សកម្មជនផ្នែកដោះមីនមនុស្សធម៌ដែលជាប់ជាជនឆ្នើមរបស់ទូរទស្សន៍ពិភពលោក CNN និងជាស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីនម្នាក់ ព្រមទាំងសហការី២នាក់ទៀត ត្រូវបានតុលាការសៀមរាបចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទ«រក្សាទុកអាវុធខុសច្បាប់»។ នេះបើយោងតាមមន្ត្រីតុលាការខេត្តសៀមរាប។
លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា លោកអាគីរ៉ាស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីន និងសហការីចំនួនពីរនាក់ ត្រូវបានអយ្យការអមសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទរក្សាទុកអាវុធជាតិផ្ទុះខុសច្បាប់ ចំណែកអង្គការសារមន្ទីរគ្រាប់មីននោះត្រូវបានបិទបណ្តោះអាសន្ន។ លោកបន្ថែមថា តុលាការមិនទាន់អាចបញ្ជាក់បានថា នឹងត្រូវបើកសវនាការនៅពេលណា ហើយនឹងត្រូវបើកអង្គការនោះវិញនៅពេលណានោះទេ។
លោកបញ្ជាក់ថា៖
«គឺដល់នីតិវិធីត្រូវជំនុំជម្រះ គេបើកសវនាការ។ អត់ដឹងទេអាហ្នឹង។ ជានីតិវិធីរបស់ចៅក្រមស៊ើប»។
លោក យិន ស្រាង បន្ថែមថា ព្រះរាជអាជ្ញារងក្នុងសំណុំរឿងនេះគឺលោករៀម ចន្ទម្នី ចំណែកចៅក្រមស៊ើបគឺលោកស៊ិន សុវណ្ណរ័ត្ន។
លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ថា សំណុំរឿងនេះផុតដៃអយ្យការក្រោយការចោទប្រកាន់។
លោកនិយាយថា៖
«បាទ គេចោទទៅបាត់ហើយ មាត្រា២៣ ច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ។ បងទៅមើលទៅក្នុងហ្នឹងមានបីនាក់។ គេចាប់ម៉ោងប៉ុន្មានបងដឹងហើយតើ!»
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៨ អ្នកគ្រប់គ្រងសារមន្ទីរគ្រាប់មីនចំនួន៣នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកនូវអាវុធខុសច្បាប់ និងបើកអង្គការសារមន្ទីរគ្រាប់មីនគ្មានច្បាប់ទម្លាប់ បន្ទាប់ពីមានអគ្គិភ័យឆេះសារមន្ទីរគ្រាប់មីននេះ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
គេហទំព័រដដែលនោះបានស្រង់សម្តីរបស់លោក នល់ រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបដែលនិយាយថា ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ជនសង្ស័យឈ្មោះ អាគីរ៉ា ជាប្រធានអង្គការ ឈ្មោះ អឿន យ៉ុន ជាអនុប្រធានអង្គការ និងឈ្មោះហ៊ាញ សុគន្ធា ជាប្រធានប្រតិបត្តិ។
គេហទំព័រអគ្គស្នងការរនោះផ្សាយថា មន្ត្រីជំនាញអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រឿងផ្ទុះដែលដកហូតនោះរួមមាន គ្រាប់បែកដៃចំនួន៩គ្រាប់ មីន៧២Aចំនួន១៥គ្រាប់ គ្រាប់កាំភ្លើងខ្លីចំនួន៣២៥គ្រាប់ ដងគ្រាប់បេចំនួន១ ម្ជុលភ្លើងមីន៦៩ចំនួន៥ដើម គ្រាប់កាំភ្លើងដៃចំនួន១០គីឡូក្រាម កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម សំបកគ្រាប់មីនចំនួន២កេស ឈើ ខ្សែឆេះផ្ទុះចំនួន១កេស ឈើដាក់គ្រាប់បែកចំនួន១កេស ដែកដាក់ខ្សែយឺតចំនួន១ស្មាច់ ដែកដាក់គីបចរន្តចំនួន១គ្រាប់ កាំភ្លើងខ្លី K៥៩ចំនួន៤២ គ្រាប់គីបចរន្តចំនួន២៩០ដើម គីបធម្មតា៣០០ដើម។
គេហទំព័រនោះបានស្រង់សម្តីលោក ទិត្យ ណារ៉ុងបន្ថែមក្នុងន័យដើមថា៖
«ករណីនេះកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះហើយ ដោយចោទប្រកាន់ពីបទរក្សាទុកនូវអាវុធខុសច្បាប់ និងច្បាប់អង្គការសារមន្ទីរគ្រាប់មីននោះហួសសុពលភាពចំនួន៤ឆ្នាំមកហើយ។ លោកបន្តថាចំណែកក្មេងនៅក្នុងអង្គការចំនួន១៧នាក់ ស្រី៧នាក់នោះត្រូវបានមន្ទីរសង្គមកិច្ចខេត្តយកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តនៅកន្លែងមានសុវត្ថិភាព»។
លោក ទូច ឡូញ បុគ្គលិកដែលជាប្រធានផ្នែកអប់រំរបស់អង្គការដោះមីនកម្ពុជា ប្រាប់ VOA ថា លោកមិនបានដឹងពីមូលហេតុនៃការឆេះកន្លែងផ្ទុកអាវុធជាតិផ្ទុះទាំងនោះ ហើយក៏មិនមានការរាយការណ៍ណាមួយដែលថា បានឮសំឡេងផ្ទុះក្នុងពេលកើតហេតុកាលពីរសៀលថ្ងៃទី២៧ ខែសីហា នោះដែរ។ លោកបន្ថែមថា កន្លែងឆេះនោះមានចម្ងាយប្រមាណជា១០០ម៉ែត្រពីសារមន្ទីរដែលដាក់តាំងសំណល់គ្រឿងផ្ទុះចាស់ៗ និងថា ការឆេះនោះមិនអាចធ្វើឲ្យប៉ះពាល់ដល់បរិវេណសារមន្ទីរ និងមិនបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរណាមួយ ក្រៅតែពីឃ្លាំងដែលសមត្ថកិច្ចឆែកឃើញមានគ្រាប់មួយចំនួនប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖
«នៅខាងក្រោយនោះ ដូចជាអត់មានអីទេ ឃ្លាំងប្រធានខ្ញុំគាត់ដាក់គ្រាប់ដែល គាត់រកបានតិចតួច គ្រាប់អាកា គ្រាប់អីអីចឹង គាត់ដាក់នៅខាងក្រោយ។ អីចឹងអត់មានសម្ភារៈអីផ្សេងទេ។ មេហ្នឹងគាត់ក៏ជាអ្នករាវមីនអ្នកអីដែរ ដោយសារតែគាត់ធ្វើការអង្គការពីរ។ គាត់ធ្វើការខាងសារមន្ទីរមីនមួយ ហើយនិងគាត់ធ្វើការជាប្រធានអង្គការដោះមីនមួយ។ អីចឹងទៅមិនដឹងថា គាត់នៅធ្វើការម៉េចអីយ៉ាងម៉េច? គាត់ដោះបានម៉េច អីយ៉ាងម៉េច? ក៏គាត់ទៅដាក់ក្នុងឃ្លាំងហ្នឹង ស្រាប់តែមានការឆាបឆេះរហូតដល់កើតហេតុហ្នឹងទៅ»។
លោក ទូច ឡូញ បន្ថែមថា ក្មេងៗ និងយុវជនចំនួន២៧នាក់ ដែលស្នាក់នៅក្នុងអង្គការនោះ ត្រូវបានរើទៅស្នាក់នៅក្នុងផ្ទះមួយកន្លែងនិងទទួលបានការឧបត្ថម្ភពីជនជាតិអាមេរិកាំងមួយរូប មិនមានការទទួលខុសត្រូវណាមួយពីមន្ទីរសង្គមកិច្ចខេត្តនោះទេ។
លោក ឈួន ណារិន មន្រ្តីអង្កេតរបស់សមាគមអាដហុក ប្រចាំខេត្តសៀមរាប ប្រាប់ VOA ថា លោកបានសួរប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ប៉ុន្តែមិនមានអ្នកដែលអះអាងថា បានឮមានសំឡេងផ្ទុះណាមួយនោះទេ។ លោកសុំមិនធ្វើការអត្ថាធិប្បាយលម្អិត ដោយគ្រាន់តែបញ្ជាក់ថា សមាគមកំពុងស៊ើបអង្កេតលើករណីនេះដើម្បីទទួលបានព័ត៌មានពិត។
កាលពីឆ្នាំ២០១០ លោក អាគីរ៉ា ត្រូវបានជ្រើសរើសជាជនឆ្នើមម្នាក់ ក្នុងចំណោមជនឆ្នើមទាំង១០រូប ប្រចាំឆ្នាំ២០១០របស់ទូរទស្សន៍ពិភពលោក CNN ក្រោយពេលដែលលោក អាគីរ៉ា បានព្យាយាមក្នុងកិច្ចការដោះមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៨មក ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្រៅពីរង្វាន់ CNN លោក អាគីរ៉ា ក៏ទទួលបានរង្វាន់ពីអង្គការអន្តរជាតិមួយចំនួនផ្សេងទៀតផងដែរ៕