លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងថ្លែងសុន្ទរកថាមួយនៅចំពោះមុខរដ្ឋសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកត្រៀមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់សហរដ្ឋអាមេរិក។ នេះគឺជាទស្សនកិច្ចដើម្បីអបអរសាទរខួប ៧០ ឆ្នាំនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ៦ រូប ធ្លាប់បានថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាអាមេរិកកាលពីមុន។
កាលពីថ្ងៃពុធ លោក Yoon បានជួបពិភាក្សាគ្នាជាមួយលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីហានិភ័យដែលបង្កឡើងដោយកូរ៉េខាងជើង កិច្ចការនានាដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងវិធីសាស្ត្រក្នុងការទប់ទល់នឹងឥទ្ធិពលដែលកាន់តែកើនឡើងរបស់ចិន រួមទាំងបញ្ហាសំខាន់ៗផ្សេងៗទៀតផងដែរ។
មុនជំនួបទាំងនេះ មេដឹកនាំទាំងពីររូបក៏បានចេញសេចក្តីប្រកាស Washington ដែលក្នុងនោះកូរ៉េខាងត្បូងបានយល់ព្រមមិនបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាការដោះដូរនឹងតួនាទីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តច្រើនជាងមុន នៅក្នុងផែនការទប់ស្កាត់របស់សហរដ្ឋអាមេរិក គ្រាដែលមានការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលអាមេរិកក៏បានប្តេជ្ញាថានឹងពង្រឹងវត្តមានអាមេរិកកាន់តែខ្លាំងឡើងនៅក្នុងតំបន់ផងដែរ។
កាលពីល្ងាចពុធ លោក Yoon និងលោក Biden បានចូលរួមពិធីលាងសាយភោជន៍នៅសេតវិមាន ដោយមានភ្ញៀវកិត្តិយសជាអ្នកនយោបាយ ពាណិជ្ជករ និងតារាហូលីវូដចូលរួមជាច្រើននាក់។ នេះជាពិធីលាងសាយភោជន៍លើកទី ២ ប៉ុណ្ណោះក្នុងអំឡុងរដ្ឋបាលលោក Biden ដែលលើកដំបូងត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron។
កាលពីថ្ងៃអង្គារ លោក Biden និងលោក Yoon អមដំណើរដោយភរិយារបស់លោកទាំងពីរ បានធ្វើទស្សនកិច្ចនៅបូជនីយដ្ឋាន Korean War Memorial ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់យុទ្ធជនដែលបានពិលីជីវិតនៅក្នុងអំឡុងសង្គ្រាមកូរ៉េ៕