ជម្លោះរវាងប្រទេសចិន និង សមាជិកខ្លះនៃសមាគម អាស៊ាន នៅតែបន្ដគ្របដណ្ដប់មកលើកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម អំពីសន្ដិសុខរបស់តំបន់។ មេដឹកនាំសមាគមអាស៊ាន និយាយថា មានការលូតលាស់ទៅមុខក្នុងការ រៀបចំគោលការណ៍ ណែនាំ ដើម្បីជួយរកដំណោះស្រាយ ជម្លោះនៃការទាមទារតំបន់មានឧស្ម័ន និង ប្រេង នៅលើសមុទ្រចិនភាគខាងត្បូង។ តែមានសមាជិកខ្លះរបស់សមាគម អាក់អន់ចិត្ដ ដោយសារ សមាគមអាស៊ានមិនបានប្រកាន់គោលជំហររឹងមាំតទល់នឹងចិន។
មន្ដ្រីអាស៊ាន និងចិន និយាយថាគេសុខចិត្ដយល់ព្រមមកលើគោលការណ៍ណែនាំមូយចំនួនដែលតម្រូវឲ្យធ្វើតាម ដើម្បីអនុវត្ដ សេចក្ដីប្រកាសឆ្នាំ២០០២ អំពី ក្រមសីលធម៌ នៃភាគី នៅលើសមុទ្រចិនភាគខាងត្បូង។
ការជឿនលឿន នៃការចរចាគ្នាកាលពីថ្ងៃពុធ អាចនាំទៅដល់ក្រមសីលធម៌ក្នុងការដោះស្រាយជម្លោះតំបន់។ មន្ដ្រីក្រសួងការបរទេសចិនម្នាក់ នៅឯកិច្ចប្រជុំអាស៊ាន លើកោះ បាលី បានហៅកិច្ចព្រមព្រៀងនោះថា ជា កិច្ចសហការគ្នាយ៉ាង សំខាន់១ ក្នុងប្រវត្ដិសាស្រ្ដ។
តែសមាជិកខ្លះរបស់សមាគមអាស៊ាន និយាយថា គោលការណ៍ណែនាំមានសេចក្ដីមិនជាក់លាក់ ហើយ មិនគ្រប់សព្វ។ អ្នកទាំងនោះត្អូញត្អែរថាមិនឃើញមានក្របខ័ណ្ឌការងារ ដើម្បីដោះស្រាយផ្ទាល់ជម្លោះតំបន់ ដែលគេជឿថា សំបូរទៅដោយប្រេង និង ឧស្ម័ន។
ប្រទេសសមាជិក អាស៊ាន មានប្រទេស ប្រូណៃ ម៉ាឡេស៊្យា ហ្វីលីព្វីន និង វៀតណាម បានធ្វើការទាមទារតំបន់ក្បែរឆ្នេរសមុទ្ររបស់ខ្លួន តែចិន និង តៃវ៉ាន់ ទាមទារតំបន់ទាំងស្រុងរបស់ សមុទ្រចិនភាគខាងត្បូង។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុង ម៉ានិល និង ហាណូយ បានតវ៉ាថានាវាចិន បានជ្រៀតជ្រែកចូលទៅក្នុងដែនទឹករបស់ខ្លួន។
រដ្ឋមន្ដ្រីក្រសួងការបរទេស ហ្វីលីព្វីន លោក Albert Del Rosario ថ្លែងថាការទាមទាររបស់ចិនគ្របដណ្ដប់មកលើគ្រប់សព្វ បើប្រសិនជាអនុញាតយល់ព្រម វា នឹងធ្វើឲ្យការអនុវត្ដន៍ក្រមសីលធម៌ ជាមួយចិន មិនមានន័យអ្វីទាល់តែសោះ។
«ចិននិយាយថា ខ្លួនមានអធិបតេយ្យភាព ពេញលេញ មកលើ តំបន់សមុទ្រភាគខាងត្បូង។ ដូច្នេះយើងចុះហត្ថលេខាយល់ព្រមជាមួយចិន។ នេះគួរតែជាក្រមសីលធម៌មួយ។ តែចិននិយាយថា ផ្ទុយទៅវិញ ខ្លួនមានកម្មសិទ្ធិលើទីនោះទំាងស្រុង»។
លោក រដ្ឋមន្ដ្រីនិយាយថាលោក ចង់ឃើញសមាគមអាស៊ាន ប្រកាន់យកគោលជំហរខ្លាំងរឹងមាំជាងនេះ ដោយ ផ្សព្វផ្សាយគោលការណ៍ណែនាំដែលបង្ហាញល័ក្ខខ័ណ្ឌ ក្នុងការដោះស្រាយជម្លោះយោងតាមច្បាប់អន្ដរជាតិ។ តែផ្ទុយទៅវិញ លោករដ្ឋមន្ដ្រីថ្លែងថា ហ្វីលីព្វីន នឹងចាត់វិធានការតែឯកឯង ហើយយកករណីនេះ ទៅ តវ៉ានៅឯ តុលាការ អន្ដរជាតិ នៅក្រោម សន្ធិសញ្ញា អំពីធម្មនុញ្ញសមុទ្រ របស់ អសប ហៅកាត់ថា UNCLOS ទោះបីជាចិនមិនចង់ចូលរួមក៏ដោយ។
«យើងមានគោលបំណងប្ដឹងអង្គការ UNCLOS បើចិនមានចិត្ដចង់ចូលរួមជាមួយយើង។ បើចិនមិនព្រមទេ ដូចចិនបានបង្ហាញនោះ យើងនឹងស្វែងរកការវិនិច្ឆ័យដោយអាជ្ញាកណ្ដាល នៅក្រោមអង្គការ UNCLOSដែលជាដំណាក់ការអចិន្ដ្រៃយ៍ ហើយមានការវិនិច្ឆ័យផ្ទាល់តែម្ដង។ ហើយនៅទីបញ្ចប់ នឹងមានការផ្សះផ្សារគ្នាជាចាំបាច់ មកលើ នីតិវិធីដែលយើងស្វែងយកមតិ តែមិនមានការតម្រូវឲ្យធ្វើ ហើយប្រកបទៅដោយសីលធម៌ផងដែរ។
លោក Del Rosario ថ្លែងថា តំបន់ជម្លោះស្ថឹតនៅក្រោមសន្ធិសញ្ញាការពារ រវាង ហ្វីលីព្វីន និង សរអ។ ក្រសួងការបរទេសចិន និង រដ្ឋមន្ដ្រីក្រសួងការបរទេស សរអ នឹងចូលរួមក្នុងវិទិការហ្វ័រំ តំបន់ អំពីសន្ដិសុខនៅលើកោះបាលី ដែលនឹងបើកទ្វារនៅសប្ដាហ៍នេះ។
ចិនប្រើមូលដ្ឋាននៃការទាមទាររបស់ខ្លួន មកលើផែនទីចាស់ច្រើនសតវត្សរ៍ មុនការចេញច្បាប់ទំនើបនៃសមុទ្រ។ ចិននិយាយថា ខ្លួនពិចារណាបើកការចរចាឧបតោភាគី មកលើរឿងជម្លោះនេះ ខណៈដែលប្រទេសនៃ សមាគម អាស៊ាន ចង់ធ្វើការចរចា ពហុភាគី។
រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានទិតៀនគោលជំហររបស់សរអដែរ។រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និយាយថា ខ្លួនមានអត្ដប្រយោជន៍ក្នុងការធានាឲ្យមានសេរីភាព ដល់ ការដឹកជញ្ជូន តាមផ្លូវទឹកនៃសមុទ្រចិនភាគខាងត្បូង៕
ប្រែសម្រួលដោយ អ៊ូ ធួក