អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចផងនោះ រៀបរាប់កេរដំណែលរបស់ លោក ហ៊ុន សែន មានដូចជាការភៀសខ្លួនទៅពឹងពាក់កងទ័ពវៀតណាមមកវាយរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ រួមចំណែកក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដោយដឹកនាំភាគីរដ្ឋកម្ពុជាចរចាជាមួយភាគីរដ្ឋាភិបាលចម្រុះដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុនៃចលនាតស៊ូប្រឆាំងការឈ្លានពានរបស់វៀតណាមជាដើម។
លោក សុខ ឥសាន ថ្លែងថា៖ «កេរដំណែលរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមមេដឹកនាំគណបក្សប្រជាជនកម្ពុជាមានច្រើនឥតគណនា ហើយមានតម្លៃមិនអាចកាត់ថ្លៃបាន»។
លោកក៏សរសើរថា ផែនការក៥ និងការផ្ទុះអាវុធថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ក៏ជាកេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។
លោកបន្ថែមថា៖ «ក្នុងឆ្នាំ១៩៨៤-៨៥ គឺពួកខ្មែរក្រហមមានមហិច្ឆិតាមានបំណងវិលត្រឡប់មកកាប់ស្លាប់ប្រជាជនជាថ្មី អ៊ីចឹងទេ សម្តេចនិងក្រុមមេដឹកនាំគណបក្សប្រជាជនបានបង្កើតនូវផែនការក៥ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍»។
ការលើកឡើងរបស់ លោក សុខ ឥសាន ធ្វើឡើងក្រោយពីគណបក្សកាន់អំណាចនេះបានឈ្នះបានអាសនៈ១២០ ដោយគ្មានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតឆ្នាំ ២០២៣។
ស្របពេលគណបក្សប្រជាជនកម្ពុជាមានអំណាចពេញដៃនោះ សំឡេងរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីក៏ថយចុះដែរ តួយ៉ាងផែនការក៥ ដែលធ្លាប់មានការរិះគន់ថា បានបំផ្លាញព្រៃឈើកម្ពុជា ពលកររងគ្រោះថ្នាក់ដោយសារមីន ការវាយប្រយុទ្ធគ្នា និងការផ្ទុះអាវុធដែលភាគី លោក ហ៊ុន សែន សហនាយករដ្ឋមន្ត្រីទី២ ហៅថ ព្រឹត្តិការណ៍ថ្ងៃ៥-៦ខែកក្កដាឆ្នាំ១៩៩៧ ខណៈអ្នករិះគន់ និងភាគីសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ កាលណោះហៅថា រដ្ឋប្រហារ។
មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ចាត់ក្រុមខ្មែរក្រហម និងមានសន្តិភាព ប៉ុន្តែចង់ឱ្យមានសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវចិត្ត ស្តារសេរីភាពបញ្ចេញមតិ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រមទាំងធ្វើឱ្យប្រព័ន្ធអប់រំ សុខាភិបាល សេវាសង្គមជាច្រើនទៀតបានប្រសើរឡើង រួមមានសិទ្ធិកាន់កាប់ដីឆ្លីដែលមានជម្លោះច្រើន និងបំបាត់ផ្នត់គំនិតលាបពណ៌គ្នា។
អ្នកស្រី ចក់ សុភាព ដែលជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា៖ «កម្ពុជាយើងបានរក្សាស្ថានភាពមួយគេហៅថា អវត្តមាននៃសង្គ្រាម ដែលយើងធ្លាប់ឆ្លងកាត់។ ប្រជាពលរដ្ឋជំនាន់មុនៗ គាត់ធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍អីជាដើម ហើយដោយសារមានការចូលរួមចំណែកក្នុងការរំដោះប្រទេសអីជាដើម។ អ៊ីចឹងហ្នឹងជាចំណុចមួយដែលយើងត្រូវតែទទួលស្គាល់ទាំងអស់គ្នា»។
ខណៈអ្នកស្រី ចក់ សុភាព ទទួលស្គាល់សមិទ្ធផលមួយចំនួនរបស់លោកនាយករដ្ឋមន្ត្រីនោះ អ្នកស្រីថា លោក ហ៊ុន សែន ខកខានរៀបចំការដឹកនាំប្រទេសជាលក្ខណៈប្រព័ន្ធ ព្រោះឃើញថា កិច្ចការទាំងតូចទាំងធំលោកជាអ្នកសម្រេច។
អ្នកស្រីលើកឡើងទៀតថា៖ «ខ្ញុំយល់ថា អ្វីដែលអាចថា ភាពខកខាតរបស់ថ្នាក់ដឹកនាំយើងកន្លងមកនេះគឺការពង្រឹងនូវស្ថាប័នមួយឱ្យមានភាពរឹងមាំដែលអាចធ្វើការសម្រេចចិត្តអាស្រ័យទៅលើគោលការណ៍ជាជាងការពឹងផ្អែកទៅលើបទបញ្ជារបស់បុគ្គល»។
ថ្លែងអំពីកេរដំណែលនៃការដឹកនាំប្រទេស លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនក៏បញ្ចេញយោបល់ដោយប្រយ័ត្នប្រយែងថា ក្នុងពិភពលោកមិនមានមេដឹកនាំដែលប្រជាជនគាំទ្ រ១០០%ទេ។
លោកប្រាប់វីអូអេថា៖ «ធម្មតាការគ្រប់គ្រងប្រទេសវាតែងតែមានស្នាដៃរវាងការពេញចិត្ត និងការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែយើងឃើញថា ក្នុងប្រទេសកម្ពុជាយើង ពីដំណាក់កាលមួយទៅដំណាក់កាលមួយទទួលរងគ្រោះពីការរិះគន់ធ្ងន់ធ្ងរណាស់ពីសហគមន៍អន្តរជាតិ ហើយនឹងប្រជាពលរដ្ឋខ្លះក៏លោកមិនសប្បាយចិត្តទៅលើការដឹកនាំមួយចំនួនដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហមមួយរូប បានស្ថិតក្នុងអំណាចជាង ៤ទសវត្សរ៍ និងបានទទួលរងការរិះគន់ចំពោះការប្រើប្រាស់កណ្តាប់ដៃដែកបង្រ្កាបគូប្រជែងនយោបាយ ការរឹតត្បិតសេរីភាពអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
កាលពីចុងខែកក្កដា លោកហ៊ុន សែន បានប្រកាសថា លោកនឹងលែងធ្វើជានាយករដ្ឋមន្រ្តីតទៅទៀតហើយ ដោយឱ្យកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនសម្រាប់ពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទទួលតំណែងនេះជំនួស ចាប់ពីខែសីហានេះ។
វីអូអេបានព្យាយាមសាកសួរមតិយុវជនមួយចំនួនអំពីកេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែពួកគេបានបដិសេធមិនផ្តល់សម្ភាសន៍។
ត្រង់ចំណុចនេះ លោក សុន ឆ័យ ស្នើថា៖«នេះជាយោបល់ខ្ញុំទេណា៎ មិនដឹងខុស ឬត្រូវទេ! ប៉ុន្តែខ្ញុំមិនជឿថា យើងអាចទៅបង្ខំឱ្យប្រជារាស្ត្រស្រឡាញ់យើង១០០%។ អត់មានទេ ក្នុងពិភាពលោកអត់មានទេ គ្រាន់តែគ្នានិយាយបាន ឬមិនបាន។ ហើយដល់យើងចេះតែមានយុទ្ធសាស្ត្រមិនឱ្យគ្នាមានមតិ មនុស្សគេមិនពេញចិត្ត គេអត់និយាយទេ។ គេទុកក្នុងចិត្តគេ។ អានោះពិបាកគ្រប់គ្រងទៅវិញទេ។ ដូច្នេះយើងត្រូវបើកចំហសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការចូលរួមនយោបាយឱ្យបានប្រសើរឡើង»។
វីអូអេត្រូវបានសន្តិសុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្នើឱ្យចេញពីបរិវេណសាកលវិទ្យាល័យ កាលពីថ្ងៃពុធ ហើយនិស្សិតនៅទីនោះប្រាប់វីអូអេថា ពួកគេត្រូវហាមមិនឱ្យផ្តល់បទសម្តាសន៍ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលសាកលវិទ្យាល័យ។
ការហាមប្រាមនេះកើតមានក្រោយពីវីអូអេបានសម្ភាសនិស្សិតមួយចំនួនមុនការបោះឆ្នោត។
និស្សិតដែលវីអូអបានសម្ភាសកាលណោះ គ្រាន់តែលើកសំណូមពរទៅរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា ក្នុងដំណាក់កាលសន្តិភាព រដ្ឋាភិបាលជំនាន់ក្រោយអាចផ្តោតលើវិស័យសេដ្ឋកិច្ច។
មន្ត្រីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី មានជំនឿថា រដ្ឋាភិបាលឈាមថ្មីដឹកនាំដោយ លោក ហ៊ុន មាណែត អាចជំរុញសេដ្ឋកិច្ច ជាពិសេសនៅខេត្តព្រះសីហនុដែលអ្នកវិនិយោគទុកអគារចោលដុះស្លែ។
អ្នកស្រីថ្លែងថា៖ «យើងក៏សប្បាយចិត្តដែរ ព្រោះឯកឧត្តម ហ៊ុន មាណែត លោកក៏រៀនសូត្រអីបានច្រើនដែរ ប៉ុន្តែយើងក៏អត់ទាន់វិនិច្ឆ័យថា លោកជាមនុស្សយ៉ាងម៉េចទេ។ ប៉ុន្តែគ្រាន់តែការងារកន្លងមក លោកក៏យកចិត្តទុកដាក់ក្នុងការដោះស្រាយដែរ»។
ក្នុងនាមជាបុគ្គលិកអង្គការសង្គមស៊ីវិល អ្នកស្រី ជាប សុធារី មានសំណូមពរថា៖ «សុំថា ថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានក៏ដូចគ្នា សូមបើកបេះដូងឱ្យទូលាយ សូមទទួលយកនូវបញ្ហាទាំងអស់ហ្នឹងទៅពិនិត្យ ពិចារណា»។
ក្នុងដំណាក់ការចាំមើលនេះ ការបញ្ចេញមតិក៏សុទ្ធតែជាការបញ្ចេញមតិចាំមើលការអនុវត្តជាក់ស្តែងដែរ ព្រោះជាបទពិសោធន៍ការឃោសនារបស់គណបក្សនយោបាយល្អហួសពីសមត្ថភាពអនុវត្ត។
អវត្តមានសេរីភាពបញ្ចេញមតិធ្វើឱ្យមានមន្ទិលអំពីប្រវត្តិសាស្ត្រនៃកេរដំណែលរបស់អ្នកឈ្នះ៕