ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទឹក​ទន្លេ​​ទីក្រុង​ Wenzhou ​នៃ​ប្រទេស​ចិន ​ក្លាយ​ជា​ពណ៌​ក្រហម


បុរសម្នាក់ មើលទឹកទន្លេពណ៌ក្រហមជាំនៅសង្កាត់​កាងណាន ក្រុង​វ៉ិនចៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។

​ទឹក​ទន្លេ ​បាន​ក្លាយ​ទី​ជា​ពណ៌​ក្រហម​នៅ​ក្នុង​ទីក្រុង​ចិន​ផ្នែក​ខាង​កើត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​វិបត្តិ​បរិដ្ឋាន​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។​ ឧបទ្ទវហេតុ​នេះ​ ជា​ការ​ភ័យ​ខ្លាច​ខាង​បរិដ្ឋាន​នៅ​ពេល​ថ្មី​ៗ​បំផុត​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន។​

កាល​ពី​សប្តាហ៍​មុន​ ពួក​អ្នក​ស្រុក​ក្នុង​ទីក្រុង​ វ៉ិនចៅ​ (Wenzhou)​ នៃ​ប្រទេស​ចិន​ បាន​ភ្ញាក់​ពី​ដំណេក​មើល​ឃើញ​ទន្លេ​ដែល​កាត់​តាម​ទីក្រុង​របស់​ពួកគេ​មាន​ពណ៌​ក្រហម​ជាំ។​ អ្នក​ស្រុក​ខ្លះ​ ក៏​បាន​ត្អូញត្អែ​ពី​ក្លិន​ខា​នៅ​ក្នុង​ខ្យល់។​ ការិយាល័យ​ការពារ​បរិដ្ឋាន​មូល​ដ្ឋាន ​បាន​ស៊ើប​អង្កេត​ពី​ឧបទ្ទវហេតុ​នោះ​ ហើយ ​បាន​និយាយ​ថា​ ពួកគេ​មិន​បាន​រក​ឃើញ​សញ្ញា​អំពី​ការ​បញ្ចេញ​សម្រាម​មក​ពី​រោង​ចក្រ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​នោះ​ទេ​ រួម​មាន​រោង​ចក្រ​ធ្វើ​ក្រដាស​ ក្រុមហ៊ុន​ធ្វើ​ព៌ណ​ម្ហូប​អាហារ​និង​រោងចក្រ​ផលិត​សម្លៀក​បំពាក់។​

លោកស្រី​ Yixiu​ Wu ​ដែល​តាម​ដាន​បញ្ហា​ទឹក​កខ្វក់​ឲ្យ​អង្គការ​ គ្រឺនពីស​(Greenpeace)​ និយាយ​ថា​ ថ្វីបើ​មូលហេតុ​នៃ​ទឹកកខ្វក់​របស់​ទន្លេ​នោះ​ មិន​ត្រូវ​បាន​គេ​រកឃើញ​ក៏​ដោយ​ ក៏​វា​ជា​សញ្ញា​មួយ​នៃ​បញ្ហា​បរិដ្ឋាន​ដែល​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្ឡាង​ឡើង​ដល់​ពួក​អ្នកស្រុក​នៅ​ទីក្រុង។​

«ខ្ញុំ​គិត​ថា​ បញ្ហា​ទឹកកខ្វក់​លែង​ជា​បញ្ហា​ទី​ដាច់​ស្រយ៉ាល​ ក្នុង​តំបន់​ជនបទ​ទៀត​ហើយ។​ វា​កំពុង​ប៉ះពាល់​មនុស្ស​គ្រប់​រូប។​ ទោះបី​ ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង​ក៏​ដោយ»។​

ទីក្រុង​ Wenzhou ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ប្រទេស​ចិន។​ វា​ក៏​ជា​មជ្ឈមណ្ឌល​អ្នក​កាន់​គ្រឹស្តសាសនា​ក្នុង​ប្រទេស​ចិន ​ហើយ​ជា​រឿយៗ​ត្រូវ​បាន​គេ ​ចាត់​ទុក​ថា​ជា​ទីក្រុង​ ជេរុសាឡឹម​ (Jerusalem)​ នៃ​ប្រទេស​ចិន។​ បន្ទាប់​ពី​ទឹក​ទន្លេ​នោះ​ បាន​ក្លាយ​ជា​ពណ៌​ក្រហម​ អ្នក​ស្រុក​ខ្លះ​ បាន​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា​ ទឹក​ពណ៌​ក្រហម​ជាំ ​ជា​សញ្ញា​នៃ​ អាម៉ាហ្កេដិន​ (Armageddon)​ គឺ​ជា​ព្រឹតិ្តការណ៍​មួយ​ដែល​បាន​ពណ៌នា​នៅ​ក្នុង​ព្រះ​គម្ពី​គ្រឹស្តសាសនា​ (Bible)​ ថា​ជា​ទី​បញ្ចប់​ពិភពលោក។​

ខណៈ​ដែល​ ទន្លេ​កខ្វក់​អាច​មិនមែន​ជា​សញ្ញានៃ​ទីបញ្ចប់​នៃ​ពិភពលោក​នៅ​ពេល​នេះ​ក៏​ដោយ​ អ្នក​បរិដ្ឋាន​ ម៉ា ជុន​ (Ma Jun)​ និយាយ​ថា ​វា​មាន​ន័យ​ថា​ នេះ​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​សារធាតុ​កខ្វក់។​

«ដូច្នេះ ​ខ្ញុំ​គិត​ថា​ ២០​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​មាន​សារៈ​សំខាន់​បំផុត។​ រដ្ឋាភិបាល​ ចាំបាច់​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ជាតិ​កខ្វក់​ដើម្បី​ផ្តល់​សុវត្ថិភាព​ហើយ​នឹង​បរិដ្ឋាន​ប្រកប​ដោយ​សុខភាព​សម្រាប់​មនុស្ស​ជំនាន់​នេះ»។​

ការ​ផ្លាស់​ប្តូរ​ពណ៌​ទឹក​ទន្លេ ​ជា​ឧបទ្ទវហេតុ​ខាង​បរិដ្ឋាន​ជា​ច្រើន​នៅ​ពេល​ថ្មីៗ​បំផុត​នេះ​ក្នុង​ប្រទេស​ចិន។​ ក្នុង​ឆ្នាំ២០១២​ ទន្លេ​ យ៉ាំងស៊ី​ (Yangtze)​ ក៏​បាន​ក្លាយ​ជា​ពណ៌​ក្រហម​ដែរ​ មក​ពី​ការ​ចាក់​សារធាតុ​កខ្វក់​របស់​រោងចក្រ​នៅ​ក្បែនោះ​ ហើយ​កាល​ពី​ឆ្នាំ​ទៅ​ ជ្រូក​ងាប់​២​ពាន់​ក្បាល​ បាន​ត្រូវ​រក​ឃើញ​អណ្តែត​តាម​ទន្លេ​ក្នុង​ទីក្រុង​ សៀងហៃ។​ រដ្ឋាភិបាល​ចិន​ ក៏​បានរក​ឃើញ​ភូមិ​រាប់រយ​មាន​មហារីក​ ដែល​នៅទី​នោះ​អត្រា​ជំងឺ​មហារីក​ មាន​កម្រិតខ្ពស់​ជាង​ធម្មតា​បណ្តាល​មក​ពី​ជាតិ​កខ្វក់​របស់​ឧស្សាហកម្ម។​

លោក​ Ma ​និយាយ​ថា​ មាន​ឧបទ្ទវហេតុ​ទឹក​កខ្វក់​ជាង​១​ពាន់​៧រយ​ដងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន។​

«ចិន ​កំពុង​ប្រឈម​បញ្ហា​ទឹក​កខ្វក់​យ៉ាង​ធ្ងន់​ធ្ងរ។​ ទន្លេ ​បឹង ​ ហើយ​សូម្បី​តែទឹក​ក្រោម​ដី​របស់​យើង​ ក៏​មាន​ជាតិ​កខ្វក់​ដែរ។​ ជា​ពិសេស ​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ច្រើន។​ វា​បាន​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ។​ ពួក​អ្នក​ស្រុក​រហូត​ដល់​៣​រយ​លាន​នាក់​ គ្មាន​ទឹកស្អាត​បរិភោគ​ទេ»។​

នៅដើម​ឆ្នាំ​នេះ ​នាយករដ្ឋ​មន្រ្តី​ចិន​ លោក​ លី កេជៀង​ (Li Keqiang)​ បាន​ប្តេជ្ញា​ធ្វើ​សង្គ្រាម​ប្រឆាំង​ជាតិ​កខ្វក់។​ ពួក​សកម្ម​ជន​ខាង​បរិដ្ឋាន​ និយាយ​ថា​ សង្គ្រាម​នេះ​នឹង​ផ្អែក​លើ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​របស់​ចិន​ ដែល​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ពួក​អ្នក​ស្រុក​របស់​ទីក្រុង​ Wenzhou ​ដែល​នៅ​ទី​នោះ ​ទឹក​៨០​ភាគរយ​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្ររបស់​ទី​ក្រុង​នោះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កខ្វក់៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG