ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិកាំង​ជិត​បិទ​ដំណើរការ​​ដោយសារ​សមាជិក​សភា​បក្ស​​សាធារណរដ្ឋ​​​រាំង​ខ្ទប់​សេចក្តី​ព្រាងច្បាប់​ថវិកា


ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។

ការប៉ុនប៉ងរបស់​ប្រធាន​រដ្ឋសភា​លោក​ Kevin McCarthy ​ក្នុង​ការ​ចាប់ផ្តើម​ជា​ថ្មីនូវ​របៀបវារៈ​ចំណាយរបស់​លោក​មិន​បានជោគជ័យ​ទេ​កាលពី​ថ្ងៃព្រហស្បតិ៍​ នៅ​ពេល​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​បានរាំងខ្ទប់ជាលើក​ទី ៣ ​ការបោះឆ្នោត​មួយអំពី​ការ​ចំណាយ​ខាង​ការពារជាតិ​នាំ​ឱ្យ​មាន​ការ​បង្កើន​ការ​ប្រថុយប្រថាន​អំពី​ការបិទ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ ៩ ថ្ងៃ​ទៀត។

រដ្ឋសភា​បាន​បោះឆ្នោត​ដោយ​សំឡេង​ ២១៦​ គាំទ្រទល់នឹង​ ២១២ ​ប្រឆាំង​នឹង​ការ​ចាប់ផ្តើម​ការជជែក​ដេញ​ដោលគ្នា​អំពី​សេចក្តី​ព្រាង​ច្បាប់​ថវិកាសម្រាប់​ការពារ​ជាតិ​ចំនួន​ ៨៨៦​ ពាន់​លាន​ដុល្លារ​ដោយសារ​មាន​ការជំទាស់​ពី​ក្រុម​សាធារណរដ្ឋ​ប្រកាន់​អភិរក្សនិយម​តឹងរ៉ឹង​មួយ​ក្រុមតូច។​

ការណ៍​នេះជា​ដំណើរ​ថយក្រោយមួយ​សម្រាប់លោក McCarthy ​នៅ​ពេលព្រឹកបន្ទាប់ពី​ក្រុមភាគ​ច្រើន​ ២២១​ ទល់​នឹង ២១២ របស់​លោក​ប្រជុំ​គ្នា​ ២ ម៉ោង​កន្លះដើម្បីឱ្យមានការ​ចុះសម្រុងគ្នាអំពី​សេចក្តី​ព្រាង​ច្បាប់​មួយសម្រាប់​បញ្ចៀស​កុំឱ្យ​មាន​ការបិទ​រដ្ឋាភិបាលជា​លើកទី ៤ ក្នុងពេល​មួយ​ទសវត្សរ៍ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១ ខែតុលា។

នៅពេល​ការបោះឆ្នោត​នេះ​មិនមាន​ជោគជ័យ ​លោក McCarthy ​បាននិយាយប្រាប់​ក្រុម​អ្នកកាសែត​ថា​លោកនឹង​បន្ត​ «យុទ្ធសាស្ត្រ​ដដែល​ដែលលោក​មាន​តាំងពី​ខែមករា​មក​ គឺ​បន្ត​ធ្វើការតទៅ​ទៀត មិន​ឈប់ជា​ដាច់ខាត‍»។

ទីភ្នាក់ងារ​សហព័ន្ធនឹង​ចាប់ផ្តើម​បិទទ្វារនៅថ្ងៃទី​ ១ ខែតុលា​ លើកលែង​តែ​សភា​អនុម័តសេចក្តី​សម្រេច​បន្ត​ផ្តល់​ថវិកាក្នុង​រយៈពេលខ្លី​ ឬ​មាន​សេចក្តី​ព្រាងច្បាប់​ថវិកា​ពេញ​មួយឆ្នាំ។

រហូតមក​ដល់​ពេល​នេះ​ សមាជិក​សភា​ខាងសាធារណរដ្ឋគ្មាន​ជោគជ័យ​ទេ​ក្នុង​ការ​រួបរួមគ្នា​គាំទ្រ​លទ្ធភាព​ណា​មួយ​ ហើយគំនិត​នានា​ដែល​ពួកគេ​បាន​ពិចារណា​មាន​តែ​ការគាំទ្រ​ពី​ក្រុមសាធារណរដ្ឋ ​នាំ​ឱ្យ​ពួក​គេ​មិន​ទំនង​ជា​នឹង​មាន​ការ​គាំទ្រ​ក្នុង​ព្រឹទ្ធសភា​មាន​សមាជិក​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ឬត្រូវ​ចុះហត្ថ​លេខា​ឱ្យ​ទៅ​ជា​ច្បាប់​ដោយ​លោក​ប្រធានាធិបតី Joe Biden៕

XS
SM
MD
LG