ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង «គួរតែបញ្ឈប់ការបង្កហេតុដោយសារអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនជាបន្ទាន់» បន្ទាប់ពីមានការសាកល្បងគ្រាប់មីស៊ីលដែលគេសង្ស័យថាជាគ្រាប់មីស៊ីលបាញ់កប៉ាល់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Moon Jae In បាននិយាយយ៉ាងដូច្នេះថា៖ «ដូចខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនរាថយ ឬក៏សម្របសម្រួលជាដាច់ខាត ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការដោយមិនងាករេដើម្បីបញ្ឈប់ទាំងស្រុងនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្ម និងការចរចា»។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីទីក្រុង Wonsan ដែលជាទីក្រុងជាប់ឆ្នេរសមុទ្រស្ថិតនៅភាគខាងកើតប្រទេស ហើយគ្រាប់មីស៊ីលទាំងនោះហោះបានចម្ងាយប្រមាណ ២ រយគីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
ការសាកល្បងគ្រាប់មីស៊ីលលើកនេះ គឺជាការសាកល្បងលើកទី ៤ របស់កូរ៉េខាងជើង នៅក្នុងរយៈពេលមួយខែ និងបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀតលើរដ្ឋាភិបាលកូរ៉េខាងជើងនៅសប្ដាហ៍នេះ។
ការសាកល្បងមីស៊ីលកាលពី ៣ លើកមុន នៅក្នុងរយៈពេលមួយខែ គឺជាការសាកល្បងគ្រាប់ផ្លោងមីស៊ីល ដោយកូរ៉េខាងជើងទំនងជាប្ដូរផ្ដាច់នៅក្នុងការផលិតគ្រាប់មីស៊ីលមួយ ដែលមានសមត្ថភាពអាចដឹកជញ្ជូនអាវុធនុយក្លេអ៊ែរ និងអាចហោះដល់ដែនដីរបស់សហរដ្ឋអាមេរិកបាន៕