នៅពេលដែលទីផ្សារហ៊ុនអន្ដរជាតិមានការផ្លាស់ប្តូរខ្លាំង ហើយសេដ្ឋកិច្ចប្រទេសជាតិចុះខ្សោយ និង អត្រាឥណទានចុះទាប បណ្ដាលឲ្យមានការព្រួយបារម្ភខ្លាំងនៅជុំវិញពិភពលោក ក្រុមអ្នកវិនិយោគអន្ដរជាតិជាច្រើន និយាយថា ពេលនេះ ជាពេលល្អដែលគេត្រូវពិនិត្យមើលឲ្យបានដិតដល់ មកលើទ្វីបមួយដែលគេច្រើនតែភ្លេចគិតគូរ គឺទ្វីបអាហ្វ្រីក។
លោក អានទោនី ការូល (Anthony Carroll) ជាអ្នកឲ្យឧវាទអំពីការធ្វើវិនិយោគនិងធ្វើពាណិជ្ជកម្ម ដែលមានការិយាល័យ នៅ សហរដ្ឋអាមេរិក។ លោកបានធ្វើការនៅក្នុងប្រទេស អាហ្វ្រីកជាង ៣០ ឆ្នាំមកហើយ។ លោកនិយាយថា ពេលនេះជាឱកាសដ៏ល្អដែលអ្នកវិនិយោគឯកជននិងសហគ្រាស អាចយកមូលធនទៅដាក់ប្រើ ក្នុងទ្វីបអាហ្វ្រីក។ លោក ការូល បានចង្អុលទៅធនាគារធំៗ ដោយលោកនិយាយដូចគ្នានេះដែរ។
«ប្រទេសនៃតំបន់អាហ្វ្រីក បានចំរើនលូតលាស់តាមជំហានលឿន ដែលគេមិនបានឃើញ ចាប់តាំងពីប្រទេសទាំងនោះបានទទួលឯករាជ្យមក។ អត្រាផលិតផលក្នុងស្រុកសរុប GDP ឋិតខ្ពស់លើស ៥ ភាគរយ។ ធនាគារវិនិយោគសកល ហ្គោលម៉ាន់ សាក់ (Goldman Sachs) ទាយថា ប្រទេស ៨ ក្នុងចំណោមប្រទេសខ្លាំង ១១ ដែលនឹងមានសេដ្ឋកិច្ចលូតលាស់ក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខនេះ នឹងឋិតនៅក្នុងទ្វីបអាហ្វ្រីក។ ធនាគារពិភពលោក រាយការណ៍ថា វិនិយោគទុនសកល ប្រមាណ ៤,៧% នៅពេលនេះ ធ្វើឡើងនៅក្នុងទ្វីបអាហ្វ្រីក ដែលលើសច្រើនពីមិនដល់មួយភាគរយផង នៅក្នុងឆ្នាំ២០០០»។
ធនាគារអភិវឌ្ឍន៍អាហ្វ្រីក ទាយថា មានអត្រាលូតលាស់មធ្យម គឺ ៦,៥% នៅលើទ្វីបអាហ្វ្រីក ក្នុងឆ្នាំក្រោយ ទោះបីជាទីផ្សារសេដ្ឋកិច្ចសកលមានការធ្លាក់ចុះកាលពីពេលថ្មីៗនេះក៏ដោយ។
ក្រុមហ៊ុនគណនេយ្យក៏បានផ្ដល់ពិន្ទុខ្ពស់ដល់ទ្វីបអាហ្វ្រីកដែរ។ សេចក្ដីរាយការណ៍មួយផ្សព្វផ្សាយដោយ ក្រុមហ៊ុន សហរដ្ឋអាមេរិកឈ្មោះ អឺណេសត៍ & យ៉ាំង (Ernst & Young) ទាយថា វិនិយោគបរទេសផ្ទាល់ នៅក្នុងទ្វីបអាហ្វ្រីក អាចឡើងដល់ ១៥០ ពាន់ លានដុល្លារ នៅឆ្នាំ ២០១៥ បើប្រៀបធៀបនិង ៨៤ ពាន់ លានដុល្លារកាលពីឆ្នាំ មុន។
លោក លែរី សេរូម៉ា (Larry Seruma) ជាមន្ដ្រីវិនិយោគថ្នាក់ខ្ពស់ដើមកំណើត ជាតិអ៊ូកង់ដា សម្រាប់ក្រុមហ៊ុន Nile Capital Management ក្នុងក្រុង នូ យ៉ក (New York)។ ក្រុមហ៊ុនរបស់លោកបានបង្កើតមូលនិធិមួយ ហៅ Nile Pan Africa Fund សម្រាប់អ្នកវិនិយោគ ឯកជនអាមេរិកាំង ដែលផ្ដោតមកលើក្រុមហ៊ុន អាហ្វ្រីក។
សេដ្ឋកិច្ចទាំងនោះ ដឹកនាំដោយធនធានធម្មជាតិ ដូចជា មាសដែលបានត្រូវលក់ក្នុងតម្លៃខ្ពស់ជាឯតទគ្គ។ ប្រទេស អាហ្វ្រីកមាន ធនធានមាស ៤០ ភាគរយ នៃមាសទាំងអស់ នៅក្នុងពិភពលោក ព្រមទាំងធនធាន រ៉ែ ដទៃដូចជា Cobalt Platine និងប្រេង។
សេដ្ឋកិច្ច អាហ្វ្រីក ក៏បានត្រូវដឹកនាំដោយ សេចក្ដីត្រូវការដើម្បីពង្រីក ហេដ្ឋារចនាសម្ពន្ធ និង ដោយជនអ្នកមានប្រាក់ចំណូលមធ្យមកាន់តែច្រើន ដែលតាមស្វែងរកទិញវត្ថុប្រើប្រាស់ច្រើនហើយមានគុណភាពខ្ពស់។
បញ្ហាដែលដាក់ឧបសគ្គដល់វិនិយោគ គឺមាន អស្ថិរភាពនយោបាយ និងភាពទន់ខ្សោយខាងសន្ដិសុខ នៅក្នុងតំបន់ជាច្រើន ព្រមទាំងការខ្វះតម្លាភាពក្នុងទីផ្សារ និង ឧបសគ្គនៃការផ្ដល់ភស្ដុភារ។
ប្រែសម្រួលដោយ អ៊ូ ធួក