ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស៊ែរប៊ី​ចាប់​ជន​ជាប់​ចោទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​រត់​គេច​ខ្លួន​ចុងក្រោយ


ហ្គោរ៉ាន ហាដជីតឆ៍ (Goran Hadzic)​​ ត្រូវ​បាន​ចោទ​ពី​បទ​ល្មើស​ប្រឆាំង​មនុស្សជាតិ​និង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ចំនួន​១៤​ប្រការ​​​​
ហ្គោរ៉ាន ហាដជីតឆ៍ (Goran Hadzic)​​ ត្រូវ​បាន​ចោទ​ពី​បទ​ល្មើស​ប្រឆាំង​មនុស្សជាតិ​និង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ចំនួន​១៤​ប្រការ​​​​

អាជ្ញាធរ​ស៊ែប​បាន​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ដែល​រត់​គេច​ខ្លួន​ចុង​ក្រោយ​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ចង់​បាន។ លោក​ ហ្គោរ៉ាន ហាដជីតឆ៍ (Goran Hadzic) ត្រូវ​បាន​ចោទ​ពី​បទ​ល្មើស​ប្រឆាំង​មនុស្សជាតិ​និង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ចំនួន​១៤​ប្រការ​សម្រាប់​តួនាទី​ដឹកនាំ​ក្នុង​ការ​សម្លាប់​រង្គាល​ជនជាតិ​ក្រូអាត​និង​ប្រជាពលរដ្ឋ​មិន​មែន​ជា​ជនជាតិ​ស៊ែប​មក​ពី​ផ្នែក​ខ្លះ​នៃ​ប្រទេស​ក្រូអាស៊ី​នៅ​ឆ្នាំ​ដំបូងៗ​នៃ​សង្រ្គាម​នៅ​បាល់កង់​ (Balkans)។

លោក​ ហ្គោរ៉ាន ហាដជីតឆ៍ ​ជា​ជន​ជាប់​ចោទ​បាន​រត់​គេច​ពី​ការ​កាត់ទោស​អស់​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ។

ក្នុង​ការ​ប្រកាស​ពី​ការ​ចាប់​ខ្លួន​លោក​ហាដជីតឆ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ជិត​ ផ្ទះ​របស់​គ្រួសារ​លោក​ ហាដជីតឆ៍​នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​បែលក្រាដ​ (Belgrade) លោក​ប្រធានាធិបតី​ Boris ​Tadic​ ពន្យល់​ពី​មូលហេតុ​ដែល​ដំណើរ​ការ​ចាប់​ខ្លួន​នេះ​ហាក់​ដូច​ជា​ចំណាយ​ពេល​យូរ។

«ប្រសិន​បើ​ខ្ញុំ​ត្រូវ​រំលឹក​អ្នក​ពី​ករណី​តាម​ចាប់​ខ្លួន​ផ្សេងៗ​ទៀត ដែល​ល្បីល្បាញ​និង​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ឧទាហរណ៍​ដូច​ជា​ករណី​តាមចាប់​ខ្លួនរបស់​អូសាម៉ា​ប៊ីនឡាដិន (Osama Bin Laden) ជា​ដើម។ ដំណើរការ​នេះ​គឺ​ត្រូវ​ប្រើ​ពេល​វេលា​យ៉ាងយូរ​និង​លំបាក​ណាស់​ ស្ទើរ​តែ​ប្រើ​ពេល​អស់​មួយ​ទសវត្សរ៍។ នៅ​ទី​បញ្ចប់​ គឺ​វា​ទទួល​បាន​ផ្លែ​ផ្កា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ រឿង​នេះ​គឺ​ដូចគ្នា​ដែរ​។ យើង​បាន​ធ្វើ​កិច្ចការ​យ៉ាង​លំបាក​ យើង​បាន​ធ្វើ​ការ​ជា​ប្រព័ន្ធ។ ចុងក្រោយ​យើង​បាន​ទទួល​ ជោគជ័យ»។

រដ្ឋអាជ្ញា​នៃ​តុលាការ​ទី​ក្រុង​ឡាអេ​បាន​ចោទ​លោក​ហ្គោរ៉ាន ហាដជីតឆ៍​ ពី​បទ​សម្លាប់​បំបាត់​ពូជ​សាសន៍​ ការ​សម្លាប់​ ការ​ធ្វើ​ទុក​បុក​ម្និញ​ និង​ការ​និរទេសប្រជាពលរដ្ឋ​មិនមែន​ជា​ជនជាតិ​ស៊ែប​រាប់​ម៉ឺន​នាក់​ ពេល​គាត់​ធ្វើ​ជា​អ្នក​ដឹកនាំ​ស៊ែប​នៅ​បូស្នី (Bosnian Serbs) ស្វែង​រក​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​ ក្រូអាស៊ី​ (Croatia) នៅ​ក្នុង​រវាង​ឆ្នាំ​១៩៩១​ដល់​១៩៩២។

ពួក​គេ​បាន​បង្កើត​សាធារណរដ្ឋ​ស៊ែប​របស់​ពួក​គេ​រៀងៗ​ខ្លួន​ រួម​ទាំង​តំបន់​មួយ​ក្នុង​សាធារណរដ្ឋ​ក្រជិនណា​ (Krajina) ​ដែល​លោក​ Hadzic​ ជា​ប្រធានាធិបតី​។ លោក​ក៏​ត្រូវ​បាន​ចោទ​ពី​បទ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​នៅ​តំបន់​ Vukovar​ នៅ​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រហែល​២៥០​នាក់​ត្រូវ​បាន​យក​ចេញ​ពី​មន្ទីរពេទ្យ​នៅទីក្រុង​ក្រូអាស៊ី​ដែល​ត្រូវ​បាន​ឡោមព័ទ្ធយ៉ាង​ខ្លាំង​មួយ​នេះ​ ​និងត្រូវ​សម្លាប់​ ដែល​ជា​ការ​សម្លាប់​រង្គាល​មុន​គេ​មួយ​ក្នុង​សង្រ្គាម។

លោក​ Goran​ Hadzic​ គឺ​ជា​ជន​ជាប់​ចោទ​រត់​ពី​ច្បាប់​ចុង​ក្រោយ​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ទីក្រុង​ឡាអេ​ចង់​បាន។

ខណៈ​ដែល​តុលាការ​ថ្នាក់​តំបន់​និង​ថ្នាក់​ជាតិ​កំពុង​តែ​បន្ត​សំណុំ​រឿង​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​កម្រិត​ស្រាល​នានា​ដែលជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ក្នុង​ពេលបែកបាក់​ប្រទេស​អតីត​យូហ្គោស្លាវី​ អ្នក​ដែល​គេ​ជឿ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ទាំងឡាយ​ ឥឡូវ​នេះ​កំពុង​ឋិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​នេះ។

ក្នុង​ចំណោម​នោះ​រួម​មាន​មេបញ្ជាការ​ស៊ែប​បូស្នី លោក​ Ratko​ Mladic ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រល័យ​ពូជ​សាសន៍​នៅ​ខែ​ឧសភា។ ការ​ចាប់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​ឃើញ​ថា​មាន​សារសំខាន់​ចំពោះ​ការ​សុំ​ចូល​របស់​ស៊ែរប៊ី​ក្នុង​សហគមន៍​អឺរ៉ុប។

ប្រធានាធិបតី​ Tadic ​និយាយ​ថា​ ការ​ចាប់​ខ្លួន​ លោក​ Gordan ​Hadzic គឺ​ជា​ក្រម​សីលធម៌​របស់ប្រទេស​ស៊ែរប៊ី​ និង​ជាការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ចាប់​ ហើយ​វា​មិនមែន​ជា​លទ្ធផល​នៃ​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ការ​បញ្ជូន​លោក​ Hadzic ​ទៅតុលាការ​អន្តរជាតិ​ឡាអេ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ គឺ​ដក​ចេញ​នូវ​របាំង​ចុង​ក្រោយ​ពី​ផ្លូវ​ដ៏​វែង​ឆ្ងាយ​របស់​ប្រទេស​ស៊ែរប៊ី​ចូល​ទៅ​ក្នុង​សហគមន៍​អឺរ៉ុប។

ប្រែ​សម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស

XS
SM
MD
LG