ប្រទេសអេស្ប៉ាញកំពុងបញ្ជូនក្រុមអ្នកជួយសង្គ្រោះបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក ដើម្បីជួយក្នុងការងាររុករកនិងសង្គ្រោះអ្នកដែលនៅរស់រានមានជីវិតចុងក្រោយ ពីការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងត្បូងទីក្រុង Marrakech កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ប្រទេសអេស្ប៉ាញបាននិយាយកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុម ដែលមានគ្នា៣១នាក់ ឆ្កែហិតខ្លិន១៥ក្បាល និងរថយន្ត១១គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក។
រដ្ឋាភិបាលម៉ារ៉ុកនិយាយនៅថ្ងៃចន្ទថា ចំនួនអ្នកស្លាប់សរុបដោយសារការរញ្ជួយដីនេះ បានកើនឡើងយ៉ាងហោចណាស់ក៏២.៨៦២នាក់ដែរ ដោយមនុស្ស២.៥០០នាក់ផ្សេងទៀត បានរងរបួស។
លោក Komenan N'guessan Leon ជាវិចិត្រករម្នាក់ដែលរស់នៅក្នុងប្រទេសម៉ារ៉ុក បានប្រាប់វីអូអេថា ក្រោយការរញ្ជួយដីនេះ មនុស្សជាច្រើនបាននាំគ្នាមកគេងនៅខាងក្រៅផ្ទះ ដោយខ្លាចមានការរញ្ជួយដីមួយទៀតអាចនឹងកើតឡើង។
អ្នកស្រី Elisabeth Myers មេធាវីនិងជាអ្នកវិភាគនយោបាយអាហ្វ្រិកខាងជើង ដែលរស់នៅក្នុងប្រទេសម៉ារ៉ុកដែរនោះ បានប្រាប់វីអូអេថា ការរញ្ជួយដីនេះ បានធ្វើឱ្យភូមិជាច្រើនរងការខូចខាតទាំងស្រុង ហើយការបាក់ដីបានធ្វើឱ្យតំបន់ជាច្រើនមិនអាចចូលទៅដល់។
អ្នកស្រី Myers បានបញ្ជាក់ពីហានិភ័យដែលមនុស្សជាច្រើនកំពុងប្រឈមដោយសារការគ្មានទីជម្រក ក្នុងពេលដែលអាកាសធាតុតាមរដូវកាលកំពុងមានការប្រែប្រួល៕
Emmanuel Victoire Ngapela និង Carol Van Dam រួមចំណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។