ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​និង​ក្រុម​ឧទ្ទាម​ស្វះស្វែង​រក​សន្តិភាព​​ជាថ្មី​ម្តងទៀត


ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Nyagoah Taka Gatluak រង​គ្រោះ​ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ អង្គុយ​នៅ​លើ​ភ្លៅ​របស់​ម្តាយ​ខ្លួន​នៅ​ឯ​គ្លីនីក​ពេទ្យ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំ​ដែន​ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​ថ្ងៃ​ដែល​កំណត់​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ផ្តើម​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មួយ​នេះ។​
ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Nyagoah Taka Gatluak រង​គ្រោះ​ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ អង្គុយ​នៅ​លើ​ភ្លៅ​របស់​ម្តាយ​ខ្លួន​នៅ​ឯ​គ្លីនីក​ពេទ្យ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំ​ដែន​ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​ថ្ងៃ​ដែល​កំណត់​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ផ្តើម​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មួយ​នេះ។​

តំណាង​ក្រុម​បះបោរ​និង​តំណាង​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​ បាន​ជួប​គ្នា​ជាថ្មី​ម្តងទៀត​ ក្នុង​គោល​បំណង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​នោះ។

ភាគី​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ក្នុង​រដ្ឋធានី​ Juba កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដោយ​សង្ឃឹម​ថា​ពួកគេ​នឹង​បង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិអន្តរកាល​កាល​មួយ។

ភាគី​ក្រុម​បះបោរ​និង​ភាគី​រដ្ឋាភិបាល បាន​ចរចា​គ្នា​ដើម្បី​រក​សន្តិភាព​ដែល​មាន​លក្ខណៈ​ដូច​អំពិល​អំពែក ​ចាប់​តាំង​ពី​ជម្លោះ​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៣​មក​ ប៉ុន្តែភាគី​ទាំង​ពីរ បាន​រំលោភ​បំពាន​លើ​បទ​ផ្អាក​បាញ់​គ្នា​ជា​បណ្តោះ​អាសន្ន​ជាច្រើន​លើក​ ដែល​ពួកគេ​បាន​យល់​ព្រម​ជាមួយ​គ្នា។

ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង លោក Salva Kiir និង​មេ​ក្រុម​បះបោរ​ លោក Riek Machar ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​ទី​១​របស់​ស៊ូដង់​ខាងត្បូង​នោះ​ បាន​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ ថា​ភាគី​ម្ខាង​ទៀត​ជា​អ្នក​រំលោភ​លើ​កិច្ច​ព្រៀមព្រៀង​សន្តិភាព​នោះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​នៅ​តែ​ប្តេជ្ញា​ចិត្ត​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២៦ ខែ​សីហា បើ​ទោះ​បី​ជា​ពួកគេ​ទាំង​ពីរ តែង​តែ​ខកខាន​មិន​បាន​គោរព​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​ពួកគេ​បាន​កំណត់​ក៏ដោយ។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​ស្វាគមន៍​ការ​វិល​ទៅរក​ការ​ចរចរ​គ្នា​ឡើងវិញ​រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​បាន​បន្ថែម​ថា​ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​និង​ពិបាក​ៗ​ជាច្រើន​ទៀត។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​សហការ​គ្នា ក្នុង​ស្មារតី​រួបរួម​និង​ផ្សះផ្សា​ជាតិ​ ដើម្បី​អនុវត្ត​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​កំណត់​នៅក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​ភាគី​ទាំង​ពីរ។

ប្រទេស​ស៊ូដង់​ខាងត្បូង គឹ​ជា​ប្រទេស​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​លើ​លោក ដោយ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់ នៅ​ឆ្នាំ​២០១១៕

XS
SM
MD
LG