ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​តែងតាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ ដើម្បី​ទប់ទល់​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី​ Moon Jae-in ថតជាមួយ​សមាជិក​នៃ​គណបក្ស​កាន់អំណាច។
លោក​ប្រធានាធិបតី​ Moon Jae-in ថតជាមួយ​សមាជិក​នៃ​គណបក្ស​កាន់អំណាច។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae In នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​តែងតាំង​អតីត​មេបញ្ជាការ​យោធា​ជើង​ទឹក​មួយ​រូប ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

ការ​តែងតាំង​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ដែល​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ឡើង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

បេក្ខជន​ដែល​លោក Moon Jae In តែងតាំង​នោះ គឺ​លោក Song Young Moo ដែល​លោក​សក្ដិសម​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នេះ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី។

លោក Song Young Moo ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​យោធា​ជើង​ទឹក​អស់​រយៈពេល​ជាង ៣ ទសវត្សរ៍​មក​នេះ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ចម្បង​របស់​លោក Moon Jae In នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក។

ការ​តែងតាំង​លោក Song Young Moo នេះ មិន​ចាំបាច់​ត្រូវការ​ការ​អនុម័ត​ពី​រដ្ឋសភា​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវតែ​ចូលរួម​នៅ​ក្នុង​សវនាការ និង​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​ចោទ​សួរ​ដោយ​សមាជិក​សភា។

លោក Song Young Moo ត្រូវ​គេ​រំពឹង​ថា នឹង​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​យោធា​ដ៏​ចម្បង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​មីស៊ីល ដែល​កំពុងតែ​កើន​ឡើង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG