«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» បានចាប់ផ្តើមចេញដំណើរជាផ្លូវការនាចុងខែមីនានេះ ក្នុងគោលបំណងប្រមូលផ្តុំខ្មែរនៅក្រៅប្រទេស ដើម្បីរួមគ្នាស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានធ្លាក់ចុះក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧។
ថ្លែងប្រាប់អ្នកចូលរួមប្រមាណ ៤០០នាក់ កាលពីថ្ងៃទី ២៣ ខែមីនា នៅសាកលវិទ្យាល័យរដ្ឋCalifornia ក្រុង Long Beach អ្នកស្រី មូរ សុខហួរ ដែលទើបប្រកាសលាលែងពីតំណែងអនុប្រធានគណបក្សសង្គ្រោះជាតិ និយាយថា អ្នកស្រីលាលែងពីគណបក្សនយោបាយដោយសោកស្តាយក្រោយពីបានចូលរួមជីវភាពនយោបាយជាង ២០ឆ្នាំ។ ប៉ុន្តែនេះជាជម្រើសយុទ្ធសាស្ត្រនយោបាយថ្មីដើម្បីសម្រេចគោលដៅស្តារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពព័ត៌មានលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកស្រីបានបន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋច្រើនណាស់ចង់ចូលរួម តែអត់ចូលរួមបានតាមរយៈគណបក្សនយោបាយក៏បងប្អូនអាចចូលរួម។ ខ្ញុំសូមអំពាវនាវ សូមអញ្ជើញបងប្អូនចូលរួមចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាដៃគូនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យចា៎»។
អ្នកចូលរួមក្នុងចលនានយោបាយនេះមានយុវជននិងយុវតី ដែលមិនចង់ពាក់ព័ន្ធនឹងគណបក្សនយោបាយនិងមានការគាំទ្រជាលក្ខណៈអន្តរជាតិ ជាពិសេសមានការចូលរួមពីតំណាងចលនាប្រជាធិបតេយ្យនៃប្រទេសផ្សេងៗ ដូចជាភូមា ហុងកុងនិងកោះតៃវ៉ាន់ជាដើម។
លោក សេង សារី អ្នកវិភាគសង្គមនិងនយោបាយប្រាប់អ្នកចូលរួមថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យអាចជាចលករកៀរគរកម្លាំងជំនាន់ថ្មីនៃយុវជន ដើម្បីប្រកួតប្រជែងជាមួយក្រុមឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលចូលកាន់អំណាចបន្តពីឪពុកតាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
លោក សេង សារី បានបន្ថែមថា៖ «ចលនានេះនឹងអាចផលិតធនធានមនុស្សបន្តវេនថ្មីដើម្បីដាក់បញ្ចូលទៅក្នុងការប្រកួតប្រជែងចលនានយោបាយ»។
នាង យ៉ែម វណ្ណែត អាយុ៣១ឆ្នាំ ទើបបានសិទ្ធិជ្រកកោនខាងនយោបាយនៅសហរដ្ឋអាមេរិករយៈពេល ២ឆ្នាំ ក្រោយពីភៀសខ្លួនគេចពីការផ្តន្ទាទោសជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទរួមគំនិតក្បត់។ នាងមានសុទិដ្ឋិនិយមថា ការលាលែងរបស់អ្នកស្រី មូរ សុខហួរ ពីគណបក្ស នឹងធ្វើឱ្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពនយោបាយប្រសើរជាងពេលអ្នកស្រីនៅក្នុងគណបក្សសង្គ្រោះជាតិ។
នាងថ្លែងថា៖ «ខ្ញុំជឿជាក់បែបហ្នឹង ព្រោះបើលោកជំទាវនៅក្នុងគណបក្សសង្គ្រោះជាតិមានបងប្អូនមួយចំនួន គាត់ខ្លាច។ គាត់មិនហ៊ានមកចូលរួមជាមួយទេ»។
ចំណែកលោក សុភ័ណ្ឌ ឡារី ប្រធានបណ្តាញយុវជនកម្ពុជាសកលប្រាប់វីអូអេថា បណ្តាញរបស់លោកគាំទ្រចលនានេះព្រោះមានគោលដៅរួមដូចគ្នា។
លោកថ្លែងថា៖ «ចលនាខ្មែរប្រជាធិបតេយ្យមិនថា ខ្មែរមកពីណា ស្ត្រី យុវជនមកពីណាទេ គឺអាចចូលរួមបានទាំងអស់ គឺបើកទូលាយសម្រាប់ឱ្យពលរដ្ឋខ្មែរសម្រេចចិត្តចូលរួម»។
ថ្វីបើអ្នកស្រី មូរ សុខហួរ លាងលែងពីគណបក្សក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចចាត់ទុកចលនានេះជា «ក្រុមឧទ្ទាមក្រៅច្បាប់តែមួយ» ហើយថាជារឿងចាស់ដូចការបង្កើតសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យកន្លងមក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការណ៍នេះដោយសារលោកសង្កេតឃើញថា លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមា នវត្តមានជាអធិបតីម្នាក់ក្នុងការប្រកាសចាប់ផ្តើមចលនានេះ៖ «វាគ្រាន់តែជារូបភាពទេ តែខ្លឹមសារនៅដដែលទេ ពីព្រោះទី ១ ខ្ញុំកត់សម្គាល់ថា ការធ្វើនយោបាយនៅតែនយោបាយ ហើយទី ២ ការទៅប្រជុំប្រជាពលរដ្ឋនៅ Long Beach ហ្នឹង មានជាប់ទៅដោយវត្តមានមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។ ដូច្នេះនេះជាក្រុមហ៊ុនតែមួយគ្រាន់តែដូររូបភាពប៉ុណ្ណោះ»។
លោក សុខ ឥសាន ឲ្យដឹងថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅតែបើកចំហឱ្យមានការចូលរួមប្រកួតប្រជែងជាមួយក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច ដរាបណាក្រុមអ្នកនយោបាយទាំងអស់ ជំនាន់មុនក្តីជំនាន់ក្រោយក្តីទាំងក្នុងនិងក្រៅប្រទេស ផ្តាច់ខ្លួនជ្រះស្រឡះពីលោក សម រង្ស៊ី ដែលត្រូវបានចោទប្រកាន់និងកាត់ទោសជាច្រើនករណី ក្នុងនោះមានទោសជាប់ពន្ធនាគារមួយជីវិត ហើយងាកមកគោរពច្បាប់ប្រទេសកម្ពុជា ជាពិសេសច្បាប់បោះឆ្នោត។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «គាត់នឹងបើកទូលាយចំពោះជនទាំងឡាយណាដែលផ្តាច់ខ្លួនជ្រះស្រឡះពីក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ហើយជាពិសេសគឺជាមួយទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយជ្រុលនិយមខាងប្រឆាំងហ្នឹងឯងបាទ»។
ការលាលែងរបស់អ្នកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព និងមានសមត្ថភាពខាងការទូតអន្តរជាតិ បាននាំឲ្យមានការចោទសំណួរជាច្រើនពីអ្នកគាំទ្រអំពីអ្នកដែលត្រូវជំនួសអ្នកស្រី។
លោក សម រង្ស៊ី លើកឡើងថា៖ «រឿងនេះមិនមែនរឿងបុគ្គល សម រង្ស៊ី ជាអ្នកជ្រើសរើស។ បុគ្គលណា សម រង្ស៊ី ជ្រើសរើស? មិនមែនធ្វើតាមអ៊ីចឹងទេ មិនមែនវិធីអ៊ីចឹងទេ។ អ្វីដែលសំខាន់គឺស្មារតី។គោលការណ៍របស់យើងគឺសីលធម៌ សច្ចធម៌យុត្តិធម៌ហើ យមិនចាំបាច់តួនាទីអីទៀតទេ ប្រធាន អនុប្រធានអីអត់សំខាន់ទេ ឲ្យតែស្មោះត្រង់ចំពោះគោលការណ៍ដើមរបស់យើង»។
លោក សម រង្ស៊ី ក៏បានការពារសម្ព័ន្ធភាពជាមួយនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងនៅក្នុងលំនៅឋានផងដែរ ដោយលោកបកស្រាយថា មិនត្រូវយល់ខុសថាមាន ក្រុម កឹម សុខា ក្រុម សម រង្ស៊ី ទេ គឺមានតែក្រុមអ្នកឈឺចាប់គិតពីជាតិ ប្រជាជន យុត្តិធម៌ហើយនឹងក្រុមគិតតែសប្បាយអត់ចេះគិតពីអនាគតប្រទេសជាតិ។
អ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះផ្តើមចេញពីចលនាជាតិដោយមានការគាំទ្រជាអន្តរជាតិដើម្បីស្តារប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
នាង Moncajacna Mian អ្នកចូលរួមអាយុ១៥ឆ្នាំ បង្ហាញមោទនភាពនឹងចលនានេះដែលមានការចូលរួមជាអន្តរជាតិ៖ «ថ្ងៃនេះមានមនុស្សច្រើន។ យើងគ្មានកន្លែងសម្រាប់ទាំងអស់គ្នាទេ។ ស្រមៃមើល៍ បើមានអ្នកចូលមកពីក្រៅសហរដ្ឋអាមេរិក ចលនានេះក្លាយជាចលនាអន្តរជាតិ។ ខ្ញុំគិតថា នេះគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ»។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យមើលឃើញសហគមន៍ខ្មែរនៅក្រៅប្រទេសជាធនធានដែលមិនបានរងសម្ពាធពីរដ្ឋាភិបាលកម្ពុជាដែ លត្រូវរួមគ្នាធ្វើការក្នុងខណៈពេលដែលការអនុវត្តសិទ្ធិនៅក្នុងប្រទេសរងការធ្វើទុក្ខបុកម្នេញ៕
វេទិកាបញ្ចេញមតិ