ពលរដ្ឋអេស្ប៉ាញកំពុងបោះឆ្នោតសារជាថ្មីនៅថ្ងៃអាទិត្យនេះ នៅពេលដែលប្រទេសអេស្ប៉ាញ ព្យាយាមបំបែកភាពមិនឈ្នះមិនចាញ់ខាងនយោបាយ ដែលបានធ្វើឲ្យប្រទេសនេះដំណើរការដោយគ្មានរដ្ឋាភិបាលចាប់តាំងពីខែធ្នូមកម្លេ៉ះ។
ការបោះឆ្នោតជ្រើសរើសសមាជិកសភានៅពេលនោះ មិនបានធ្វើឲ្យគណបក្សណាមួយទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។
មេដឹកនាំនយោបាយ បានព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះដើម្បីដឹកនាំប្រទេសតាំងពីខែធ្នូនោះមក ប៉ុន្តែមិនបានសម្រេចដោយសារពួកគេ មិនអាចជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ដែលទទួលបានការព្រមព្រៀងរួមគ្នាបាន។
ការស្ទង់មតិថ្មីៗនេះបង្ហាញថាការបោះឆ្នោតឡើងវិញនៅថ្ងៃអាទិត្យនេះ នឹងមានលក្ខណៈប្រហាក់ប្រហែលនឹងការបោះឆ្នោតចុងក្រោយគេដែរ។
ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍មួយចំនួន និយាយថា ក្រុមអ្នកតំណាងរាស្ត្រ នៅពេលនេះ ប្រហែលជាមានឆន្ទៈជាងមុនក្នុងសម្របសម្រួលគោលជំហររបស់ខ្លួនរៀងៗខ្លួន។
កាលពីខែមុន ព្រះមហាក្សត្រFelipe បានរំលាយសភា ក្រោយពីផុតកាលបរិច្ឆេទ សម្រាប់សភាដែលមានស្រាប់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាលើកដំបូងហើយ ដែលប្រទេសអេស្ប៉ាញ រៀបចំការបោះឆ្នោតឡើងវិញ ចាប់តាំងពីប្រទេសនេះ បានក្លាយជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ១៩៧៥មក៕