ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក Kevin McCarthy បានប្រកាសកាលពីថ្ងៃអង្គារថា លោកកំពុងណែនាំគណៈកម្មាធិការនានា ក្រោមការដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដើម្បីធ្វើការស៊ើបអង្កេតចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden។
លោក McCarthy ថ្លែងថា៖ «តាមរយៈការស៊ើបអង្កេតរបស់យើង យើងបានរកឃើញថា លោកប្រធានាធិបតី Biden បានកុហកប្រជាជនអាមេរិកាំងអំពីការដឹងឮរបស់លោកទាក់ទងជំនួញនៅបរទេសរបស់គ្រួសារលោក។
ការផ្តោតនៃការស៊ើបអង្កេតមួយគឺលើសកម្មភាពរបស់កូនប្រុសរបស់ប្រធានាធិបតីគឺ លោក Hunter Biden ដែលបានចូលរួមក្នុងប្រតិបត្តិការរកស៊ីជាមួយអង្គភាពបរទេសនានា មុនពេលដែលឪពុករបស់លោកកាន់តំណែងជាប្រធានាធិបតី។
ប្រធានរដ្ឋសភា លោក McCarthy បានរងសម្ពាធយ៉ាងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍ពីក្រុមអភិរក្សនិយមឱ្យចាត់វិធានការប្រឆាំងនឹងលោកប្រធានាធិបតី។
សមាជិកគណបក្សប្រជាធិបតេយ្យបានចេញផ្សាយនូវអនុស្សរណៈមួយ ដែលរៀបរាប់លម្អិតអំពីអ្វីដែលពួកគេហៅថា ការប្រើតំណែងក្នុងសភាជាអាវុធ និងការកេងប្រវ័ញ្ចអំណាច និងធនធានសភារបស់សមាជិកសភាខាងគណបក្សសាធារណរដ្ឋដើម្បីលើកកម្ពស់ទ្រឹស្តីឃុបឃិតមិនច្បាស់លាស់ និងហួសហេតុ អំពីលោកប្រធានាធិបតី និងកូនប្រុសរបស់លោក៕
ប្រែសម្រួលដោយលោក ចាប ចិត្រា