ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ចំពោះ​ភាព​វឹក​វរ​នៅ​មជ្ឈឹម​បូព៌ា


ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​​ដើម្បី​កាន់​ទុក្ខ​និង​ធ្វើ​ការ​តវ៉ា​ឲ្យ​ក្រុម​បាតុករ​ដែល​ត្រូវ​រង​របួស​នៅ​ក្រោយ​ពេល​​កម្លាំង​នគរបាល​បាន​វាយ​ឆ្មក់​ទៅ​លើ​​ជំរំ​បាតុករ​មួយ​នៅ​ក្រុង Manama កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០១១។
ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​​ដើម្បី​កាន់​ទុក្ខ​និង​ធ្វើ​ការ​តវ៉ា​ឲ្យ​ក្រុម​បាតុករ​ដែល​ត្រូវ​រង​របួស​នៅ​ក្រោយ​ពេល​​កម្លាំង​នគរបាល​បាន​វាយ​ឆ្មក់​ទៅ​លើ​​ជំរំ​បាតុករ​មួយ​នៅ​ក្រុង Manama កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០១១។

នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ ប្រជាពលរដ្ឋ​សម្តែង​ការ​គាំទ្រ​ផង​ ការ​ព្រួយ​បារម្ភ​ផង​ ចំពោះ​បាតុកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស។

ដូច​គ្នា​នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ពិភពលោក​ដែរ​ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​កំពុង​តាម​មើល​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​រាល​ដាល​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ តាម​ការ​ពិសោធន៍​និង​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន។

ក្រុម​បាតុករ​នៅ​ប្រទេស​អេហ្ស៊ីប​ (Egypt)​ បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ ហូស្នី​ មូបារ៉ាក់​ (Hosni​ Mubarak)​ លះបង់​អំណាច​ដោយ​សន្តិវិធី​ ក្រោយ​ពី​បាន​កាន់​តំណែង​អស់​បី​ទសវត្សរ៍​មក។​ ក៏​ប៉ុន្តែ​បាតុកម្ម​ស្រដៀង​គ្នា​នៅ​ប្រទេស​ អ៊ីរ៉ង់​ (Iran)​ លីបី​ (Libya)​ បារេន​ (Bahrain)​ និង​ យេមែន​ (Yemen)​ បាន​ទទួល​ការ​បង្ក្រាប​យ៉ាង​សាហាវ។

កាល​ពី​១២​ ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌូណេស៊ី​ (Indonesia)​ បាន​ឆ្លង​កាត់​ការ​ពិសោធន៍​ស្រដៀង​គ្នា​នេះ​ ដោយ​បង្ខំ​លោក​ប្រធានាធិបតី​ ស៊ូហារតូ​ (Suharto)​ ឲ្យ​ចេញ​ពី​តំណែង។​ អ្នក​វិភាគ​នយោបាយ​ក្នុង​តំបន់​ជា​ច្រើន​និយាយ​ថា​ ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​ឥណ្ឌូណេស៊ី​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ គួរ​ជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​អារ៉ាប់។

ក៏​ប៉ុន្តែ​នៅ​តាម​ផ្លូវ​ក្រុង​ហ្សាការតា​ មនុស្ស​ខ្លះ​បាន​និយាយ​ព្រមាន​ដោយ​ប្រុង​ប្រយ័ត្ន។​ នាង​ មីយ៉ា​ អាល់វៀរ៉ា​ (Mia​ Alviara)​ និយាយ​ថា​ ឥណ្ឌូនេស៊ី​មិន​ទាន់​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​ទេ។​ នាង​ មីយ៉ា​ និយាយ​ថា​ ឥណ្ឌូនេស៊ី​គឺ​ពិត​ជា​ប្រទេស​មួយ​ដែល​មាន​ជន​មូស្ល៊ីម​ (Muslim)​ រស់​នៅ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​មែន​ ក៏​ប៉ុន្តែ​ជា​ប្រទេស​មួយ​ដែល​នៅ​មាន​ការ​បែក​ខ្ញែក​គ្នា​ ហើយ​នៅ​មិន​ទាន់​ធ្វើ​ការ​បាន​ល្អ​នៅ​ឡើយ​ក្នុង​វិស័យ​ជា​ច្រើន​ ដូច​ជា​សាសនា​ និង​នយោបាយ​ជា​ដើម។

នាង​ មីយ៉ា​ និយាយ​ទៀត​ថា​ អំពើ​ហិង្សា​ប្រឆាំង​ជន​ភាគ​តិច​ និង​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​នៅ​ប្រទេស​នេះ​ យល់​ថា លទ្ធិ​ប្រជាធិបតេយ្យ​មិន​មាន​ដំណើរការ​ទេ។

លោក​ រឺណាល់ឌី​ (Renaldi)​ នៃ​វិហារ​ ស៊ុនដា​ កេឡាប៉ា​ Sunda Kelapa)​ យល់​ស្រប​ថា​ ជនជាតិ​ឥណ្ឌូណេស៊ី​ជា​ច្រើន​នាក់​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល​ទេ។​ លោក​គាំទ្រ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ តែ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​មក​លើ​ប្រទេស​ឥណ្ឌូណេស៊ី។​រឺណាល់ឌី​និយាយ​ថា​ លោក​ព្រួយ​បារម្ភ​ថា​ បើ​សិន​ជា​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុងពិភព​អារ៉ាប់​មិន​អាច​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​ វា​នឹង​អាច​ឆ្លងទៅ​កន្លែង​ដទៃ​ទៀត។

មនុស្ស​នៅ​ប្រទេស​ថៃ​ ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុងបាងកក​ដែល​មាន​ប្រជាប្រីយភាព​ក្នុង​ចំណោម​អ្នក​ស្រុក និង​ទស្សនិកជន​មក​ពី​មជ្ឈឹម​បូព៌ា​ប្រទេស​ បាន​សម្តែង​សេចក្តី​ព្រួយ​បារម្ភ​អំពី​បាតុកម្ម។

អាលី​ អាល់​ ដ្យាហ្វារី​ (Ali​ Al​-Jaafari)​ ពី​ប្រទេស​ អូម៉ង់​ (Oman)​ និយាយ​ថា​ គាត់​គិត​ថា បាតុកម្ម​នឹង​មិន​រាល​ធំ​ជាង​នេះ​ទៀត​ទេ​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ ហើយ​ពិត​ជា​មិន​ទៅ​ដល់​អាស៊ី​បូព៌ា​ទេ​ ដែល​គាត់​និយាយ​ថា មាន​វប្បធម៌​ខុស​គ្នា​ពី​វប្បធម៌​អារ៉ាប់។​ លោក​បន្ត​ថា៖

«ខ្ញុំ​គិត​ថា​នឹង​មិន​មាន​អ្វី​កើត​ឡើងទេ​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក្ស៍​ (Persian)​ ជា​ពិសេស​នៅ​សហព័ន្ធ​អារ៉ាប់​រួម​ អេមីរ៉េត (Emirates)​ ប្រទេស​ គុយវេត​ (Kuwait)​ អារ៉ាប៊ី​ សាអ៊ូឌិត​ (Saudi Arabia)​ និង​ អូម៉ង់។​ ប្រទេស​ទាំង​អស់​នេះ​មាន​ស្ថិរភាព​ល្អ​ ឬ​ប្រជារាស្រ្ត​ភាគ​ច្រើន​មាន​ជីវភាព​រស់​នៅ​រុង​រឿង»។

ក៏​ប៉ុន្តែ​ អេស្សា​ ហ្កាហ្ស៊ី​ (Essa​ Ghazzi)​ ពី​ប្រទេស​គុយវេត​ និយាយ​ថា​ គាត់​គិត​ថា បាតុកម្ម​នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ទេ​ នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស។ លោក​ថ្លែង​ថា៖

«ជា​អំពើ​ភ្លីភ្លើ​មួយ​ ព្រោះ​ថា​បើ​គេ​មិន​ចូល​ចិត្ត​រដ្ឋាភិបាល​ដែល​គេ​មាន​សព្វ​ថ្ងៃ​នេះ​ទេ​ ពួក​គេ​នឹង​មាន​រដ្ឋាភិបាល​អាក្រក់​ជាង​នេះ​មួយ​ទៀត​ តាម​វិធី​ណា​មួយ​ជា​មិន​ខាន។​ ខ្ញុំ​មិន​ទុក​ចិត្ត​អ្នក​នយោបាយ​ទេ»។

សេចក្តី​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​គឺ​ អំពើ​ហិង្សា​ដែល​គេ​ប្រើ​ដើម្បី​បញ្ចប់​បាតុកម្ម។​ មនុស្ស​ជា​ច្រើន​នាក់​និយាយ​ថា​ ទង្វើ​នេះ​នឹង​ធ្វើ​ឲ្យ​បាតុកម្ម​មាន​ភាព​ធ្ងន់ធ្ងរ​រិត​តែ​ខ្លាំង​ឡើង​ទៀត៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG