រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបង្កើនការជំនុំជម្រះព្រហ្មទណ្ឌលើឪពុកម្ដាយណាដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងផ្ដាច់អ្នកទាំងនោះចេញពីកូនៗរបស់ពួកគេ ដើម្បីព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការឆ្លងដែនចូលមកក្នុងសហរដ្ឋអាមេរិកកាន់តែច្រើន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Jeff Sessions បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងសន្និសីទស្ដីពីការអនុវត្តច្បាប់នៅក្នុងទីក្រុង Scottsdale រដ្ឋ Arizona ថា៖ «ប្រសិនបើអ្នកនាំកូនរបស់អ្នកចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ យើងនឹងកាត់ទោសអ្នក ហើយកូនរបស់អ្នកនឹងត្រូវបំបែកចេញពីអ្នក ដូចដែលច្បាប់បានចែង។ ប្រសិនបើអ្នកមិនចង់ដូច្នេះទេ អ្នកមិនត្រូវនាំកូនរបស់អ្នកឆ្លងព្រំដែនដោយខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិកនោះទេ»។
លោក Sessions បាននិយាយថា ក្រសួងសន្តិសុខមាតុភូមិនឹងចាប់ផ្ដើមបញ្ជូនករណីដូចនេះទៅកាន់ក្រសួងយុត្តិធម៌ដើម្បីកាត់ទោស ហើយរដ្ឋអាជ្ញាសហព័ន្ធនឹង «ចាត់វិធានការលើរឿងទាំងនេះក្នុងលក្ខណៈមនុស្សធម៌ឲ្យបានកាន់តែច្រើនរហូតទាល់តែសម្រេចបាន ១ រយភាគរយ»។
មនុស្សពេញវ័យណាដែលរងការចោទប្រកាន់ថាបានចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់នឹងត្រូវប្រគល់ជូននាយកដ្ឋានប៉ូលិសនៃក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនចេញដោយផ្ទាល់ទៅកាន់តុលាការសហព័ន្ធ។ ចំណែកឯកូនៗរបស់ពួកគេវិញនឹងត្រូវបញ្ជូនទៅការិយាល័យដោះស្រាយបញ្ហាជនភៀសខ្លួន នៃក្រសួងសុខាភិបាល និងសេវាប្រជាពលរដ្ឋ ដែលការិយាល័យនេះនឹងបញ្ជូនក្មេងៗទាំងនេះទៅឲ្យសាច់ញាតិរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ឬក៏បញ្ជូនទៅកាន់កន្លែងស្នាក់នៅបណ្ដោះអាសន្នដែលគ្រប់គ្រងដោយអង្គការឯកជននានា។
លោក Sessions ក៏បានប្រកាសផងដែរអំពីគោលបំណងរបស់ក្រសួងយុត្តិធម៌នៅក្នុងការជំនុំជម្រះព្រហ្មទណ្ឌចំពោះជនអន្តោប្រវេសន៍ណាដែលឆ្លងព្រំដែនខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិក៕