រដ្ឋមន្រ្តីក្រសួងការបរទេសនិងមន្រ្តីជាច្រើនផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានស្គាល់ថាអាស៊ាន បានជួបប្រជុំគ្នានៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ។ ពួកគេរំពឹងថានឹងផ្តោតលើជម្លោះរវាងប្រទេសចិននិងសមាជិកអាស៊ានស្តីពីសិទ្ធិក្នុងការកាន់កាប់អណ្តូងប្រេង និងឧស្ម័នធម្មជាតិដ៏ធំនៅក្នុងសមុទ្រចិនខាងត្បូង។
លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ានមានប្រសាសន៍នៅពេលនោះថា អាស៊ាននឹងបោះមួយជំហានទៀត ដើម្បីក្លាយជាសមាគមរួបរួមគ្នា ដែលនឹងនិយាយក្នុងសំឡេងតែមួយលើបញ្ហាសន្តិសុខ។
លោក ពិតសុវណ្ណ បានថ្លែងថា៖ «ការប្រជុំនេះជាទិដ្ឋភាពមួយរបស់សមាគមអាស៊ាន ដែលអាចមានលទ្ធភាពបង្កើតតួនាទីជារួមលើបញ្ហានានា ដែលសហគមន៍អន្តរជាតិបាននិងកំពុងជួបប្រទះ ហើយពិតជាស្ថិតក្នុងភាពបន្ទាន់សម្រាប់យើង ដើម្បីធានាថាតំបន់នេះមានសន្តិភាព ស្ថិរភាព និងសន្តិសុខ»។
លោកបានឲ្យដឹងទៀតថា អាស៊ាននឹងរៀបចំការប្រជុំថ្នាក់ខ្ពស់ជាបន្តបន្ទាប់នៅកោះបាលីដោយរួមមានវេទិកាតំបន់អាស៊ានដែលនឹងផ្តោតលើបញ្ហាសន្តិសុខ។ ក្រៅពីរដ្ឋមន្រ្តីការបរទេសជាច្រើនដែលមកពីប្រទេសសមាជិកអាស៊ាន លោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងអ្នកតំណាងមកពីប្រទេសចិន រុស្សី ជប៉ុន សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតក៏នឹងចូលរួមដែរ។
លោក ពិតសុវណ្ណ មានប្រសាសន៍ថា ការដោះស្រាយជម្លោះរវាងចិន តៃវ៉ាន់ និងសមាជិកអាស៊ាន ដែលរួមមានប៊ុ្រយណេ (Brunei) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippine) និងវៀតណាម (Vietnam) អំពីការប្រជែងទាមទារការគ្រប់គ្រងអណ្តូងប្រេង និងឧស្ម័នធម្មជាតិនៅក្នុងសមុទ្រចិនខាងត្បូងនឹងក្លាយជាបញ្ហាអាទិភាពមួយរបស់អាស៊ាន។
លោកពិតសុវណ្ណ បាននិយាយទៀតថា «ជំហររួមគ្នារបស់អាស៊ានគឺថាពួកយើងទាំងអស់គ្នាចង់ឃើញប្រទេសក្នុងតំបន់ រួមទាំងសមុទ្រចិនខាងត្បូង ត្រូវបានរៀបចំដោយសន្តិវិធី ហើយយើងអាចធ្វើការជាមួយគ្នាដើម្បីដោះស្រាយចំណុចខុសគ្នាដទៃទៀត ហើយថាសមាគមអាស៊ាន និងចិនអាចបញ្ជូនសញ្ញាវិជ្ជមានទៅគណៈកម្មាធិការអន្តរជាតិ ពីព្រោះពួកគេទាំងអស់សុទ្ធតែមានការព្រួយបារម្ភ ហើយពួកគេទាំងអស់ចង់ដឹងពីស្ថានការនៅទីនោះ»។
លោក ពិតសុវណ្ណ និយាយថា តួនាទីរបស់អាស៊ានក្នុងការសម្របសម្រួលដំណើរការដោះស្រាយនេះ គួរតែមិនប្រឆាំងទៅនឹងតម្រូវការរបស់ចិនដែលបញ្ហានេះត្រួវបានដោះស្រាយនៅក្នុងកម្រិតទ្វេភាគីទេ។
លោកមានប្រសាសន៍ថា ការដោះស្រាយបញ្ហារវាងប្រទេសសមាជិកទាំងឡាយ និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏នឹងត្រូវលើកឡើងផងដែរ។ កាលពីដើមឆ្នាំនេះ លោក ម៉ាទីណាតាឡេហ្កាវ៉ា (Maty Natalegawa) ប្រធានអាស៊ាន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានដើរតួជាអាជ្ញាកណ្តាលជាន់ខ្ពស់ ដើម្បីព្យាយាមចរចាបញ្ចប់ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា។ លោក ណាតាឡេហ្កាវ៉ា(Natalegawa) បានបរាជ័យក្នុងការទាក់ទាញភាគីទាំងពីរឲ្យដោះស្រាយជម្លោះនោះ ក៏ប៉ុន្តែ លោកពិតសុវណ្ណ មានប្រសាសន៍ថា ការជាប់ឆ្នោតដ៏លើសលុបរបស់ លោកស្រីនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីនណាវ៉ាត្រា អាចធ្វើឲ្យជឿនលឿនដល់ដំណើរការសន្តិភាពនេះ។
នៅក្នុងការប្រជុំចុងក្រោយកាលពីខែឧសភា ក្រុមសិទ្ធិមនុស្សតវ៉ាអំពីការសម្រេចរបស់សមាគមអាស៊ាន ដែលអនុញ្ញាតឲ្យប្រទេសភូមាដឹកនាំសមាគមនេះនៅឆ្នាំ២០១៤ បើទោះជាភូមាធ្វើការរឹតបន្តឹងទៅលើក្រុមគណបក្សប្រឆាំង ការឃុំឃាំងសកម្មជននយោបាយជាច្រើន និងការកម្រិតយ៉ាងខ្លាំងទៅលើសេរីភាពជាមូលដ្ឋានក៏ដោយ។ ក្រុមមន្រ្តីសមាគមអាស៊ានស្ទាក់ស្ទើរក្នុងការរិះគន់អាជ្ញាធរម៉ាឡេស៊ីដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបំពង់បាញ់ទឹក ដើម្បីបណ្តេញហ្វូងបាតុកររាប់ពាន់នាក់។ លោក ពិតសុវណ្ណ មានប្រសាសន៍ថា សមាគមអាស៊ាននឹងបន្តផ្អែកលើការរួបរួមគ្នាជាវិជ្ជមានជាជាងការពង្រឹងដោយបង្ខំដើម្បីលើកទឹកចិត្តសមាជិករបស់ខ្លួនក្នុងការកែប្រែទម្រង់លទ្ធិប្រជាធិបតេយ្យ។
លោកបានឲ្យដឹងទៀតថា «ឥឡូវនេះ អ្វីដែលកំពុងតែបន្តនៅក្នុងប្រទេសម៉ាឡេស៊ីគឺស្ថិតក្នុងក្របខណ្ឌបងើ្កនការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការនយោបាយ ហើយខ្ញុំគិតថា នេះគឺអ្វីដែលត្រូវបានរំពឹងទុក។ ក៏ប៉ុន្តែប្រទេសនីមួយៗត្រូវតែដោះស្រាយការប្រឈមនានាដោយខ្លួនឯងផ្ទាល់ តាមរបៀបផ្សេងៗគ្នា ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វានឹងជាដំណោះស្រាយប្រកបដោយសន្តិវិធី ប្រកបដោយផ្លែផ្កានិងក្នុងលក្ខណៈស្ថាបនា»។
លោក ពិតសុវណ្ណ មានប្រសាសន៍ថា សមាគមអាស៊ាននឹងពិភាក្សាជាមួយនឹងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាឆ្នាំ១៩៩៥ ដែលអាចធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ប្រសិនបើអនុសញ្ញានេះបានផ្តល់សច្ចាប័ន វានឹងអាចរារាំងនាវាចម្បាំងនុយក្លេអ៊ែរមិនឲ្យចូលសំចតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ពិតសុវណ្ណ មានប្រសាសន៍ថា ប្រទេសចិនបានបង្ហាញអំពីបំណងក្នុងការចុះហត្ថលេខាលើអនុសញ្ញានេះ ហើយថាមន្រ្តីអាស៊ាននឹងចាប់ផ្តើមពិភាក្សាជាមួយសហរដ្ឋអាមេរិក រុស្សី និងមហាអំណាចនុយក្លេអ៊ែរផ្សេងៗទៀត៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស