ក្រុមអង្គការដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group) និយាយថា ប្រទេសសូម៉ាលីកំពុងមានភាពយឺតយ៉ាវនៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតប្រធានាធិបតី។
អង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែលមួយនេះ និយាយថា ដំណើរការបោះឆ្នោតត្រូវបានគំរាមកំហែងដោយការខ្វែងគំនិតគ្នា និងកង្វះយន្តការ ក្នុងការដោះស្រាយជម្លោះលទ្ធផលបោះឆ្នោត។ ប្រទេសសូម៉ាលីកំពុងស្នើឲ្យមានការពន្យារអាណត្តិ ដើម្បីជៀសវាងជម្លោះនយោបាយ។
ផែនការរបស់រដ្ឋាភិបាលសូម៉ាលី ដើម្បីរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ខាងមុខកំពុងប្រឈមនឹងការប្រឆាំងពីក្រុមជំទាស់ ដែលមិនសប្បាយចិត្តចំពោះជម្រើសដែលតំណាងឲ្យក្រុមរបស់ខ្លួន កាលពីពេលបោះឆ្នោតនៅជុំទី ១។
ប្រទេសសូម៉ាលីរៀបចំការបោះឆ្នោតដោយប្រយោល ដែលបក្សសម្ព័ន្ធនីមួយៗត្រូវជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោតពិសេស។ បន្ទាប់មកសមាជិកសភាចំនួន ២៧៥ រូប និងសមាជិកព្រឹទ្ធសភាចំនួន ៥៩ រូប បោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោក Omar Mahmood អ្នកវិភាគជនជាតិសូម៉ាលីម្នាក់នៃអង្គការដោះស្រាយវិបត្តិអន្តរជាតិ និយាយថា ការខ្វែងគំនិតគ្នានេះអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
លោក Omar បានថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា វានឹងមានការពិបាកបន្តិចជាមួយនឹងពេលវេលានៃការបោះឆ្នោត។ យើងបានឃើញរួចហើយនូវការខកខានដំណើរការខ្លះៗ ដូចជាបញ្ហានៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោត សហព័ន្ធការជ្រើសរើសឈ្មោះ ដែលបានធ្វើឡើងតែពីរបីសប្តាហ៍ដោយមិនបានគ្រោងទុក ស្ថានភាពនៃគណៈកម្មការរៀបចំការបោះឆ្នោតនៅមិនទាន់មានការសម្រេច ហើយយើងក៏ឃើញជម្លោះមួយចំនួនពាក់ព័ន្ធនឹងឈ្មោះ ដែលត្រូវបានប្រកាសដែលធ្វើឲ្យក្រុមប្រឆាំងចេញមុខតវ៉ាដូចនេះ»។
បញ្ហាផ្សេងទៀតគឺសមាសភាពរបស់គណៈកម្មាធិការ ដែលបានស្នើឡើងដើម្បីដោះស្រាយជម្លោះនយោបាយ។ រដ្ឋាភិបាលកណ្តាលនិងសមាជិករដ្ឋសហព័ន្ធសូម៉ាលីបានយល់ព្រមជ្រើសតាំងគណៈកម្មាធិការជាមួយគ្នា។ ប៉ុន្តែ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ ដោយបេក្ខជនប្រធានាធិបតីទាំង ១២ រូប បានបង្ហាញបញ្ជីនោះ មានសុទ្ធតែសមាជិកដែលមកពីក្រុមស៊ើបការសម្ងាត់ និងជនស៊ីវិលមួយចំនួន។
តាមរយៈសារមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ឧបនាយករដ្ឋមន្ត្រីសូម៉ាលីលោក Mahdi Gulaid បាននិយាយថា សេចក្តីថ្លែងការណ៍ដែលមិនទទួលស្គាល់បេក្ខជនដែលជ្រើសតាំងដោយរដ្ឋាភិបាលនោះ គឺគួរឲ្យភ្ញាក់ផ្អើល ហើយលោកយល់ឃើញថា បេក្ខជនប្រធានាធិបតី ខ្វះភាពជឿជាក់ និង «អស់សង្ឃឹម»។
លោក Abdi Ali Hassan សមាជិកម្នាក់នៃសភាសូម៉ាលីបច្ចុប្បន្នបានបន្ទោសទម្រង់នៃការបោះឆ្នោត ដែលត្រូវបានព្រមព្រៀងដោយមេដឹកនាំនានានេះថា ជាឧបសគ្គនៃវឌ្ឍនភាពរបស់ប្រទេស។
លោកនិយាយថា ការបោះឆ្នោតដោយប្រយោលនេះពោរពេញដោយអំពើពុករលួយល្បែងស្តីបន្ទោសគ្នាទៅវិញទៅមក បក្ខពួកនិយមហើយក្រុមភេរវកម្មប្រហែលជាមានចំណែកក្នុងនោះផងដែរ។
«ខ្ញុំតែងតែគាំទ្រការបោះឆ្នោតដោយផ្ទាល់ គឺមនុស្សម្នាក់សំឡេងឆ្នោតមួយ ហើយហេតុផលដែលខ្ញុំជំទាស់នឹងការបោះឆ្នោតដោយប្រយោលនេះ ដូចខ្ញុំបានពន្យល់រួចហើយ។ អ្នកដែលចង់បានការបោះឆ្នោតដោយប្រយោល គឺដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។ យើងបានយល់ព្រមនឹងគំនិតនោះ។ ខ្ញុំនឹងមិនគាំទ្រការបោះឆ្នោតដោយប្រយោលណាទៀតនោះឡើយ»។
លោក Mahmood និយាយថា បើសិនជាកាលបរិចេ្ឆទមិនអាចធ្វើទៅបាន ដូច្នេះមេដឹកនាំប្រទេសសូម៉ាលីគួរតែព្រមព្រៀងលើការពន្យារពេលពីរបីខែក្នុងអាណត្តិកាន់អំណាចរបស់ពួកគេ ដើម្បីអនុញ្ញាតឲ្យមានពេលវេលាបន្ថែម ដើម្បីរៀបចំការបោះឆ្នោតគួរឲ្យទុកចិត្តមួយ។
លោក Mahmood បានថ្លែងបន្តថា៖ «នៅចុងបញ្ចប់ នោះគ្រាន់តែជម្រើសដែលយើងផ្តល់ឲ្យប៉ុណ្ណោះ ប៉ុន្តែវាត្រូវតែមានការមូលមតិគ្នា ហើយវិធីសាស្ត្រតែមួយគត់ដែលអ្នកអាចទទួលបានការសម្រេចចិត្តបែបមូលមតិមួយនោះ គឺទី ១ ត្រូវមានការកំណត់ពេលនៃអាណត្តិ ហើយទី ២ គឺផ្តោតខ្លាំងលើព័ត៌មានលម្អិតបច្ចេកទេស ហើយត្រូវធានាថា ការងារមួយចំនួនត្រូវបានសម្រេចរួចរាល់។ ដូច្នេះខ្ញុំគិតថាសហគមន៍អន្តរជាតិនិងអ្នកឯទៀត មានពេលដើម្បីស្វែងយល់ពីវិធីនេះបាន។ ហើយទីបញ្ចប់ វានឹងនៅតែស្ថិតលើសា្ថប័នពាក់ព័ន្ធក្នុងប្រទេសសូម៉ាលីខ្លួនឯងផ្ទាល់»។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែលកត់សម្គាល់ថា អ្នកនយោបាយសូម៉ាលីទទួលយកការកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ ពាក់ព័ន្ធនឹងពេលវេលាកំណត់នៃការបោះឆ្នោត៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ