ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនសង្គម​​មួយរូបថា មិន​ជឿលើ​សមត្ថកិច្ច​ក្នុងការ​តាមរក​អ្នកគំរាម​សម្លាប់​ ទើបភៀស​ខ្លួន​ចេញ​ពី​ប្រទេស


រូបឯកសារ៖ កញ្ញា​អេង ម៉ាឡៃ​ ហៅសូ មេត្តា (ស្ដាំ)​ និង​សកម្មជន​ម្នាក់​ទៀត អង្គុយ​តវ៉ានៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​
រូបឯកសារ៖ កញ្ញា​អេង ម៉ាឡៃ​ ហៅសូ មេត្តា (ស្ដាំ)​ និង​សកម្មជន​ម្នាក់​ទៀត អង្គុយ​តវ៉ានៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​

សកម្មជន​សង្គម​មួយរូប​ គឺ​កញ្ញា​អេង ម៉ាឡៃ​ ហៅសូ មេត្តា​ អះអាង​ថា​កញ្ញា​បាន​រងការ​គំរាម​សម្លាប់​ជា​ច្រើន​លើក​ ចាប់​តាំង​ពី​ពេល​ស្ថិត​នៅក្នុង​ពន្ធនាគារ​ ដែល​ការណ៍​នេះ​បង្ខំ​ឲ្យ​កញ្ញា​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេសកម្ពុជា​ ជាមួយ​សាច់​ញាតិ​បង្កើត​២នាក់ផ្សេង​ទៀត។

កញ្ញា​សូ មេត្តា​ វ័យ​៣៥ឆ្នាំ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​ចេញ​ពីពន្ធនាគារ​ កាលពីខែវិច្ឆិកា​ ​ឆ្នាំ​២០២១​ ក្រោយ​អនុវត្ត​ទោសអស់​១៤ខែ​ ​ពី​បទ​ញុះញង់​ ដែល​ផ្តើមចេញ​ពីការតវ៉ា​ទាមទារ​ឲ្យដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ចំពោះការ​និយាយ​រិះគន់​កិច្ចការ​បោះបង្គោល​ព្រំដែន កម្ពុជា​វៀតណាម​ នៅខេត្ត​ត្បូង​ឃ្មុំ​។​

ថ្លែង​ប្រាប់​វីអូអេ ពី​ទីមាន​សុវត្ថិភាពមួយនៅក្រៅ​ប្រទេស​កម្ពុជា កញ្ញា សូ មេត្តា​ អះអាង​ថា ការ​គំរាម​កំហែង​ត្រូវ​បាន​បង្កឡើង​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយរូប​ទទួល​បន្ទុក​ពន្ធនាគារ​ និង​តាម​រយៈ​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ពី​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​លើក​កាល​ពី​ឆ្នាំ​២០២២​ ដែល​កញ្ញា​សង្ស័យ​ថា​ ជា​ទម្រង់​នៃ​ការ​គំរាម​សម្លាប់​ផងដែរ​ និង​ការ​គំរាម​ក្នុង​ទម្រង់​ផ្សេង​ៗ​ទៀត​ ដូច​ជា​ការ​តាម​ថត​រូប​ដល់​ផ្ទះ​ បន្ទាប់​ពីកញ្ញា​បាន​ចូលរួម​សកម្មភាព​តស៊ូមតិ និង​ការ​ឃ្លាំមើល​សវនាការ​របស់​សកម្មជន​នយោបាយ។​

កញ្ញា​និយាយ​ថា​៖​«គេប៉ុន​ប៉ង​យក​ជីវិត​តែ​ម្តង​ ហើយ​គេគំរាម​កំហែង​ក្រុម​គ្រួសារ​ខ្ញុំ​ ហើយ​មួយ​ទៀត​គឺ​គេ​បិទ​សេដ្ឋកិច្ច​ខ្ញុំ​អស់​ហើយ​។ ខ្ញុំ​ទៅរក​ខ្ចីលុយ​ខ្ចីកាក់​ធនាគារ​ ក៏​ធនាគារ​ គេមិន​ហ៊ាន​ឲ្យខ្ចី​ ខ្ចីលុយ​អ្នក​ចងការ​នៅ​តាម​ភូមិឃុំ​ ក៏គេ​អត់​ហ៊ានឲ្យ​ខ្ចី​ គេខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​គេ​ ហើយ​ខ្ញុំ​ទៅ​រក​ការងារ​ធ្វើ​ ដើម្បី​យក​មក​ដោះ​ស្រាយ​ចាក់​សាំង​ហ្នឹង​ ក៏​គេ​មិន​ហ៊ាន​ទទួល គេ​បិទ​សេដ្ឋកិច្ច​ខ្ញុំ​ ហើយ​និង​ប្អូន​ៗ​ខ្ញុំ​ទាំង​អស់​ហើយ​ ដល់​អ៊ីចឹង​ យើង​អត់​មាន​ដង្ហើម​ដក​ ហើយ​បញ្ហា​ដ៏ធំ​នោះ​គឺ​ គេ​ប៉ុន​ប៉ង​យក​ជីវិត​»។​

កញ្ញា​សូ មេត្តា​ ដែល​បាន​រស់​នៅ​ក្នុង​សង្កាត់​ចោម​ចៅទី១ ខណ្ឌ​ពោធិ៍សែន​ជ័យ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​ទី២​នោះ​ អះអាង​ថា​ កញ្ញា​មិន​ជឿ​ថាអាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​មាន​វិធាន​ការ​តាម​រក​ជន​ដែល​បង្ក​ការ​គំរាម​កំហែង​លើ​កញ្ញា បើ​សិន​ជា​កញ្ញា​ដាក់​ពាក្យ​បណ្តឹង។

សកម្ម​ជន​សង្គម​រូបនេះ​ ​លើក​ហេតុផល​ថា​ ពាក្យ​បណ្តឹង​កន្លង​មក​របស់​កញ្ញា​មិន​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​អើ​ពើ​ទេ ដូច​ករណី​នៅខណ្ឌ​៧​មករា​ នៅពេល​កញ្ញា​អះអាង​ថា បាន​រង​ការ​រំលោភ​បំពាន​ហិង្សាពី​សំណាក់​ក្រុម​សន្តិសុខ​ អំឡុង​ពេល​តវ៉ា កាល​ពី​ឆ្នាំ​២០២០​ ពាក់​ព័ន្ធ​ករណី​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​។

កញ្ញា​បន្ថែម​ថា​៖ ​«ព្រោះ​កន្លង​មក​ ខ្ញុំ​ធ្លាប់​ដាក់​ ខ្ញុំ​ធ្លាប់​ដាក់​ ហើយ​ក៏ស្នើ​ឲ្យ​ខាង​អាជ្ញាធរ​ហ្នឹង​ គាត់​ជួយ​អន្តរាគមន៍​ តែ​គេ​អត់​ខ្វល់​ពី​យើង​ទេ​ គេ​មាន​តែ​ចោទ​ប្រកាន់​យើង​និយាយ​កុហក់​»។

បើតាម​កញ្ញា​សូ មេត្តា​ កញ្ញា​និង​ប្អូន​ស្រីបង្កើត​២នាក់ទៀតបាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ ខែធ្នូ​ ឆ្នាំ​២០២២។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក​ស៊ឹង សែន​ករុណា​ យល់​ថា​ កញ្ញា​សូ​ មេត្តា​គួរដាក់ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​ឲ្យមានការ​ស៊ើបអ​ង្កេត​មួយ។ ទោះយ៉ាង​ណា​ លោក​ថា ករណី​របស់កញ្ញាសូ មេត្តា​ បើវា​ជារឿង​ពិត គឺ​អាច​បង្ក​ការគំរាម​កំហែង​ដល់​សកម្ម​ជន​ និង យុវជន​ដែល​កំពុង​ប្រឡូក​ក្នុងកិច្ចការ​តស៊ូមតិ​ដែលស្របតាម​លំអាន​ប្រជាធិប​តេយ្យ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖«ក្នុង​ករណី​ដែលមាន​រូបភាព​គំរាម​កំហែង​បែបនេះ​ វាជា​អំពើ​មួយ​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ និង​ប៉ះពាល់​ទៅ​ដល់​ទឹក​ចិត្ត​របស់​យុវជន​ដែល​ស្រឡាញ់​ សង្គម​ជាតិ​ហ្នឹង​ហើយ។​ អ៊ីចឹង​ បញ្ហា​ទាំង​អស់​នេះ​ យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សកម្ម​ជន​សង្គម​ដែល​គាត់​ឃើញ​រូបភាព​បែប​នេះ​ គាត់​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ ចូលរួម​សកម្មភាព​សង្គម​ និង​សកម្ម​ភាព​បម្រើ​នូវ​ផល​ប្រយោជន៍​ជាតិ​ជា​ដើម​»។

អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​លោក​ឆាយ គឹម​ខឿន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​សង្គម​កញ្ញា ​សូ មេត្តា​គឺ​គ្មាន​មូល​ដ្ឋាន​។

លោក​ថ្លែង​ថា៖ «អត់​មានអីត្រូវ​ឆ្លើយ​តប​អី​ទេ។ ហើយ​ចំណាត់​ការ​ស្រាវជ្រាវ​គាត់​អត់​ទេ ព្រោះ​ការ​ចោទ​ប្រកាន់​របស់​គាត់​ ច្រើន​តែ​អត់​មាន​មូលដ្ឋាន»។ ​

លោក​ឡើង​ទៀត​ថា​កម្ពុជា​មិន​មែន​ជា​ទីតាំងអសន្តិសុខនោះ​ទេ។

លោក​បញ្ជាក់​ថា​៖«ឲ្យ​តែ​ដើរ​ចេញ​ហើយ​ ជេរប្រទេស​ខ្មែរ​ហើយ បាទ​។ តែ​រស់​នៅ​សុខ ដល់​អាយុ​ប៉ុណ្ណេះ​ គាត់​កើត​មក​ឆ្នាំណាហ្នឹង​? គាត់​អាយុ​ប៉ុន្មានហ្នឹង​? រស់​ដល់​អាយុ​ប៉ុណ្ណេះ​ហ្នឹង​ គឺ​រស់​ដោយសារ​តែ​គេ​តាម​ចាប់​ខ្លួន​អី? រហូត​ដល់​ធ្វើ​សកម្ម​ភាព​រៀន​សូត្រ​ចេះ​ដឹង​ មក​ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយ​នឹង​អ្នក​មាន​គុណ​របស់​ខ្លួន​ទៀត​ ហើយ​សួរ​យ៉ាង​ម៉េច​អាហ្នឹង?»។

ដោយ​ឡែក​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោកនុត សវនា​ បាន​ថ្កោល​ទោស​ចំពោះ​ការ​ចោទប្រកាន់​របស់​កញ្ញាសូ មេត្តា ហើយ​ថា​ គ្មានមន្ត្រី​រូបណា​ក្នុង​ពន្ធនាគារ​បង្ក​ការ​គំរាម​កំហែង​លើអតីត​អ្នក​ជាប់ឃុំ​រូបនេះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា៖«ខ្ញុំ​អត់​ដឹង​ទេ​អាហ្នឹង​ គាត់​គេច​ខ្លួន​ហ្នឹង​មិន​ដឹង​ គេច​ទៅ​ណា​ បើគេ​អត់​មាន​ធ្វើ​អី​គាត់​ផង!​ ហើយគាត់​មក​ធ្វើ​ភាសា​គេគំរាម​សម្លាប់​អី​នេះ​។ ខ្ញុំ​ថ្កោល​ទោស​ ហ្មង​! ហើយ​ខ្ញុំផ្លូវ​ច្បាប់​ ខ្ញុំ​មិន​មែន​ថា​ ធ្វើ​អី​គាត់​ទេ​ ប៉ុន្តែ​សីលធម៌​ សច្ចធម៌​ ឲ្យ​គាត់​គិត​ខ្លួន​ឯង​ទៅ​»។ ​

លោក​បន្ថែម​ថា​៖ «មន្ត្រី​យើង​ឯណា​ ទៅ​គំរាម​សម្លាប់​គាត់​ហ្នឹង​! អ្នក​ណា​ទៅ​ធ្វើ​អី​គាត់!​ គេយក​ចិត្ត​ទុកដាក់​ កាល​គាត់​ដួល​គ្រេច​ជើង​នោះ​។ អៀវផង​ សែង​ផង​ លីផង​ ចិញ្ចឹម​គាត់​មើល​តែ​កូន​ក្មេង​ កូន​ង៉ែត​ហើយ​»។

យ៉ាង​ណាក៏ដោយ​ បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រទេស​ទី២ កញ្ញា​សូ មេត្តា បាន​ថ្លែង​ថា អាជ្ញាធរ​ពាក់​ព័ន្ធគួរ​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​ស្រាវជ្រាវ​រកបុគ្គល​ដែល​បង្ក​ការគំរាមកំហែង​លើកញ្ញា និង​គ្រួសារ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​លើ​សកម្មជន​ផ្សេង​ទៀត​៕

XS
SM
MD
LG