ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសសូម៉ាលី បង្កឱ្យមានមន្ទិលសង្ស័យបន្ទាប់ពីបេក្ខជនប្រឆាំង បានចោទប្រកាន់ប្រធានាធិបតីកំពុងកាន់តំណែង គឺលោក Mohamed Abdullahi Farmaajo ថា បានដាក់មនុស្សរបស់លោកទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលនឹងរៀបចំការបោះឆ្នោតបឋមដ៏សំខាន់មួយ។ ក្រុមប្រឆាំងមិនទទួលស្គាល់គណៈកម្មាធិការនេះ និងបានបង្កើតគណៈកម្មាធិការដូចគ្នានេះមួយទៀតដោយខ្លួនឯង ដែលនឹងធ្វើឱ្យមានការពន្យារពេលការបោះឆ្នោត និងមានក្តីបារម្ភពីអន្តរជាតិ។
មានបេក្ខជនជាង១០រូបនៅក្នុងការបោះឆ្នោតប្រធានាធិបតីដោយអសកលនៅប្រទេសសូម៉ាលី។ នៅក្នុងការបោះឆ្នោតនេះ បក្សសម្ព័ន្ធធំៗចំនួន៤ និងក្រុមសម្ព័ន្ធជនជាតិភាគតិចផ្សេងទៀតជ្រើសរើសសមាជិកសភាដែលនឹងសម្រេចលើជ្រើសរើសប្រមុខរដ្ឋរបស់ប្រទេសនេះនៅពេលខាងមុខ។
ក្រុមប្រឆាំងបានចោទប្រកាន់ថា លោកប្រធានាធិបតី Mohamed Abdullahi Faramaajo បំពានច្បាប់បោះឆ្នោតដោយដាក់បញ្ចូលសុទ្ធតែសម្ព័ន្ធរបស់លោកទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត។ គណៈកម្មាធិការនេះសម្របសម្រួលការបោះឆ្នោតសភានៅមុនពេលបោះឆ្នោតប្រធានាធិបតី។
លោក Abdirahman Abdishakur បេក្ខជនប្រឆាំងម្នាក់ក្នុងចំណោមបេក្ខជនប្រឆាំងសំខាន់ៗបានប្រាប់ VOA ថា លោកប្រធានាធិបតីបានដាក់សមាជិកនៃទីភា្នក់ងារស៊ើបការណ៍ថ្នាក់ជាតិ (NISA) ទៅក្នុងគណៈកម្មាធិការនេះ។
លោក Abdirahman Abdishakur បេក្ខជនប្រធានាធិបតីបានថ្លែងថា៖ «ក្តីបារម្ភរបស់យើងគឺថាតើគណៈកម្មាធិការនេះត្រូវបង្កើតឡើងដោយរបៀបណា ហើយយើងមានសមាជិកមួយចំនួន ឬសមាជិកភាគច្រើនមកពីទីភ្នាក់ងារ ស៊ើបការណ៍ថ្នាក់ជាតិ ហើយសមាជិកមួយចំនួនជាមន្ត្រីផ្តល់សេវាសាធារណៈ ហើយនឹង សមាជិកមួយចំនួនត្រូវបានគេដឹងថា ជាអ្នកគាំទ្រលោកប្រធានាធិបតីបច្ចុប្បន្នគឺលោក Faramaajo»។
សហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកបានលើកឡើងនូវក្តីបារម្ភអំពីការជាប់គាំងនយោបាយនៅក្នុងប្រទេសដែលកំពុងតែប្រឈមមុខនឹងការគំរាមកំហែងពីក្រុមប្រដាប់អាវុធ al-Shabab រួចទៅហើយនោះ។
លោកឯកអគ្គរដ្ឋទូត Donald Yamamoto ស.រ.អា.នៅប្រទេសសូម៉ាលីបានព្រមានក្រុមប្រឆាំងអំពីការបំផ្លាញដំណើរការបោះឆ្នោត។
លោក បានថ្លែងថា៖ «ក្រុមប្រឆាំងត្រូវអះអាងឡើងវិញថា នឹងមិនមានដំណើរការដូចគ្នាមិនមានការពន្យារពេល មិនមានការកែប្រែកិច្ចព្រមព្រៀងមូលមតិគ្នាកាលពីថ្ងៃទី១៧ ខែកញ្ញានោះទេ។ សហរដ្ឋអាមេរិក និងសហគមន៍ម្ចាស់ជំនួយ និងដៃគូនានាមានការបារម្ភអំពីភាពទ័លច្រកនៃការបោះឆ្នោតនេះ»។
ការប្រកាសថ្មីៗរបស់សហរដ្ឋអាមេរិកថាខ្លួននឹងដកទាហានសហរដ្ឋអាមេរិកចំនួន ៧០០ នាក់ដែលជួយទីភ្នាក់ងារសន្តិសុខប្រទេសសូម៉ាលីប្រយុទ្ធជាមួយនឹងក្រុម al-Shabab នោះ ធ្វើឱ្យស្ថិរភាពដែលផុយស្រួលរួចទៅហើយរបស់សូម៉ាលីកាន់តែមានការគំរាមកំហែងបន្ថែមទៀត។
លោក Abdirashid Hashi អ្នកវិភាគនៅ Heritage Institute for Policy Studies មានន័យថា វិទ្យាស្ថានកេរដំណែលសម្រាប់ការសិក្សាគោលនយោបាយ បាននិយាយថារដ្ឋាភិបាលសូម៉ាលីត្រូវបង្ហាញពីភាពជាអ្នកដឹកនាំខ្លាំងជាងមុន។
លោក Abdirashid Hashi បានថ្លែងថា៖ «ពួកគេត្រូវទទួលខុសត្រូវចំពោះសន្តិសុខ សុខុមាលភាព និងស្ថិរភាពនយោបាយរបស់ប្រទេសនេះ ហើយពួកគេគ្រាន់តែត្រូវសហការជាមួយនឹងសហការីរបស់ពួកគេប៉ុណ្ណោះ។ មនុស្សដែលពួកគេកំពុងឈ្លោះប្រកែកជាមួយគឺជាមេដឹកនាំពីមុនរបស់ពួកគេពោលគឺ អតីតប្រធានាធិបតីជាអ្នកដឹកនាំក្រុមប្រឆាំង»។
ពលរដ្ឋដូចជានិស្សិតឈ្មោះ Shafi Yusuf សង្ឃឹមថា នឹងមានការបោះឆ្នោតដោយសន្តិភាព ដែលលទ្ធផលនឹងត្រូវភាគីទាំងអស់នៅក្នុងការប្រកួតប្រជែងទទួលយកបាន។
លោក Shafi Yusuf និយាយថា យើងត្រូវការការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលលទ្ធផលត្រូវបានពលរដ្ឋទាំងអស់ទទួលយក ដូចជាដំណើរការបោះឆ្នោតដែលមានតម្លាភាពពីមុនៗ ដែលអ្នកឈ្នះត្រូវបានគាំទ្រដោយអង្គនយោបាយទាំងមូល។
នាយករដ្ឋមន្ត្រីសូម៉ាលី លោក Mohamed Hussein Roble សន្យាថា រដ្ឋបាលរបស់លោកនឹងដោះស្រាយក្តីបារម្ភទាំងអស់ដែលលើកឡើងអំពីការបោះឆ្នោត ដែលត្រូវបានកំណត់ធ្វើនៅខែកុម្ភៈខាងមុខនេះ៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ