តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានចាប់ផ្តើមពិនិត្យកាលពីថ្ងៃចន្ទនូវការចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol ដោយសារការប្រកាសរបស់លោកឲ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការពិនិត្យនេះគឺជាការចាប់ផ្តើមនីតិវិធីដើម្បីសម្រេចថាតើលោក Yoon នឹងត្រូវដកចេញពីតំណែងឬក៏អត់ ខណៈក្រុមអ្នកស៊ើបអង្កេតគ្រោងនឹងសួរចម្លើយរូបលោកក្នុងសប្តាហ៍នេះអំពីបទចោទប្រកាន់ព្រហ្មទណ្ឌ។
តុលាការនឹងបើកសវនាការសាធារណៈលើកដំបូងនៅថ្ងៃទី ២៧ ខែធ្នូ។ នេះបើយោងតាមអ្នកនាំពាក្យតុលាការអ្នកស្រី Lee Jean ដែលបានថ្លែងក្នុងសន្និសីទកាសែតមួយក្រោយពីចៅក្រមទាំង ៦ រូបនៃតុលាការធម្មនុញ្ញបានជួបពិភាក្សាគ្នាអំពីផែនការពិនិត្យបទចោទប្រកាន់ដកតំណែងប្រធានាធិបតីដែលបានស្នើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះដោយរដ្ឋសភាជាតិដែលគ្រប់គ្រងដោយបក្សប្រឆាំង។
តុលាការនេះមានពេល ៦ ខែ ដើម្បីសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងឬក៏អនុញ្ញាតឲ្យលោកកាន់តំណែងឡើងវិញ។ អ្នកនាំពាក្យតុលាការអ្នកស្រី Lee បានថ្លែងថា សវនាការលើកទីមួយនេះនឹងជាសវនាការ «ត្រៀម» ដើម្បីបញ្ជាក់អំពីបញ្ហាច្បាប់សំខាន់ៗក្នុងសំណុំរឿងនេះនិងកាលវិភាគក្នុងចំណោមបញ្ហាផ្សេងៗទៀត។
អ្នកស្រី Lee ថា លោក Yoon មិនត្រូវបានតម្រូវឲ្យចូលខ្លួនក្នុងសវនាការនោះទេ។
កាលពីឆ្នាំ ២០១៧ តុលាការនេះបានចំណាយពេល ៣ ខែដើម្បីចេញសេចក្តីសម្រេចដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូងអ្នកស្រី Park Geun-hye នៅពេលនោះ ក្រោយពីអ្នកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចពេលកាន់តំណែងជាប្រធានាធិបតី។
លោក Yoon នឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក៏ប្រឈមនឹងការចោទប្រកាន់ពីបទបះបោរផងដែរដោយសារការប្រើច្បាប់អាជ្ញាសឹកមួយរយៈពេលខ្លីនោះ។
ក្រុមការងារចម្រុះមកពីស្ថាប័នប៉ូលិស ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងគ្រោងនឹងអញ្ជើញលោក Yoon មកសួរចម្លើយនៅម៉ោង ១០ ព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធខាងមុខទាក់ទងនឹងបទចោទប្រកាន់នោះ។ នេះបើយោងតាមមន្ត្រីប៉ូលិសម្នាក់ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters៕