប្រែសម្រួល។
រដ្ឋាភិបាលស្រីលង្កាឲ្យដឹងថាអាជ្ញាធរបានបិទបណ្តាញផ្សាយព័ត៌មានតាមអ៊ីនធឺណិត ដោយសារតែសេចក្តីរាយការណ៍មួយចំនួនបានប៉ះពាល់ដល់តួនាទីប្រធានាធិបតី រដ្ឋមន្ត្រី ក៏ដូចជាមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។
រដ្ឋមន្រ្តីព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ លោកខេហេលីយ៉ា រ៉ាមប៊ុកវេឡា (Keheliya Rambukwella) បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា ក្រសួងរបស់លោកបានទទួលពាក្យបណ្តឹងមួយចំនួនដែលចោទប្រកាន់បណ្តាញផ្សាយព័ត៌មានតាមអ៊ីនធឺណិត។
«យើងមានការទទួលខុសត្រូវចំពោះសាធារណៈជននៃប្រទេសនេះ… បណ្តាញព័ត៌មានតាមអ៊ីនធឺណិតទាំងនេះមិនបានផ្តល់ឱកាសដល់ភាគីម្ខាងទៀតធ្វើការបញ្ចេញយោបល់ឡើយ ហើយពួកគេចង់ធ្វើរបៀបនេះ ដែលវាមិនត្រូវបានអនុញ្ញាតឡើយ។ ប្រាកដណាស់ថា ពួកគេអាចបញ្ចេញយោបល់បាន ក៏ប៉ុន្តែទស្សនៈរបស់អ្នកផ្សេងក៏ត្រូវតែបានការគោរពវិញដែរ។»
បណ្ណាធិការនៃបណ្តាញផ្សាយព័ត៌មានមួយដែលត្រូវបានបិទគឺ srilankamirror.com បានថ្លែងការពារការចេញផ្សាយរបស់ខ្លួន ដោយនិយាយថាកាសែតតាមអ៊ីនធឺណិតមួយនេះតែងតែធ្វើសេចក្តីរាយការសាច់រឿងដោយប្រភពព័ត៌មានទាំងសងខាង។
អ្នកនាំពាក្យរបស់បណ្ណាធិការគឺ ស្ហានីកា ចាយ៉ាសេកេរ៉ា បង្ហាញឲ្យដឹងថារហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានផ្តល់ហេតុផលណាមួយសម្រាប់ការបិទកាសែតផ្សាយតាមអ៊ីនធឺណិតរបស់លោកឡើយ។
«យើងមិនទាន់ត្រូវបានគេជូនដំណឹងដោយផ្ទាល់នៅឡើយទេ។ បើសិនជាយើងធ្វើអ្វីមួយដែលខុសឆ្គង យើងគួរត្រូវបានគេជូនដំណឹង ហើយបើមិនដូច្នោះទេ តើធ្វើយ៉ាងម៉េច ទើបយើងដឹងថាទង្វើរបស់យើងខុសទៅ?»
កាសែត វិទ្យុ និងទូរទស្សន៍ ទាំងអស់ត្រូវបានតម្រូវឲ្យចុះបញ្ជីជាមួយនឹងរដ្ឋាភិបាលរួចទៅហើយ ប៉ុន្តែសម្រាប់បណ្តាញផ្សាយព័ត៌មានតាមអ៊ីនធឺណិតវិញមិនទាន់មានការតម្រូវឲ្យចុះឈ្មោះនៅឡើយទេ។
ពេលនេះអាជ្ញាធរនិយាយថារាល់គេហទំព័រដែលរាយការណ៍អំពីប្រទេសស្រីលង្កាត្រូវចុះបញ្ជី បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងច្បាប់។
ក្រុមអ្នករិះគន់ឆ្លើយតបថា ការធ្វើបែបនេះគឺប្រៀបបានទៅនឹងការបំបិទសិទ្ធិបញ្ចេញមតិនិងការចេញផ្សាយព័ត៌មានតាមបណ្តាញអ៊ីនធឺណិតយ៉ាងដូច្នោះដែរ។
រដ្ឋមន្រ្តីព័ត៌មាន លោក រ៉ាមប៊ុកវេឡា និយាយថា អាជ្ញាធរមិនសំដៅទៅរកការបំបិទសេរីភាពការផ្សព្វផ្សាយព័ត៌មានឡើយ ក៏ប៉ុន្តែពួកគេចង់ដឹងអត្តសញ្ញាណរបស់អ្នកដែលគ្រប់គ្រងបណ្តាញព័ត៌មានតាមអ៊ីនធើណិតទាំងអស់នោះ។
«អ្នកគួរតែដឹងថាអ្នកណាគេដែលពាក់ព័ន្ធជាមួយនឹងបណ្តាញផ្សាយព័ត៌មានទាំងនេះ ហើយពួកគេធ្វើការ និងផ្សាយព័ត៌មានពីទីតាំងណា យើងមិនទាំងមានអាស័យដ្ឋានទាក់ទងពួកគេផងដើម្បីធ្វើការជូនដំណឹងទៅពួកគេនោះ។ ការណ៍ដែលយើងតម្រូវឲ្យពួកគេចុះបញ្ជីជាមួយអាជ្ញាធរមិនមែនជាការបំបិទសិទ្ធិសេរីភាពឡើយ។»
កាលពីមុន រដ្ឋាភិបាលត្រូវទទួលរងការរិះគន់ចំពោះការធ្វើទុក្ខបុកម្និញចំពោះអ្នកសារព័ត៌មានណាដែលរិះគន់រដ្ឋាភិបាលលើដំណោះស្រាយជម្លោះជាមួយនឹងក្រុមឧទ្ទាមខ្លាតាមិល។ ក្រុមសកម្មជនខាងប្រឆាំងនិយាយថាការផ្លាស់ប្តូរនាពេលថ្មីៗនេះគ្រាន់តែជាវិធីមួយទៀតដើម្បីបំបិទសំឡេងរិះគន់ប៉ុណ្ណោះ។
ក្នុងចំណោមក្រុមអ្នកដែលជឿថាវិធានការរបស់រដ្ឋាភិបាលនឹងធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិដោយសេរីនិងសិទ្ធិរបស់អ្នករិះគន់នោះគឺលោក ប៉ាកៀសុធី សារ៉ាវណ្ណមុទូ (Paikiasothy Saravanamuttu) ជានាយកមជ្ឈមណ្ឌលសម្រាប់ជម្រើសគោលនយោបាយ នៅរដ្ឋធានីកូឡំបូ។
«មានមតិយោបល់មួយចំនួនដែលថា បណ្តាញព័ត៌មានតាមអ៊ីនធឺណិតកំពុងជជែកអំពីជម្លោះផ្ទៃក្នុងរបស់ក្រុមគ្រួសារគណបក្សកាន់អំណាច និយាយឲ្យចំគឺភាពប្រេះស្រាំនៅក្នុងគណបក្សកាន់អំណាចតែម្តង ហើយពួកគេបារម្ភថា ព័ត៌មានប្រភេទនេះនឹងត្រូវបែកធ្លាយកាន់តែទូលំទូលាយ។ ហើយក៏មានអ្នកខ្លះទៀតដែលមានយោបល់ថា រដ្ឋាភិបាលមានសេចក្តីព្រួយបារម្ភដោយហេតុតែចលនាដែលមាននិន្នាការស្រដៀងគ្នានឹងអ្វីដែលបានកើតឡើងរួចហើយនៅឯមជ្ឈឹមបូព៌ា ពោលគឺចលនានេះអាចរីកដាលឡើងនៅក្នុងប្រទេសស្រីលង្កាដែរដោយការប្រើបច្ចេកវិទ្យាថ្មីៗ។ វាជាការលំបាកក្នុងការចង្អុលបង្ហាញឲ្យចំហេតុផលណាស់ ក្រៅតែអំពីការមើលឃើញជាក់ស្តែងថារដ្ឋាភិបាលមានការអន្ទះអន្ទែងចង់ត្រួតត្រាគេហទំព័រព័ត៌មាន។»
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកូឡំបូបានឲ្យដឹងថា សេរីភាពបញេ្ចញមតិ ដោយរួមទាំងការទទួលយកព័ត៌មានតាមបណ្តាញអ៊ីនធឺណិតដោយគ្មានការរាំងខ្ទប់គឺជាសិទ្ធិមូលដ្ឋាន ដែលត្រូវទទួលបានការគោរពដោយអាជ្ញាធរស្រីលង្កា។