ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​នៅ​ខេត្ត​សៀមរាប​ចង់​បាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់ ខណៈតម្លៃ​ភ្លើង​ឯកជន​ថ្លៃ


លោក អ៊ុត ចក់ អាយុ​៥៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)
លោក អ៊ុត ចក់ អាយុ​៥៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)

លោក ឃន់ ម៉ា កំពុង​សម្រាក​ពេល​ថ្ងៃ​រសៀល​នៅ​លើ​កម្រាល​ស៊ីម៉ងត៍​ក្បែរ​គ្រែ​ក្នុង​ផ្ទះ​របស់​លោក ស្ថិត​ក្នុង​ភូមិ​វាល នៃ​សង្កាត់​ជ្រាវ ចម្ងាយ​១២គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប។

ពេល​ដើរចេញ​ពី​បន្ទប់​ក្នុង​ផ្ទះ​ ខណៈ​មាន​ញើស​ពេញ​ខ្លួន អ្នក​រត់​រ៉ឺម៉ក​កង់​បី វ័យ​៣២​ឆ្នាំ​នៅ​ក្នុង​ក្រុង​សៀមរាប​រូប​នេះ និយាយ​ថា ផ្ទះ​របស់​លោកដែល​មាន​ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី​នេះ មិនទាន់មានអគ្គិសនី​ប្រើប្រាស់​ទេ។

លោក ឃន់ ម៉ា ដែល​ប្រកបរបរ​រត់​រ៉ឺម៉ក​កង់​បី​នេះអស់​រយៈ​ពេល​ជិត​៧​ឆ្នាំ​មក​ហើយ​នោះ ​មាន​ប្រសាសន៍​ថា​ ការ​ដែល​ផ្ទះ​របស់​លោក​មិន​មាន​ភ្លើង​ប្រើប្រាស់​ក្នុង​ផ្ទះ​នេះ គឺ​ដោយសារ​ បណ្ដាញ​ភ្លើង​រដ្ឋ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​មក​ដល់​ភូមិ​របស់​លោក ហើយ​សេវា​ភ្លើង​ឯកជន​ដែល​មាន​ក្នុង​ភូមិ​នេះ មាន​តម្លៃ​ថ្លៃ។

លោក ឃន់ ម៉ា អាយុ​៣២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាល ខេត្ត​សៀមរាប ​សម្រាក​នៅ​លើ​កម្រាល​ស៊ីម៉ង់ត៍ ក្បែរ​គ្រែ​គេង​របស់​លោក កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា ដោយសារ​អាកាសធាតុ​ក្តៅ​ពេក។ លោក​មិន​មាន​អគ្គិសនី​ប្រើប្រាស់​សម្រាប់​កង្ហារ​នោះ​ទេ។ (ស៊ុន ណារិន/VOA)
លោក ឃន់ ម៉ា អាយុ​៣២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាល ខេត្ត​សៀមរាប ​សម្រាក​នៅ​លើ​កម្រាល​ស៊ីម៉ង់ត៍ ក្បែរ​គ្រែ​គេង​របស់​លោក កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា ដោយសារ​អាកាសធាតុ​ក្តៅ​ពេក។ លោក​មិន​មាន​អគ្គិសនី​ប្រើប្រាស់​សម្រាប់​កង្ហារ​នោះ​ទេ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ចង់​ឲ្យ​ភ្លើង​រដ្ឋ​ចូល​ដល់ ស្រួល​យើង​ប្រើប្រាស់»។

ម្ដាយ​របស់​លោក ឃន់ ម៉ា គឺ​អ្នក​ស្រី អោម សំអាត អាយុ​៦៥ឆ្នាំ បាន​ថ្លែង​ប្រាប់ ​VOA​ថា សព្វថ្ងៃ​នេះ អ្នក​ស្រី​បានសម្រេច​ចិត្តប្រើប្រាស់​អាគុយ​សម្រាប់​បំភ្លឺ​ផ្ទះ​តិច​តួច​នៅ​ពេល​យប់​ប៉ុណ្ណោះ។

អ្នក​ស្រី​បន្ត​ថា តម្លៃ​ភ្លើង​និង​សេវា​ត​ភ្លើង​ឯកជន​មកដល់​ផ្ទះ ​ត្រូវ​បង់​ថ្លៃ​ច្រើន​ពេក រហូត​ដល់​ជាង​១០០​ដុល្លារ ដែល​អ្នក​ស្រីមិន​មានលទ្ធភាព​បង់​បាន។ ដូច្នេះ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ដែល​មាន​សមាជិក​ដល់​ទៅ​៩​នាក់​នោះ ត្រូវ​បង្ខំ​ចិត្ត​រង់ចាំ​ភ្លើង​រដ្ឋ ដើម្បី​ត​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។

លោកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​អត់​មាន​លុយ​ដល់​គេ។ វា​ត​ខ្សែ​ភ្លើង​វែង។ ជួន​ណា សុំ​គេ​ត​កន្លែង​នេះ គេ​មិន​ឲ្យ​ត​ផង។ ហើយ​សុំ​ត​ម៉េច​ក៏​១០០​(ដុល្លារ)ដែរ​អូន។ ហើយ​ទម្រាំ​ខ្សែ​ភ្លើង​ទៀត ហើយ​យើង​ក្រ វា​ឡើង​ជិត​២០០(ដុល្លារ) បាន​លុយ​ពីណា។ រក​លុយ​ហូប​គ្មាន​ផង»។

ដូច​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ អោម សំអាត​ ដែរ អ្នក​ភូមិ​នៅ​ទី​នេះ​ជាច្រើន​គ្រួសារ​ទៀត ក៏​មិន​ទាន់​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ដែរ ទោះបីជា​ពួកគេ​រស់​នៅ​ចម្ងាយ​ប្រមាណ​តែ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប ដែល​ជា​ក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភព​លោក​ទៅ​ហើយ​ក៏ដោយ។

ម្តាយ​របស់​លោក ឃន់ ម៉ា គឺ​លោកស្រី អោម សំអាត អាយុ​៦៥ឆ្នាំ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី នៅ​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ដែលស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២គីឡូម៉ែត្រ​ពីក្រុងសៀមរាប។ (ស៊ុន ណារិន/VOA)
ម្តាយ​របស់​លោក ឃន់ ម៉ា គឺ​លោកស្រី អោម សំអាត អាយុ​៦៥ឆ្នាំ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី នៅ​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ដែលស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២គីឡូម៉ែត្រ​ពីក្រុងសៀមរាប។ (ស៊ុន ណារិន/VOA)

ចំណែក​ឯ ក្រុម​គ្រួសារ​ខ្លះ​ទៀត​ ដែល​មាន​លទ្ធភាព​ត​ភ្លើង​ឯកជន​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​នេះ ក៏​បាន​រអ៊ូរទាំ​ដែរ​ថា ​ភ្លើង​ឯកជន​មាន​តម្លៃ​ខ្ពស់ គឺ​១៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង បើ​ប្រៀប​ធៀប​នឹង​ភ្លើង​រដ្ឋ​ដែល​មាន​តម្លៃ​ជាង​៦០០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ។

ដូច្នេះ​ ពួកគេបាន​ទទូច​ស្នើ​ឲ្យ​អាជ្ញាធរ​អគ្គិសនី ឆាប់​ពន្លឿន​សេវា​ផ្គត់ផ្គង់​ភ្លើង​រដ្ឋ ឲ្យ​មក​ដល់​តំបន់​របស់​ពួកគេ​ឲ្យ​ឆាប់ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ប្រជាជន​កម្ពុជា ជាង​៤០​ភាគរយ ជាពិសេស​អ្នក​ដែល​រស់​នៅ​ជនបទ​ដាច់​ស្រយាល​ឬ​ឆ្ងាយ​ពីទីប្រជុំជន​ នៅ​មិន​ទាន់​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ ខណៈ​ដែល​តម្លៃ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​នេះ ក៏​មាន​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល Stimson Center ដែល​និយាយ​អំពី​អគ្គិសនី​សម្រាប់​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​ចេញ​ផ្សាយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

របាយការណ៍​ដដែល​បន្ថែម​ថា មាន​មូលហេតុ​ច្រើន​ដែល​តម្លៃ​អគ្គិសនី​នៅ​ថ្លៃ ប៉ុន្តែ​កត្តា​មួយ​គឺ​ដោយសារ​ការ​ពឹង​ផ្អែក​ច្រើន​ពេក​ពី​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ក្រៅ​ប្រទេស​ ដោយ​មាន​អត្រា​ពន្ធ​នាំចូល នៅ​ខ្ពស់​នៅ​ឡើយ។ ប្រទេស​កម្ពុជា ក៏​បាន​នាំ​ចូល​អគ្គិសនី​ប្រហែល​២០​ភាគរយ​នៃ​តម្រូវ​ការ​ពី​ប្រទេស​ជិត​ខាង រួម​មាន​ប្រទេស​វៀតណាម ថៃ និងឡាវ​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល។

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប បាន​ប្រាប់ ​VOA ​ថា ពួកគេ​បាន​កំពុង​ប្រើប្រាស់​ភ្លើង​ឯកជន ដែល​មានតម្លៃ​ថ្លៃ​គឺ​ស្មើ​ពីរ​ដង​នៃ​តម្លៃ​ភ្លើង​រដ្ឋ។

អ្នកនាង ហ៊ុំ លីស្សា អាយុ​៣៣​ឆ្នាំ ប្រជាពលរដ្ឋ រស់​នៅ​ក្នុង​ភូមិ​វាល​ក្នុង​សង្កាត់​ជ្រាវ បាន​និយាយ​ថា អ្នកនាង​ចំណាយ​ប្រាក់​ច្រើន​ដល់​ជាង​១០​ម៉ឺន​រៀលក្នុង​មួយ​ខែ​សម្រាប់​ថ្លៃ​ភ្លើង។ អ្នក​នាង​បន្ត​ថា ប្រសិន​បើ​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់ នោះ​ការ​ចំណាយ​ប្រហែល​៤ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

អ្នកនាង​បាន​ថ្លែង​ប្រាប់​ VOA ថា៖ «ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​គេ​ដាក់​បង្គោល​ភ្លើង​ជុំវិញ​ដែល​យើង​ខ្វះ​ខាត​នេះ​ទៅ ហើយ​ខ្ញុំ​ក៏​ចង់​ត​ភ្លើង​រដ្ឋ​ដែរ ព្រោះ​ភ្លើង​រដ្ឋ​ធូរ​ថ្លៃ​ជាង​ភ្លើង​ឯកជន»។

អ្នកនាង ហ៊ុំ លីស្សា អាយុ​៣៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)
អ្នកនាង ហ៊ុំ លីស្សា អាយុ​៣៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)

អ្នកនាង​ត្អូញត្អែរ​ថា មាន​ខែ​ខ្លះ អ្នកនាង​ពិបាក​នឹង​រក​ថវិកា​សម្រាប់​បង់​ថ្លៃ​ភ្លើង​ផង​ដែរ។

អ្នក​នាង​បាន​បញ្ជាក់​ថា៖ «អស់​ច្រើន​ដែរ​ហ្នឹង​បង។ ដូច​ថា​មួយ​ខែ ខែ​ណា​ដែល​យើង​រក​ទាន់ ទាន់ ខែ​ណា​យើង​រក​អត់​ទាន់ អស់​ច្រើន។ ខែ​ណា​ដែល​យើង​រក​ទាន់ បង់​ស្រួល ខែ​ណា យើង​រក​អត់​ទាន់ យើង​រៀង​(ពិបាក)នេះ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ អ្នកនាង​បាន​ដាក់​ការ​សង្ស័យ​ថា ការ​មិន​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​នា​ពេល​នេះ អាច​បណ្ដាល​មក​ពី​មាន​កិច្ច​សន្យា​ឃុបឃិត​គ្នា​រវាង​ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​ភ្លើង​ឯកជន និង​អង្គភាព​អគ្គិសនី​រដ្ឋ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖ «មក​ពី​ឯកជន​ គេ​អត់​ឲ្យ​ត ដូច​ថា​គេ​កុងត្រា​ជាមួយ​ភូមិ​ហ្នឹង​ដាច់​អស់​ហើយ។ គេ​ម៉ៅ​ភូមិ​ហ្នឹង ដូច​ថា​ភូមិ​ប៉ុន្មាន បី​បួន​ភូមិ​ហ្នឹង គេ​ដាច់​ហើយ គេ​គិត​ដាច់​អស់ ដល់​ពេល​អញ្ចឹង​យើង​មិន​អាច​ត​ភ្លើង​រដ្ឋ​បាន»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក អ៊ុត ចក់ អាយុ​៥៨ឆ្នាំ​ មាន​ប្រសាសន៍​ថា លោក​បាន​ចំណាយ​ប្រាក់​ចាប់​ពី​៥​ម៉ឺន​ទៅ​៦ម៉ឺន លើ​តម្លៃ​ភ្លើង​ប្រចាំ​ខែ។ លោក​បាន​ស្នើ​ឲ្យ​មាន​អគ្គិសនី​រដ្ឋ​ត​មក​ឆាប់ៗ​នា​ពេល​ខាង​មុខ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ស្នើ​សុំ​ភ្លើង​រដ្ឋ​ចូល​មក តាម​ភូមិ។ គ្រាន់​បាន​ភ្លើង​រដ្ឋ​ប្រើ។ កុំ​ពិបាក​ទាញ​យក​ភ្លើង​ឯកជន គេ​យក​មក​ពីរបី​កើប​ហើយ​ហ្នឹង»។

លោក ចាប ចេង ដែល​ជា​ម្ចាស់​អាជីវកម្ម​ភ្លើង​ឯកជន និង​ជា​មេ​ភូមិ​វាល​ក្នុង​សង្កាត់​ជ្រាវ​ផង​ដែរ​នោះ បាន​ថ្លែង​ប្រាប់​ VOA ​ថា បច្ចុប្បន្ន​នេះ បណ្ដាញ​អគ្គិសនី​រដ្ឋ ត្រូវ​បាន​ត​ចូល​ទៅ​ក្នុង​ភូមិ​ហើយ​ដែល​លោក​ថា​មិន​យូរ​ទេ ភ្លើង​រដ្ឋ​នឹង​អាច​ប្រើប្រាស់​បាន។

លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ថា លោក​ចង់​រក្សា​ទុក​ភ្លើង​ឯកជន​នៅ​ក្នុង​តំបន់​នេះ​តទៅ​ទៀត បើ​ទោះ​ជា​មាន​ភ្លើង​រដ្ឋ​ចូល​មក​ដល់​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ភ្លើង​នេះ​ ខ្ញុំ​ដែល​ចង់​ទៅ​ចែក​ចាយ​អី ខ្ញុំ​អូស​ប្រើ​តែ​ខ្លួន​ខ្ញុំ ប៉ុន្តែ​សុំ​ញ៉ែ សុំ​ប្រើ​ទៅ ចេះ​តែ​ចែក​គ្នា​ប្រើ​ទៅ។ ហើយ​ខ្ញុំ​អូស​ឆ្ងាយ​ វា​មាន​ការ​បាត់​បង់​ហើយ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​ឥឡូវ​ ខ្ញុំ​លែង​ឈឺ​ក្បាល​ហើយ ខ្ញុំ​ប្រាប់​ថា ឲ្យ​តែ​រដ្ឋ​ចែក​ចាយ​មក ខ្ញុំ​អាង​នឹង​ផ្ដាច់​ចេញ។ និយាយ​ឲ្យ​ខ្លី តែ​ប៉ុន​នេះ​បាន​ហើយ ខ្ញុំ​អត់​មាន​ចង់​ទុក​ដល់​ណា​ទៀត​ទេ»។

បង្គោលភ្លើង និង​ខ្សែ​បណ្តាញ​អគ្គិសនី​នៅ​តាម​បណ្តោយ​ផ្លូវកៅស៊ូ​មួយ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាល​ពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
បង្គោលភ្លើង និង​ខ្សែ​បណ្តាញ​អគ្គិសនី​នៅ​តាម​បណ្តោយ​ផ្លូវកៅស៊ូ​មួយ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាល​ពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ចៅ​សង្កាត់​រង​នៃ​សង្កាត់​ជ្រាវ លោក ក្តឹប សាវ៉ាត់ មាន​ប្រសាសន៍​ថា​ ប្រជាជន​ដែល​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់ ចង់​ឲ្យ​ប្រមូល​ថវិកា​ពី​អ្នក​ភូមិ​ដើម្បី​ត​បណ្ដាញ​ចូល​មក​ជិត​ភូមិ​របស់​គេ ហើយ​អ្នក​ភូមិ​ខ្លះ​ក៏​បាន​ត​បណ្ដាញ​ដោយ​ខ្លួន​ឯង​រួច​ហើយ។

លោក​បន្ត​ថា ប្រជាជន​ប្រហែល​១៥០​គ្រួសារ​ក្នុង​សង្កាត់​របស់​លោក​ដែល​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​នៅ​ឡើយ។

អភិបាល​ក្រុង​សៀមរាប លោក សូរ ប្លាតុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​អគ្គិសនី​ខេត្ត​មាន​ផែនការ​ច្បាស់​លាស់ ក្នុង​ការ​បំពេញ​កង្វះ​ខាត​ភ្លើង​នៅ​តំបន់​ទាំង​នោះ តែ​លោក​ថា វា​ត្រូវ​ការ​ពេល​វេលា ដោយសារ​ការងារ​ទាំង​នេះ គឺ​ជា​រឿង​បច្ចេកទេស។

លោក​មាន​ប្រសាសន៍​ថា៖ «ផែនការ​របស់​អង្គភាព​អគ្គិសនី​ហ្នឹង នឹង​ដាក់​គ្រប់​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​មិន​សន្យា​ថា ថ្ងៃ​ណា​ថ្ងៃ​ណី​ទេ ប៉ុន្តែ​នឹង​ដាក់​ទាំង​អស់​នៅ​ក្នុង​ឆ្នាំ​ហ្នឹង​បាទ»។

ឆ្លើយ​តប​នឹង​តម្លៃ​ភ្លើង​ឯកជន​ដែល​មាន​តម្លៃ​ខ្ពស់​នេះ លោក សូរ ប្លាតុង មាន​ប្រសាសន៍​ថា៖ «គេ​រក​ស៊ី​ អា​ហ្នឹង​យើង​ម៉េច​ដឹង អា​ហ្នឹង គេ​ចុះ​កិច្ច​សន្យា​ជាមួយ​ខាង​អគ្គិសនី ប៉ុន​កន្លែង​ណា​ដែល​ថ្លៃ បើ​មាន​កន្លែង​ណា​ កន្លែង​ជាក់​ស្ដែង យើង​អាច​ទៅ​ណែនាំ​យ៉ាង​ម៉េច​អី​បង អា​ហ្នឹង​ខាង​អគ្គិសនី គេ​មាន​កិច្ច​សន្យា​អី​របស់​គេ»។

លោក គង់ ពុទ្ធិ ប្រធាន​អាជ្ញាធរ​អគ្គិសនី​ខេត្ត​សៀមរាប បាន​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ VOA។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ឆ្នាំ​២០១២ ប្រជាជន​ប្រមាណ​២០០​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​តវ៉ា​សុំ​ឲ្យ​បញ្ចុះ​តម្លៃ​អគ្គិសនី​ឯកជន​ពី​តម្លៃ​៣៤០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង មក​ត្រឹម​តែ​១៥០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ត​បណ្ដាញ​ភ្លើង​រដ្ឋ​ផង​ដែរ។

កង្វះ​ការ​ផ្គត់ផ្គង់​អគ្គិសនីមួយ​ដែល​មាន​ស្ថិរភាព និង​មាន​តម្លៃ​ប្រកួត​ប្រជែង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​សង្គម​និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅកម្ពុជា៕

XS
SM
MD
LG