ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក​ធ្វើ​ការ​ពិនិត្យ​ការ​ស៊ើបអង្កេត​ពី​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា


លោក Richard Burr ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​នៅ​ក្នុង​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
លោក Richard Burr ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​នៅ​ក្នុង​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក កំពុង​ផ្តោត​លើ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នៅពេល​ដែល​គណៈកម្មាធិការ​នោះបើក​សវនាការ​ដែល​ជាផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ក្នុង​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​ ហើយ​និង​ពី​លទ្ធភាព​នៃ​ការ​រួម​គំនិត​ពី​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​របស់​ប្រធានា​ធិបតី​ត្រាំ។​

គណៈកម្មាធិការ​បាន​ពណ៌​នា​ក្នុង​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ថា​ជា​សៀវភៅ​ស្តី​ពី​ប្រវត្តិសាស្ត្រ និង​ចរិត​លក្ខណៈ​នៃ​វិធានការ​ដ៏​សកម្ម​ និង​យុទ្ធ​នា​ការ​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​ ហើយ​និង​សមត្ថភាព​ខាង​សន្តិសុខប្រព័ន្ធ​កុំព្យូទ័រ​របស់​ប្រទេស​រុស្ស៊ី។

មុន​ពេល​សវនាការ​សាធារណៈ​ដែល​មានការពិនិត្យ​មើល​យ៉ាង​ដិត​ដល់ ​ប្រធាន​គណៈកម្មាធិការ​នោះ​របស់​គណបក្ស​សាធារណរដ្ឋ​ និង​មេដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យបាន​សន្យា​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​អស់​ពីកម្លាំង​កាយ​ចិត្ត ​និង​មិន​លម្អៀង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​ខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ។

លោក Richard Burr សមាជិក​ព្រឹទ្ធ​សភា​ខាងគណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ North Carolina និង​ជា​ប្រធានគណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ ​បាននិយាយ​នៅ​ឯ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា «ទំហំ​នៃ​ការ​ស៊ើបអង្កេត​នេះ​នឹង​ទៅ​ទី​កន្លែង​ណា​ដែល​ការ​ស៊ើបអង្កេត​នេះ​នាំ​ទៅ​ដល់‍»។

សមាជិក​ព្រឹទ្ធ​សភា Mark Warner នៃ​រដ្ឋ Virginia ដែល​ជា​សមាជិក​របស់​គណៈកម្មាធិ ការ​នោះ​បាន​និយាយ​ថា «យើង​នឹង​ជីក​ឬស​គល់​ទាល់​តែ​រក​ឃើញ​ការ​ពិត»។

លោក​សមាជិក​ព្រឹទ្ធ​សភា Burr បាន​និយាយ​ថា យើង​បាន​ទទួល​ឯកសារ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ការ​ពី​ពេល​មុន ​ហើយ​គណៈកម្មាធិការកំពុង​ធ្វើ​ការ​ចរចា​យ៉ាង​ខ្ជាប់​ខ្ជួន​ជាមួយ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ដើម្បីឲ្យ​បាន​ចូល​ពិនិត្យ​មើល​ឯកសារ​បន្ថែម​ ទៀត។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ​នឹង​មាន​ការ​សម្ភាសន៍​យ៉ាង​ហោច​ណាស់​ក៏​២០​ដែរ ​រួម​ទាំង​លោក Jared Kushner ​ដែល​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​កូនប្រសារ​របស់​ប្រធានាធិបតី​ត្រាំ​ដែល​បាន​ស្ម័គ្រ​ចិត្ត​និយាយ​ជាមួយ​គណៈកម្មាធិការ​នោះ។

​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​បាន​និយាយ​ថា «គណៈកម្មាធិការ​នោះ ​នឹង​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក Kushner ​នៅពេល​ដែល​គណៈ​កម្មាធិការ​នោះ​សម្រេច​ថា វា​ជា​ពេល​វេលា​សម្រាប់​យើង​កំណត់​កាលបរិច្ឆេទ​ ឬ​ក៏អត់‍»។​ ទាំង​លោក Burr ឬ​លោក Warner ​មិន​បាន​បញ្ចេញ​ការ​សន្និដ្ឋាន​ដែល​បាន​ធ្វើ​ឡើងរហូត​មក​ទល់​ពេល​នេះ​ទេ លើកលែង​តែ​និយាយ​ពីបំណង​របស់​រុស្ស៊ី។ សមាជិក​ព្រឹទ្ធ​សភា Warner បាន​និយាយ​ថា «គោលដៅ​របស់​ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិកកាន់​តែ​ចុះ​ខ្សោយ​ឡើង។ ​ចុះ​ខ្សោយ​ខាង​ផ្នែក​សេដ្ឋ​កិច្ច ចុះ​ខ្សោយ​ជាសាកល។ ​ហើយ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​កង្វល់​ដល់ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ដោយ​មិន​គិត​ពី​គណបក្ស‍»។

រហូត​មក​ទល់​ពេល​នេះ ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្របាន​ដឹកនាំ​ការ​ស៊ើបអង្កេត​ពី​ប្រទេស​រុស្ស៊ី។ ក៏ប៉ុន្តែ ​គណៈកម្មាធិការ​នេះ ​បាន​លុប​ចោល​សវនាការ​សាធារណៈ​មួយ​នៅ​សប្តាហ៍​នេះ​នៅពេល​ដែល​មាន​ការ​រិះគន់លោក Devin Nunes សមាជិក​សភាតំណាងរាស្ត្រខាង​គណបក្ស​សាធារណរដ្ឋ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​នោះ​ដែល​ខ្លួន​លោក​ផ្ទាល់​បានប្រាប់​ប្រធា​នា​ធិបតី​ត្រាំ​ពីឯកសារ​សម្ងាត់​ដែល​លោក​មិន​ទាន់​បាន​ចែក​រំលែក​ជាមួយ​គណៈកម្មា​ធិការ​នោះ​ឡើយ។

ដោយ​គណៈ​កម្មាធិការ​សភា​តំណាង​រាស្ត្រ​ហាក់​ដូចជា​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់​គណៈ​កម្មា​ធិការ​ព្រឹទ្ធសភា​ឥឡូវ​នេះកំពុង​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ។ លោក Burr ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​បោះ​ឆ្នោត​ឲ្យលោក​ត្រាំ​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​ទៅ​ ​ក៏ប៉ុន្តែ ​លោក​បាន​បដិសេធ​ថា ​ភាព​ស្មោះ​ត្រង់​នឹង​គណបក្ស​ដោយ​ការ​បោះ​ឆ្នោត​នោះ​មិន​បាន​ជួយ​ការងារ​របស់​លោក​ទេ។

ទោះ​យ៉ាង​នោះ​ក៏ដោយ ចំនួន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កើន​ឡើង​និយាយថា ការ​ពិត ​ប្រហែល​មិន​កើត​មាន​ឡើងនៅ​ក្នុង​គណៈកម្មាធិការ​នីតិបញ្ញត្តិដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG