ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​នៅ​សេអ៊ូល​បន្ត​ស្ងាត់ស្ងៀម​បន្ទាប់​​ពី​ការបរាជ័យ​​របស់​ក្រុម​ចារកម្ម


Pope Benedict greets the crowd from the central balcony of St. Peter's Basilica at the Vatican, April 19, 2005.
Pope Benedict greets the crowd from the central balcony of St. Peter's Basilica at the Vatican, April 19, 2005.

ឧបទ្ទវ​ហេតុ​មួយ​នៅ​ឯសណ្ឋាគារ​ដ៏​ទំនើប ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ឲ្យ​មើល​ឃើញ​ជា​សាធារណៈ​ដ៏​កម្រ ស្តី​ពី​ពិភព​ចារកម្ម​អន្តរ​ជាតិ។ កាល​ពី​ខែ​កុម្ភៈ តាម​ការចោទ​ប្រកាន់ ​ថា​មាន​ទី​ភ្នាក់ងារ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ (National Intelligence Service) ឬហៅកាត់ថា NIS របស់​ប្រទេស​នេះ ​បាន​ទម្លាយ​ទ្វារ​ចូលក្នុង​បន្ទប់សណ្ឋាគារមួយ​ របស់​សមាជិក​ម្នាក់​នៃ​គណៈ​ប្រតិភូ​មួយក្រុម​ ដែល​តំណាង​ឲ្យ​លោក​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី។

អាជ្ញាធរកូរ៉េ​ខាង​ត្បូង នៅ​តែ​ស្ងាត់​ស្ងៀម អស់​រយៈ​ពេល​ពីរ​ខែ​កន្លះ បន្ទាប់​ពី​ការទម្លាយទ្វារ​ដ៏​អាថ៍​កំបាំង​ ចូល​ទៅ​ក្នុង​បន្ទប់​លេខ ១៩៦១ នៃ​សណ្ឋាគារ​ឡូតេ (Lotte Hotel) នៅ​ទី​ក្រុង​សេអ៊ូល។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក និយាយ​ថា ភ្នាក់​ងារ​បី​នាក់​នៃ​សេវា​កម្ម​ស៊ើប​ការណ៍​សម្ងាត់ ត្រូវបាន​ប្រទះ​ឃើញ​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ នៃ​ទី​ប្រជុំជន​មួយ ដោយ​បានរុះរើ​ម៉ាស៊ីន​កុំព្យូទ័រយួរដៃ របស់​គណៈ​ប្រតិភូ​ឥណ្ឌូនេស៊ី​ ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច។ អ្នក​ទាំង​បី​នេះ ដែល​តាម​សេចក្តី​រាយ​ការណ៍​ថា​ មាន​បុរស​ពីរ​នាក់ និង​ស្រ្តី​ម្នាក់​ផង បាន​គេច​ខ្លួន​ចេញ​បាត់។

នៅ​ចំ​ពេល​ដែល​មាន​ការ​គាស់​ទ្វារ​ចូល​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គណៈ​ប្រតិភូ​មួយ​ក្រុម ដឹក​នាំ​ដោយរដ្ឋ​មន្ត្រី​សេដ្ឋកិច្ចរបស់​ឥណ្ឌូនេស៊ី ស្ថិត​នៅឯកិច្ច​ប្រជុំជាមួយលោក​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លី​ យ៉ុងបាក់ (Lee Myung-bak)។

ប្រទេស​ទាំង​ពីរ បាន​កំពុង​ចរចា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​មួយ ទាក់​ទង​នឹងការនាំ​ចេញ​បច្ចេក​វិទ្យាការពារ​ជាតិ ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​រាប់​បញ្ចូល​ទាំង យន្តហោះ​ប្រតិកម្ម​ល្បឿន​លឿន​ជាងសម្លេងសម្រាប់​យក​មក​ហាត់​ហ្វឹកហ្វឺន។

លោក ជុង យ៉ុងស៊ុក (Jung Yong-suk)​ សាស្ត្រាចារ្យ​ចូល​និវត្តន៍​ផ្នែក​ខាង​វិទ្យា​សាស្ត្រនយោបាយ​នៃសាកល​វិទ្យា​ល័យ​ដានឃុក (Dankook University) ថ្លែង​ថា លោក គ្មាន «ការ​មន្ទិល​សង្ស័យ» អំពី​ថា​តើនរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការទម្លាយ​ទ្វារ​ចូល​នោះ​ទេ។

លោក ជុង និយាយ​ថា វា​ច្បាស់​ជា​ធ្វើ​ឡើង​ដោយ ទី​ភ្នាក់​ងារចារកម្មរបស់​កូរ៉េ​ខាង​ត្បូង។ លោក​ បាន​បន្ត​ថា ការ​ទម្លាយ​ទ្វា​រចូល​នោះ គួរ​ត្រូវ​បានចាត់​ទុក​ថា​ជា សកម្ម​ភាព​ចារកម្ម​ផ្នែក​ឧស្សាហកម្ម ជា​ជាង​ចារកម្ម​ខាង​នយោបាយ។

លោក ជុង ពន្យល់​ទៀត​ថា រឿង​នេះ គឺ​ជា​អ្វី ដែល​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​តែប្រទេស​នេះ ពឹង​ផ្អែក​ទាំង​ស្រុង ទៅ​លើ​ការ​នាំ​ចេញ។ សាស្ត្រា​ចារ្យ​រូប​នេះ មាន​ប្រសាសន៍​ថា កូរ៉េ​ខាង​ត្បូង ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង ក្នុង​ចំណោមប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំ​ចេញ ហើយ ត្រូវ​នាំ​មុខ​គេ​ក្នុង​កិច្ច​ការ​នោះ ដូច្នោះហើយ​ចារកម្មផ្នែក​ឧស្សាហកម្ម មាន​សារៈ​សំខាន់ និងត្រូវបាន​លើក​ទឹក​ចិត្ត។ លោក បាន​បញ្ជាក់​ថា ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់ ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​ខ្លួន​អាច​ធ្វើ​បាន ប៉ុន្តែ​ជា​អកុសល ត្រូវបាន​ចាប់​ជាប់​ក្នុង​ទង្វើ​បែប​នោះ។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ និង​បណ្តាញផ្សព្វ​ផ្សាយ​ព័ត៌មាន​ដទៃ​ទៀត ក្រុម​មន្ត្រី​នៃ​សេវា​កម្ម​ស៊ើប​ការណ៍​សម្ងាត់​ជាតិ បាន​បដិសេធ​ជា​រឿយៗ​ថា ភ្នាក់​ងារ​របស់​ខ្លួន មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គាស់​ទ្វារ​ចូល​ដ៏​ខ្ជី​ខ្ជា​នោះ​ទេ ប៉ុន្តែនិយាយ​ថា សេវា​កម្ម​ស៊ើប​ការណ៍​សម្ងាត់​ជាតិ នឹង​មិន​ចេញ​បទ​អត្ថាធិប្បាយជា​ផ្លូវ​ការ​ណា​មួយ​ឡើយ។

សមាជិក​ម្នាក់​នៃ​សហគមន៍​ស៊ើប​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់វីអូអេដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះថា ឧបទ្ទវ​ហេតុ​នោះ ជំរុញ​ឲ្យ​សហការី​របស់​លោក ចោទ​សួរ​ស្តី​ពី​ជំនាញ​អាជីពរបស់​សមាជិក​ក្នុង​ក្រុម​មួយ​ចំនួន។

លោក ចូ យុនអូ (Cho Hyun-oh) ស្នង​ការ​ប៉ូលីស​ជាតិ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា ការ​ដាក់​ទោស​ទៅ​លើ​អ្នក​ទទួល​ខុស​ត្រូវ នឹង​មិន​មាន​ប្រយោជន៍​ទេ ប្រសិន​បើការ​ដាក់​ទោស​នោះ​ស្តែង​ឲ្យ​ឃើញ​ថា ពួក​គេ​ ជា​ភ្នាក់​ងារស៊ើប​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង។ លោក​ បាន​សំអាង​ហេតុ​ផល​ទៅ​លើ «ផល​ប្រយោជន៍​ជាតិ»។

អតីត​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក និង​អ្នក​ការ​ទូត​ចូល​និវត្តន៍ ដែល​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​មិន​ចង់​ឲ្យ​មាន​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ​បន្ថែម​ពី​នេះ​ទេ បាន​ពិពណ៌នា​ឧបទ្ទវ​ហេតុ​នេះ ថា​ជា​រឿង​អាម៉ាស់​យ៉ាង​ធំ​ធេងសម្រាប់​កូរ៉េ​ខាង​ត្បូង។ ពួក​គេ​និយាយ​ថា ប្រតិបត្តិ​ការ «ស្បោង​ខ្មៅ»​ ឬហៅជាភាសាអង់គ្លេសថា « black bag» ត្រូវ​បាន​ធ្វើ​ឡើង​គ្រប់​ពេល ប៉ុន្តែ​ថា ប្រតិបត្តិ​ការ​នោះ កម្រ​ត្រូវ​បាន​ចាប់​ជាប់​ណាស់ ដោយ​សារ​តែការ​តាម​ឃ្លាំ​មើលយ៉ាង​ហ្មត់​ចត់ ទៅ​លើ​ទី​តាំង​ ដែលបាន​កំណត់​មុខ​សញ្ញា​រួច​ហើយ។ ក្រុម​មន្ត្រី សម្តែង​ការ​ភ្ញាក់​ផ្អើល ដែល​ថា ឧបទ្ទវ​ហេតុ​នេះ បាន​ខូចការណ៍​ ហើយ​លេច​ឮ​ជា​សាធារណៈ​ទៀត ។

លោក ភីតធឺ អើនណេស (Peter Earnest) នាយក​ប្រតិបត្តិ​នៃ​សារៈ​មន្ទីរ​ចារកម្ម​អន្តរ​ជាតិ នៅ​ទី​ក្រុង​វ៉ាស៊ីនតោន និង​ជា​មន្ត្រី​ជើង​ចាស់​នៃ​ប្រតិបត្តិ​ការ​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់កណ្តាល ឬ​ហៅ​កាត់​ថា​ CIA បាន​ពន្យល់​ថា ប្រតិបត្តិ​ការ​សម្ងាត់​បែប​នេះ កាន់​តែ​ក្លាយ​ជា​រឿង​ទូទៅហើយ។

«ដោយ​សារ​កត្តា​សកល​ភាវូប​នីយកម្ម និង​ការ​ប្រកួត​ប្រជែង​គ្នា​ជា​សកល យើង​នឹង​កាន់​តែ​ឃើញរឿង​នេះ​កើត​មាន​កាន់​តែ​ច្រើន​ឡើង។ រដ្ឋា​ភិបាល​ផ្សេងៗ​មួយ​ចំនួន បាន​ត្រៀម​ប្រើ​ប្រាស់​ក្បាល​ម៉ាស៊ីន​ស៊ើប​ការណ៍​សម្ងាត់រដ្ឋា​ភិបាលរបស់​ខ្លួន ដើម្បី​គាំ​ទ្រ​ដល់ឧស្សាហកម្មនាំ​មុខគេ​របស់​ខ្លួន»។

ទី​ភ្នាក់​ងារ​ចារកម្មរបស់​កូរ៉េ​ខាង​ត្បូង បាន​ប្រឈម​មុខ​ទៅ​នឹង​ការ​រិះ​គន់ពីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​ទី​នេះ​ជាបន្ត​បន្ទាប់ ដែល​មិន​មែន​ទៅ​លើ​អ្វីដែល​ទី​ភ្នាក់​ងារ​នេះបាន​ព្យាយាម​ធ្វើ នៅ​ឯ​សណ្ឋាគារ​ឡូតេ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​ទៅ​លើ​ការណ៍ដែល​ត្រូវ​បាន​ចាប់​ជាប់។

កាសែត​លេច​ធ្លោ​មួយ​ចំនួន ព្រម​ទាំង​អ្នក​នយោបាយ មក​ពី​គ្រប់​និន្នាការនយោបាយទាំង​អស់ អំពាវ​នាវ​សុំ​ឲ្យលោក វ៉ុន សេហ៊ូន (Won Sei-hoon) ប្រធាន​សេវា​កម្ម​ស៊ើប​ការណ៍​សម្ងាត់ជាតិរបស់​កូរ៉េ​ខាង​ត្បូងលាលែង​ពី​តំណែង​។

កាល​ពី​ខែ​មុន លោក​ប្រធានា​ធិបតី លី បាន​ផ្លាស់​ប្តូរមុខ​តំណែង​នាយក​រង​ចំនួន​ពីរ ក្នុង​ចំណោមមុខ​តំណែង​នាយក​រង​ចំនួន​បី៕

ប្រែសម្រួលដោយ​ លី សុខឃាង

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00
XS
SM
MD
LG