ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋមួយចំនួននៅភ្នំពេញបង្ហាញក្តីសង្ឃឹម ក្រោយលោក ចូ បៃដិន ត្រូវ​ព្យាករណ៍​ថា​ឈ្នះការ​បោះឆ្នោត


ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ញញឹមដាក់អ្នកគាំទ្រ ក្នុងពេលថ្លែងសុន្ទរកថានៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ពលរដ្ឋ​កម្ពុជា​មួយ​ចំនួននៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ ឈ្នះ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក ហើយ​ពួកគេ​សង្ឃឹម​ថា​ លោក​នឹង​គិត​គូរ​ប្រយោជន៍​ប្រជាពលរដ្ឋ​ច្រើន។

កញ្ញា ហៀង​ ស៊ាកលីម​ អាយុ​ ២១​ ឆ្នាំ​ ជា​និស្សិត​ផ្នែក​ធនា​គារ​ឆ្នាំ​ទី៤​នៅ​សាកលវិទ្យាល័យ​មួយ​ ក្នុង​ទីក្រុង​ភ្នំពេញ​និយាយ​ថា​ លោក​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ (Donald Trump) ជា​អតីត​អ្នក​ជំនួញ ដូច្នេះ​ហើយ​លោកមិន​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ទេ។

«គាត់​អត់​ធ្លាប់​ដើរ​លើ​វិស័យ​រដ្ឋា[ភិបាល] នយោបាយ​ទេ។ គាត់​លក្ខណៈ​គាត់​ដូច​ជា​អ្នក​វិនិយោគ​ហ្នឹងមួយ​អ៊ីចឹង។ អ៊ីចឹង​អ្វីដែល​គាត់​ធ្វើ​ គាត់​គិត​គិត​ដល់​ចំណុច​ខ្ពស់​ គិត​ដល់​ទាក់​ទង​នឹង​ការ​វិនិយោគ។ អ៊ីចឹង​ហើយ​បើ​យើង​និយាយ​ទៅ​ ប្រជា​ពលរដ្ឋ​ខ្លះ​គាត់​អត់​យល់​ដឹង​ពី​ចំណុច​ហ្នឹង​ទេ»។

កញ្ញា​បាន​បង្ហាញ​ភាព​ពេញ​ចិត្ត ពេលលោក ​បៃដិន​ឈ្នះ​ការ​បោះឆ្នោត​ហើយ​ថា​លោក​ បៃដិន ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រធានាធិបតីមុនៗ ក្នុង​នោះ​មាន​លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា (Barack Obama) និង​ប្រធានាធិបតី ប៊ិល គ្លីន​តុន​ (Bill Clinton)។

និស្សិត​រូប​នេះនិយាយ​ថា៖ «ខ្ញុំ​យល់​ថា ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ជាង​ត្រាំ»។

កញ្ញា​យល់​ថា លោក​ បៃដិន​ ជា​អ្នក​នយោបាយ​ដែល​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ផល​ប្រយោជន៍​និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

«បើ​តាម​ខ្ញុំ​មើល ​ខ្ញុំ​គិត​ថា​ មនុស្ស​គាត់​មើល​ទៅ​ដូច​ stick [ផ្តោត​ទៅ​លើ]​ប្រជាពលរដ្ឋ។ អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា​ គាត់​អាច​អនុវត្ត​ឬ​ក៏​លើក​តម្កើង​នៅ​ក្នុង​ការណ៍​ដែល​ចង់​និយាយ​ថា​ ប្រជាជន​មាន​សិទ្ធិ​មាន​សិទ្ធិ​ច្រើន​អ៊ីចឹងណ៎ា»។

លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២១ ហើយ​នឹង​ក្លាយ​ប្រជាធិបតី​ទី​ ៤៦ ​របស់​អាមេរិក​។ លោក​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដែល​មាន​វ័យ​ចាស់ជាង​គេ​បំផុត គឺ​អាយុ​៧៨​ឆ្នាំ។

លោក បៃដិន ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ​សហ​រដ្ឋ​អាមេរិកមើលឃើញថា​ នឹង​ធ្វើកិច្ចការ​សំខាន់​ៗ​មួយ​ចំនួននៅ​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ផ្លូវការ។ កិច្ច​ការ​ស្នូល​ទាំង​នោះ​ រួម​មាន​ការ​ពិចារណា​បញ្ចូល​សហ​រដ្ឋ​អាមេរិក​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ការ​ចុះ​ព្រមព្រៀង​ឡើង​វិញ​សន្ធិសញ្ញា​ស្តី​ពីការ​ប្រែប្រួលអាកាស​ធាតុ​ទីក្រុង​ប៉ារីស ដែល​លោក ដូណាល់ ត្រាំ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ។

ការ​ឈ្នះ​ឆ្នោត​របស់​លោក​ បៃដិន ​ក៏អាចនឹង​មាន​ឥទ្ធិ​ពល​ខ្លះៗ​ដែរ​មក​លើ​ប្រទេស​កម្ពុជា ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួននៅ​ភ្នំពេញ ដែល​វីអូអេ​បាន​សម្ភាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ពលករ​ចំណាក​ស្រុក​ម្នាក់ ដែល​កំពុង​ព្យាយាម​ដាក់​ពាក្យ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​មួយក្នុង​តំបន់​អាស៊ី គឺ​លោក​ ប៊ុន ថង​ រំពឹង​ថា​ រដ្ឋបាល​របស់​លោក​ បៃដិន ​អាច​គិតគូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សំឡេង​គណបក្ស​ប្រឆាំង​សំខាន់​មួយ​ ដែល​ត្រូវ​រំលាយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ពលករ​វ័យ​ ៣៧ ​ឆ្នាំ​រូប​នេះ​និយាយ​ថា​ លោក​ចង់​ឃើញ​មាន​ការ​ប្រកួត​ប្រជែង​ ដែល​មាន​អតីត​គណបក្ស​ជំទាស់​នៅ​ប្រទេស​កម្ពុជា​៖ «ចង់​ឲ្យ​មាន​តើ ដើម្បីមាន​ការ​ប្រកួត​ប្រជែង»។

រូបឯកសារ៖ រូបប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅលើអេក្រង់ដ៏ធំមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ រូបប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅលើអេក្រង់ដ៏ធំមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

លោក​ ឱក សេរីសោភក្តិ៍ អ្នក​ឯក​ទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​នៅ​កម្ពុជា បាន​បង្ហាញ​ការ​សាទរ​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក បៃ​ដិន។ លោក​អធិប្បាយ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ថា​ លោក​មិន​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ពី​គោល​នយោ​បាយ​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទេ​ ឬ​ក៏​ប្រហែល​ជា​រដ្ឋបាល​ថ្មី​អាច​មាន​ការ​ប្រឈម​មុខ​តិច​ជាង​មុន​ជា​មួយប្រទេស​ចិន ធៀប​នឹង​រដ្ឋបាល​មុន។

លោក​ Paul Chambers​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan​ ក្នុង​ប្រទេស​ថៃ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា លោក​ បៃដិន ​នឹង​ព្យា​យាម​ធ្វើ​ឲ្យ​មាន​តុល្យ​ការ​ផល​ប្រយោជន៍​ភូមិ​សាស្ត្រ​នយោបាយ​ជាមួយ​តម្លៃ​សិទ្ធិ​មនុស្ស។

លោក​បាន​អធិប្បាយ​បន្ថែមថា៖ «ខ្ញុំ​គិត​ថា​លោក ​បៃដិន ​នឹង​មិន​បង្ខំ​ខ្លាំង​ទេ​លើ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​ដូច​អ្វី​ដែល​លោក ​អូបាម៉ា បាន​ធ្វើប៉ុន្តែ​លោក​អាច​បង្ខំ​ខ្លាំង​លើ​កិច្ច​ការ​នេះជាង​លោក​ ដូណា​ល់​ ត្រាំ។ លោក ​បៃ​ដិន​ នឹង​រក្សា​ជំហរ​របស់​ ត្រាំ ជំទាស់​នឹង​ប្រទេស​ចិន​ដោយ​មើល​ទៅ​លើ​សង្គ្រាម​ត្រជាក់​រវាង​ចិន​និង​អាមេរិក​ ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

ទោះ​បី​មាន​មតិ​រិះគន់នឹង​ការ​ដឹកនាំ​របស់​លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ក៏​មា​នពលរដ្ឋ​ខ្មែរ​ខ្លះ​លើក​ឡើង​ថា​ លោក​ ត្រាំ​ បាន​ខិត​ខំ​ធ្វើ​ឲ្យ​អាមេរិក​កា្លយ​ជា​ប្រទេស​ខ្លាំង​មួយ​ខាង​សេដ្ឋកិច្ច។

និស្សិត​ឆ្នាំ​ទី ៤ ​ផ្នែក​គីមី​និង​ចំណី​អាហារ​ លោក ហៃ គីម​លាំង​ អាយុ​ ២0 ឆ្នាំ​ និយាយ​ថា​ លោក​ពេញ​ចិត្ត​លោក ត្រាំ ដែល​លោក​ថា​គិត​គូរ​ពី​ប្រទេស​លោក​ជាង​ប្រទេស​ផ្សេង​ៗ​ទៀត។

លោក​និយាយ​ថា៖ «សម្រាប់​មតិ​ខ្ញុំ​ផ្ទាល់​ហ្មង​ខ្ញុំ​គិត ខ្ញុំ​ចូល​ចិត្ត​ត្រាំ​ព្រោះ​គាត់​គិតលើ​ប្រទេស​(របស់)គាត់​ផ្ទាល់​ខ្លួន...»។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ផង លោក​ សុខ ឥសាន មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​អាច​វាយ​ត​ម្លៃ​បាន​ទេ​នៅ​ពេល​នេះ​ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​របស់​លោក​ បៃដិន។

​ប៉ុន្តែ​ លោក​ថា ន​យោ​បាយ​ការ​បរទេស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នោះ​ «ធូរ​ស្រាល» ជាង​លោក​ដូណាល់ ត្រាំ​ ដោយ​លោក ត្រាំ​ ប្រកាន់​យក​នយោបាយ​« ជាតិ​និយម​ជ្រុល» គឺ«America First» ដែល​លោក​សុខ ឥសាន ​យល់​ថា​ គិត​ផល​ប្រយោជន៍​អាមេរិក​ធំ​ជាង​ផល​ប្រយោជន៍​ពិភព​លោក​និង​សម្ព័ន្ធមិត្ត។

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ កម្ពុជា​មិនទាន់មាន​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​ណា​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាករណ៍​ឈ្នះ​ការបោះ​ឆ្នោតរបស់​លោក​ បៃដិន នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ទាន់​ឃើញ​មាន​ការ​អធិប្បាយ​ណា​មួយ​ជុំវិញ​ជ័យ​ជម្នះ​របស់​លោក បៃដិន​ ដែរ។

ប៉ុន្តែ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា បើ​លោក​ស្រី ហ៊ីលឡារី គ្លីនតុន ដែល​កាល​នោះ​ជា​ដៃគូ​ប្រជែង​ជាមួយ​លោក ​ដូណាល់ ត្រាំ​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក នោះ​ពិភព​លោក​«អាច​នឹង​មាន​សង្គ្រាម»។ លោក​បង្ហាញ​នៅ​គ្រា​នោះ​ថា​លោក​ចង់​ឲ្យ​លោក ​ដូណាល់ ត្រាំ​ ជាប់​ឆ្នោត។

នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ ពេល​ដឹង​ថា​ លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ​លោក ​បៃដិន​បាន​ប្រាប់​ទៅ​គូ​ប្រកួត​របស់លោក​ថា៖ «យើង​អាច​ជា​គូ​ជំទាស់​នឹង​គ្នា​ ប៉ុន្តែ​យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ។ យើង​គឺ​ជា​ពល​រដ្ឋ​អាមេរិកាំង»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG