មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មិនបានវះកាត់បេះដូងនោះទេ នៅពេលដែលលោកមិនបង្ហាញខ្លួនជាសាធារណៈជិត ៣ សប្ដាហ៍កន្លងមកនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដោយយោងលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប។
ទីភ្នាក់ងារព័ត៌មាន Yonhap បានបញ្ជាក់ថា មន្ត្រីកូរ៉េខាងត្បូងរូបនោះបានបដិសេធមិនផ្ដល់មូលហេតុសម្រាប់ការជឿជាក់ដែលថា លោក Kim Jong Un មិនបានវះកាត់បេះដូងនោះទេ ប៉ុន្តែបាននិយាយថា សេចក្ដីរាយការណ៍នានាកន្លងមកដែលថាលោកប្រហែលជាឆ្លងកាត់ការវះកាត់បេះដូងនោះគឺមិនត្រឹមត្រូវទេ។
ប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីមានការសង្ស័យកាន់តែខ្លាំងអំពីសុខភាពរបស់លោក Kim Jong Un និងទីកន្លែងដែលលោកស្នាក់នៅ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានចេញផ្សាយរូបថត និងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលបង្ហាញថា លោក Kim Jong Un បានចូលរួមនៅក្នុងពិធីបញ្ចប់ការសាងសង់រោងចក្រជីមួយកន្លែង។
នៅក្នុងរូបថតមួយចំនួនដែលបានផ្សព្វផ្សាយ គេឃើញលោក Kim Jong Un ញញឹម និងនិយាយទៅកាន់ជំនួយការរបស់លោកនៅឯពិធីកាត់ខ្សែបូរ ក៏ដូចជាបង្ហាញពីលោកដើរទស្សនកិច្ចមើលរោងចក្រនោះផងដែរ។
ពាក្យចចាមអារ៉ាមអំពីសុខភាពរបស់លោក Kim Jong Un បានកើតឡើង បន្ទាប់ពីលោកមិនបានចូលរួមនៅក្នុងពិធីរំឮកខួបថ្ងៃកំណើតរបស់លោក Kim Il Sung ដែលជាជីតារបស់លោក និងជាស្ថាបនិកប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅនេះ។ មកទល់នឹងពេលនេះ គេនៅតែមិនដឹងអំពីមូលហេតុនៃការបាត់ខ្លួនមួយរយៈរបស់លោក Kim Jong Un ក៏ដូចជាពេលដែលលោកបង្ហាញខ្លួនឡើងវិញនេះដែរ៕