ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ​ខណៈ​ភាព​ចម្រូងចម្រាស​បន្ត​កើតមាន


រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

ផ្ទុយ​ពី​ការ​ជំទាស់​ពី​គណបក្ស​នយោបាយចំនួន​៤ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​ត្រូវបាន​អនុម័ត​ដោយ​តំណាងរាស្រ្តគណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​នយោបាយ​ចំនួន​៧ ផ្សេង​ទៀត ​បាន​ចេញ​សេចក្តី​ប្រកាស​គាំ​ទ្រ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ។

គណបក្ស​ចំនួន​៧ ដែល​ប្រកាស​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំពុង​ចម្រូង​ចម្រាស​នេះ រួម​មាន​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ ពេជ្រ ស្រស់​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុឌ្ឍ ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ របស់​លោក ម៉ម សូណង់ដូ ​គណបក្ស​សញ្ជាតិ​កម្ពុជា​របស់​លោក​ សេង សុខខេង ​គណបក្សខ្មែរ​តែមួយ​ របស់​លោក​ គុជ លី និង​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​របស់លោក​ អ៊ុន វិសិទ្ធគុន។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នីមួយៗ ដែលចេញ​ផ្សាយកាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ​ឆ្នាំ​២០២២។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​លោក ពេជ្រ ស្រស់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា នៅ​ក្នុង​គណបក្ស​នីមួយ​ៗ មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​គណ​បក្ស​ជ្រើស​រើសរួច​រាល់​សម្រាប់​ការ​ដឹកនាំ​ក្នុង​គណបក្ស ហេតុ​នេះ​នៅ​ពេល​បក្ស​ឈ្នះ​ឆ្នោត​ បេក្ខជន​រូប​នោះ​ត្រូវ​បាន​សមាជិក​ក្នុង​គណបក្ស​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ឱ្យ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ថ។ ដូច្នេះ​លោក​ថា​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទេ ខណៈ​ការ​រៀបចំ​នេះ​នៅ​តែ​ឆ្លង​កាត់​ការ​បោះឆ្នោត​សុំ​ការ​ទុកចិត្តពី​សមាជិក​រដ្ឋសភា។

​ប្រធាន​គណបក្ស​រូប​នេះ​លើក​ឡើង​ថា ការ​បង្កើន​ចំនួន​សមាជិក​សភា​នៅ​ក្នុង​ការ​ធ្វើ​ញត្តិ​ស្តី​បន្ទោស​រដ្ឋាភិបាល ​គឺ​ស្រប​ទៅ​តាម​បរិបទ​ជាក់​ស្តែង​ ដោយសារ​សមាជិក​រដ្ឋសភា​ក៏កើន​ចំនួន​ដែរ។

​លោក​ថ្លែង​ថា៖ «អ៊ីចឹង​អានេះ​មួយ ​គឺ​ថា​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​នយោបាយ​ដែល​គេ​មាន​សិទ្ធិ​សម្រេច​ដែរ​ មិនមែន​បោះ​ឆ្នោត​ ហើយ​គណបក្ស​នយោបាយ​ធ្វើ​អ្វី​មិន​បាន​នោះ​ទេ។ ខ្ញុំ​គិត​ថា​វា​អត់មាន​ប៉ះពាល់​ក្នុង​ការ​ដឹកនាំ​ជាតិ​ខ្មែរ​យើង​ទេ។ អារឿង​នេះ​គឺ​រឿង​ឱ្យ​តែ​គណបក្ស​ណា​ឈ្នះ ​គណបក្ស​ហ្នឹង​មាន​សិទ្ធិ​ធ្វើ​ហើយ យើង​និយាយ​ឱ្យ​ស្រួល​ស្តាប់​ត្រឹម​ហ្នឹង​តែម្តង​ទៅ»។

បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ ត្រង់​មាត្រា​១១៩​ថ្មី ​អត្ថ​ន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ​ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា ​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឱ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋ​សភា។

លោក ពេជ្រ​ ស្រស់​ ថ្លែង​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី១០នេះ មិន​ធ្វើ​ឱ្យ​អំណាច​សភា​ចុះ​ខ្សោយទេ​ ដោយហេតុ​ថា​សភា​នៅ​តែ​អាច​ធ្វើ​ញត្តិ​ស្តី​បន្ទោស​បាន ហើយ​កិច្ចការ​ភាគច្រើន​របស់​នីតិប្រតិបត្តិ នៅ​តែ​ត្រូវ​ឆ្លង​កាត់សភា។ លោក​បន្ថែម​ថា​ជំនួស​មកវិញ​ការ​ធ្វើ​វិសោធនកម្ម​លើក​នេះ រឹតតែ​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ ដែល​អាច​បើក​ផ្លូវ​ឱ្យ​គណ​បក្ស​ចម្រាញ់​យក​មនុស្ស​មាន​សមត្ថភាព​ទៅដឹក​នាំ​ប្រទេស។

​ចំណែក​ប្រធាន​គណបក្ស​ខ្មែររួបរួម​ជាតិ លោក​ ញឹក ប៊ុនឆៃ ​លើក​ឡើងថា ​សមាជិក​សភាទាំងអស់ ​គឺមក​ពីគណបក្សគណ​ប្រជា​ជន​កម្ពុជា ​បើទោះជា​គណបក្ស​លោក​គាំទ្រ ​ឬមិន​គាំទ្រ ​ក៏ច្បាប់​នោះនៅ​តែអាចអនុម័តចេញ​ដែរ។ ប្រធាន​គណបក្ស​រូបនេះ​អះអាង​ថា​ខ្លឹម​សារ​នៃមាត្រា​ច្បាប់​ដែល​ធ្វើ​វិសោធនកម្ម​លើក​នេះ មានលក្ខណៈ​ល្អច្រើន​ ដែល​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ​ និង​សន្តិភាព​ជាតិ។

លោក​ថ្លែង​ថា៖«បើ​យើង​ទៅ​បដិសេធមិន​គាំទ្រ​សោះ ក៏វា​មិន​កើត​ដែរ ព្រោះ​អាចំណុច​ល្អៗវាមាន​ច្រើន ហើយ​តិចតួច​មាន​ចំ​ណុចខ្វះខាត​ខ្លះ»។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​លោក​ ញឿន រ៉ាដែន ​យល់ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញនេះ​ ជាការ​ធានាដល់​ដំណើរការ​ស្ថាប័នរដ្ឋ ​និងថា​វាមិន​មានអ្វី​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​របប​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក៏ដូច​ជា​បន្ថយ​អំណាច​សភាឡើយ។

លោក​និយាយ​ថា៖«ការនេះ​ដូចជា​ពុំមាន​អ្វីដែល​ជាខ្ទាស់ទៅនឹង​ការបន្ថយ​នូវអំណាច​សភា​ទេ»។

កាល​ពី​កន្លង​ទៅ គណបក្ស​នយោបាយ​ចំនួន​៤ ដែល​រួម​មាន​គណបក្ស​ភ្លើងទៀន ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែ​រ និងគណបក្ស​កែ​ទម្រង់​កម្ពុជា បាន​ដាក់​ញត្តិ​រួម​មួយ​ទៅរដ្ឋសភា ដើម្បី​សុំ​ឱ្យ​រដ្ឋសភា​កុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​ចុងក្រោយ​នេះ ដែល​ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​អនុម័ត ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ ​គណ​បក្ស​ទាំង​នោះ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ថ្មី​នេះធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភានិយម ​ដោយ​បន្ថយ​សិទ្ធិ​អំណាច​តំណាងរាស្ត្រ និង​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​ភាគ​តិច​ក្នុង​សភា។

លោក ​យ៉ង សាំងកុមារ ​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រនេះ​ថា​ការ​ធ្វើវិសោធនកម្ម​នេះ ​ជាការ«មិនចាំបាច់» ​និង«កាត់​បន្ថយ​អំណាច​សភា»។

លោក​បន្តថា​ការ​ប្រកាស​គាំទ្រ​របស់​គណបក្ស​ដទៃ​នេះ​ ដោយ​សារ​រង​ឥទ្ធិពល​ពី​គណបក្ស​កាន់អំណាច។

លោក​ថ្លែង​ថា៖ «គេ​មាន​សម្ពន្ធភាព​នយោបាយ​គាំទ្រ និង​សហការ​ជាមួយ​គណបក្ស​កាន់អំណាច​ ហើយ​វា​មាន​សម្ពន្ធភាព​នយោបាយ​ដែល​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច។ អ៊ីចឹង​ខ្ញុំចាត់​ទុកជា​រឿង​ធម្មតា»។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សង្គមស៊ីវិល​និង​បណ្តាញ​សហគមន៍​ជាង​១០០ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​ និង​ថា​វា​អាច​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​«ស្ថិរភាព​អំណាច​រដ្ឋ និង​អំណាច​នីតិប្រតិបត្តិ​ ការ​គោរព​សិទ្ធិ​សេរីភាព​ពល​រដ្ឋ​ខ្មែរ» ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ក្រោម​ហេតុផល​ថា៖ ទី​១ វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ក៏​ដូច​ជា​ផល​ប្រ​យោ​ជន៍​របស់​ប្រជាពល​រដ្ឋ ខណៈ​មិន​មាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ។ ទី២ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក្នុង​ប្រព័ន្ធ​សភានិយម ដោយសារ​បង្កើន​ចំនួន​សមាជិក​សភា​នៅ​ក្នុង​ការ​ធ្វើ​ញត្តិ​ស្តី​បន្ទោស​រដ្ឋាភិបាល​ និង​ការ​ចាត់​តាំង​នាយករដ្ឋមន្ត្រី​ដោយ​មិន​មាន​ការ​ឯកភាព​ពី​ប្រធាន​និង​អនុប្រធាន​នៃ​រដ្ឋសភា។ ទី៣ ប៉ះ​ពាល់​ដល់​សាមគ្គីភាព​ជាតិ ខណៈ​អរិភាព​នយោបាយ​កំពុង​កើត​មាន​នៅ​ឡើយ។ ទី៤​ ប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ច្បាប់ កាល​ណា​អំណាច​រដ្ឋសភា​ធ្លាក់​ចុះ៕

XS
SM
MD
LG