ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ប្រាប់​ឱ្យ​សមា​ជិក​បក្ស«សុំ​សន្លឹក​ឆ្នោត»​ពី​ពលរដ្ឋ និង​​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ចូលរួមធ្វើយុទ្ធនាការឃោសនារបស់គណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ចូលរួមធ្វើយុទ្ធនាការឃោសនារបស់គណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងជាបេក្ខ​ជន​បន្ដ​វេន​ជា​នាយក​រដ្ឋ​មន្ដ្រី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ណែ​នាំ​ឱ្យ​សមាជិក​គណ​បក្សកំណត់ទិស​ដៅ ​«សុំ​សន្លឹក​ឆ្នោត»ពី​ប្រជា​ពល​រដ្ឋ ជា​ពិសេស​យក​មក​ពីអ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង។

​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​១២៥​រូប ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ ត្រូវ​បាន​មើល​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ដោយសារ​អវត្តមាន​គណ​បក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន ម៉ាណែត ដែល​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ ​បាន​បង្ហោះវីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​៤​នាទី​កន្លះ​នៅ​លើ​គណនី​ហ្វេស​ប៊ុករបស់​លោក ដោយ​មាន​សរសេរ​ជា​សារ​ថា​៖«ក្នុង​នាម​ជា​គណ​បក្ស​កាន់​អំណាច​ដែល​មាន​កាតព្វ​កិច្ច​បម្រើ​ប្រជា​ពល​រដ្ឋ ​គណ​បក្ស​ប្រជាជន​កម្ពុជា​គ្មាន​សិទ្ធិ​សម្រាក​ទេ​»។

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​វីដេអូ​ឃ្លី​ប​នោះ​ថា​៖ «​សមា​ជិក​[គណ​បក្ស​ប្រជា​ជន​កម្ពុជា​]​ម្នាក់​ទៅ​ជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក ប៉ុន្តែ​ក្រៅ​ពី​ហ្នឹង​ ​ប្រជា​ពលរដ្ឋ​ផ្សេង​ ដែល​មិន​ទាន់​ចូល​ជា​សមាជិក​បក្ស​ក៏​ដោយ ក៏​ត្រូវ​ដាក់​ទិស​ដៅ​សុំ​សន្លឹក​ឆ្នោត ​[របស់]​គាត់មួយ​សន្លឹក​ឆ្នាំ​២០២៣​នេះ​ដែរ។ នេះ​ជា​កិច្ច​ការ​សំខាន់ គាត់​មួយ​សន្លឹក​ដូច​គ្នា​ កុំ​ឱ្យ​ធ្លាក់​ទៅ​គេ។ គាត់​មិន​ចូល​បក្ស​យើង​ក៏​ដោយ​ ក៏​ប៉ុន្តែ​គាត់​នៅ​កណ្តាល​ក៏​ដោយ ​ស្អី​ក៏​ដោយ​ ហើយ​បើ​យក​កាន់​តែ​ខ្លាំង​ទៀត ​យក​អ្នក​ដែល​ធ្លាប់​ចូល​រួម​គាំទ្រ​ឱ្យ​គេ​នោះ ​យក​មក​បោះ​ឱ្យ​យើង​បន្ថែម​ទៀត ​បើ​ទោះ​បី​ជា​គាត់​ចូល ឬ​មិន​ចូល​ក៏​ដោយ​ ​ព្រោះ​អ្នក​ខ្លះ​អត់​ចូល​ជា​មួយ​យើង​ទេ បង​ប្អូន​ចាំ​មើល​ទៅ​»។

លោក ​ហ៊ុន ​ម៉ាណែត ​ចាត់​ទុក​ថា​ការ​កៀង​គរ​«​សុំ​សន្លឹក​ឆ្នោត»​ពី​ពល​រដ្ឋ និងពី​អ្នកគាំទ្រគណ​បក្ស​ប្រឆាំង​បែប​នេះ នឹ​ង​ធ្វើ​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​។

លោក​ថ្លែង​ថា៖ ​«ហើយ​ហ្នឹង​ ជា​វិធី​សាស្ត្រ​តែមួយ​គត់​ដែល​យើង​ធានា​ [ដែល]​ប្រៀប​ឈ្នះ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ឈ្នះ​ឱ្យ​ស្អាត ឈ្នះ​ឱ្យ​លើស​លប់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹកនាំ​»។

បើ​តាម​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ ចាប់​ពីឆ្នាំ២០​១៨ ​ដល់​២០​២២ ​ក្រុម​ការងារ​ដែល​ដឹក​នាំ​ដោយគណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ចុះជួយ​ប្រជាពល​រដ្ឋ ជាពិសេស​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ ដូច្នេះ​ហើយ​ទើប​គណបក្ស​ទទួល​បាន​ការ​គាំទ្រពី​ប្រជា​ពល​រដ្ឋ​ប្រមាណ​៨០​% នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០​២២​។

បន្ថែម​ពី​នេះ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ដោយ​សារ​តែថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រឆាំង«ឈ្លោះ​តែ​គ្នា»​ ទើប​ធ្វើ​ឱ្យសកម្ម​ជនអស់​ជំនឿ​ និង​បាន​មកចូល​រួម​ជា​មួយ​គណ​បក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា៖ «ការ​ឈ្លោះ​គ្នា​របស់​ថ្នាក់​ដឹកនាំ​[​គណ​បក្ស​ប្រឆាំង]​នោះ ​ធ្វើ​ឱ្យ​ជើង​ក្រោម​របស់​គេ អស់​ក្តី​សង្ឃឹម។ ឥឡូវ​[សមាជិក​គណបក្ស​ប្រឆាំង​]​កាន់​តែ​មក​យើង​ទៀត ដោយ​សារ​គេ​អស់​ក្តី​សង្ឃឹម​ ឈ្លោះ​តែ​គ្នា​ មិន​អាច​ទៅ​មុខ​រួច​ ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​ធ្វើ​អំពើ​ល្អ យើងក៏​ប្រហែល​ជា​មិន​មែន​ជា​ជម្រើស​ដែល​គេ​ចូល​មក​ដែរ»។

កូន​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ​ក៏​បាន​រិះគន់​ថា​គណ​បក្ស​ប្រឆាំងចាំ​តែ​ចាប់​កំហុសគណ​បក្ស​កាន់​អំណាច ​ដើម្បី​កេង​ចំណេញ​អ្វី​មួយ ​ដូច​ករណី​រិះគន់​ទឹក​ភ្លៀង​ជន់​លិច​រាជ​ធានី​ភ្នំពេញ​។​

លោក រ៉ុង ឈុន ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ថាការ​ចុះ​ចូល​របស់​សកម្ម ជន​មួយ​ចំនួន​ជាមួយ​គណ​បក្សកាន់​អំណាច ដោយ​សារ​តែ​រង​សម្ពាធ​។

​លោក​ថ្លែង​ថា៖ «ទាក់​ទង​ទៅ​នឹង​សកម្មជន​គណ​បក្ស​ភ្លើង​ទៀន​ចុះ​ចូល​ជាមួយ​គណ​បក្ស​កាន់​អំណាច ​វា​ទាក់​ទង​ទៅ​នឹងរឿង​ច្រើន។ ទីមួយ​ទាក់​ទងសម្ពាធ​ ទីពីរ​មាន​ការ​អូស​ទាញ បំភិត​បំភ័យ​ ទីបី សម្ពាធ​ខាង​មុខ​របរ​ ក៏​ដូច​ជា​កន្លែង​ការងារ​ក្តី អាហ្នឹង​គឺ​ជា​រូបភាព​ ដែល​ធ្វើ​ឱ្យ​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន ទៅ​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​»។

​លោក រ៉ុង ឈុន បន្ថែម​ថា​បើ​សិន​គណ​បក្ស​កាន់​អំណាច​ចង់​ដឹងថា​គណ​បក្ស​ភ្លើង​ទៀន​ទទួល​បាន​ការ​គាំទ្រ​ពី​ពល​រដ្ឋកម្រិត​ណា​នោះ គណបក្ស​ប្រជាជន​កម្ពុជា​គួរ​តែ​បើកភ្លើង​ខៀវ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​អាច​ចូល​រួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ។

បើ​តាម​លោក រ៉ុង ឈុន ​គណ​បក្ស​ប្រឆាំង​មិន​មាន​អំណាច​ក្នុង​ការដឹក​នាំ និង​អភិ​វឌ្ឍ​ប្រទេស​ ដូច​គណ​បក្ស​កាន់​អំណាច​ទេ ​ព្រោះ​គម្រោង​ថវិកា​ជាតិ​ និង​ជំនួយ​ផ្សេងៗ​ស្ថិត​នៅ​ក្រោម​ការអនុ​វត្ត​របស់​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់។ លោក​បន្ត​ថាគណ​បក្ស​ប្រឆាំង​មាន​តួនាទីឃ្លាំមើលនិង​ចង្អុល​បង្ហាញ​នូវ​ភាព​អសកម្ម​របស់​រដ្ឋា​ភិបាល ​ដើម្បី​ឱ្យ​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្សឈ្នះ​ឆ្នោត​អាចបំពេញ​បន្ថែម។

គួរ​បញ្ជាក់​ថា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជានៅ​ទូទាំង​ប្រទេស​កំពុង​សម្រុក​បង្រៀន​ប្រជា​ពល​រដ្ឋ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​គាំទ្រ​គណ​បក្ស​កាន់​អំណាច​។ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ដោយ​សម្ងាត់​៕

XS
SM
MD
LG