អនុគណកម្មាធិការមួយទទួលបន្ទុកខាងការទាក់ទងបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានធ្វើសវនាការមួយ កាលពីថ្ងៃពុធ ដើម្បីពិនិត្យមើលមធ្យោបាយឆ្លើយតបទៅនិងភាពរាំងស្ងួតនិងទុរ្ភិក្សដ៏អាក្រក់បំផុតនៅទ្វីបអាហ្វ្រីកខាងកើតហៅ Horn of Africa ក្នុងពេល ៦០ ឆ្នាំកន្លងទៅនេះ។ អ្នកជំនាញការនិងអ្នកតែងច្បាប់បានសំដែងស្វាគមន៍ចំពោះសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសដែលថា សហរដ្ឋអាមេរិកនឹងបន្ធូរទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងភេរវកម្ម ទល់និងក្រុមភេរវករ អាល់-ស្ហាបាប់ (al-Shabaab) ដែលមានមូលដ្ឋាននៅប្រទេស សូម៉ាលី (Somalia) ដើម្បីដំឡើងលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់នោះ។
ប្រទេស សូម៉ាលី ស្ថិតនៅចំណុចកណ្តាលនៃវិបត្តិរាំងស្ងួតនិងទុរ្ភិក្ស។ អង្គការសហប្រជាជាតិនិយាយថាមនុស្សជាង ១២ លាននាក់នៅក្នុងទ្វីបអាហ្វ្រីកខាងកើត ហៅ Horn of Africa កំពុងត្រូវការជំនួយម្ហូបអាហារយ៉ាងខ្លាំង។ ហើយអង្គការសហប្រជាជាតិបានប្រកាសទុរ្ភិក្សនៅក្នុងកន្លែងថ្មីបីនៃប្រទេស សូម៉ាលី។
ក្រុមអ្នកជំនាញការដែលបានឆ្លើយសំនួរនៅក្នុងសវនាការរបស់អនុគណកម្មាធិការទទួលបន្ទុកខាងកិច្ចការអាហ្វ្រីកនិយាយថា គេពិបាកស្ទង់ទំហំនៃវិបត្តិនេះ ដែលកំពុងរីកទៅពាសពេញទ្វីបអាហ្វ្រីកខាងកើតទាំងមូល។
អ្នកស្រី នែនស៊ី លិនប៊ក (Nancy Lindborg) ជាមន្រ្តីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (U.S. Agency for International Development)។
«យើងកាក់ស្មានថា ក្នុងពេល ៩០ថ្ងៃកន្លងទៅនេះ កុមារជាតិសូម៉ាលីចំនួន ២ម៉ឺន ៩ពាន់នាក់ បានស្លាប់ គឺជិតបួនភាគរយនៃចំនួនកុមារនៅក្នុងអាហ្វ្រីកភាគខាងត្បូង»។
មេដឹកនាំអង្គការសង្គ្រោះដែលឆ្លើយសំណួរនៅក្នុងសវនាការនេះ និយាយថា គេត្រូវការប្រាក់សម្រាប់ជំនួយម្ហូបអាហារយ៉ាងច្រើនពីមនុស្សឯកជននិងពីរដ្ឋាភិបាល។ អ្នកទាំងនេះបានអំពាវនាវឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកជំទាវ មីស្ហ៊ែល អូបាម៉ា (Michelle Obama) ជួយលើកទឹកចិត្តឲ្យមនុស្សផ្តល់ជំនួយទៅឲ្យអ្នកដែលកំពុងមានសេចក្តីត្រួវការ (ម្ហូបអាហារ)នៅក្នុងប្រទេសសូម៉ាលិ និងតំបន់ដទៃទៀតនៅក្នុងទ្វីបអាហ្វ្រីកខាងកើត។
ឧបសគ្គធំបំផុតមួយនៅក្នុងការផ្តល់ជំនួយទៅឲ្យប្រទេសសូម៉ាលីគឺអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ អាល់-ស្ហាបាប់ ដែលមានទំនាក់ទំនងជាមួយពួក អាល់-ខៃដា។ ក្រុមនេះជាអ្នកសម្រេចថាតើអង្គការជំនួយណាដែលអាចចូលទៅបាន ហើយទារយកកម្រៃពីអង្គការសង្គ្រោះដែលចង់នាំយកម្ហូបនិងទឹកទៅចែកចាយឲ្យមនុស្សដែលត្រូវការជំនួយ។ ចំនួន ៦០ភាគរយនៃជនដែលត្រូវការជំនួយក្នុងប្រទេសសូម៉ាលី ស្ថិតនៅក្នុងតំបន់ដែលពូក អាល់-ស្ហាបាប់ កំពុងត្រួតត្រា។
វិបត្តិនេះបានបង្ខំឲ្យប្រជារាស្រ្តសូម៉ាលីជាច្រើននាក់ភៀសខ្លួនទៅប្រទេសជិតខាងដូចជា កេនយ៉ា (Kenya) និង អេត្យូពី (Ethiopia) ជាដើម ឬទៅកាន់តំបន់នៃប្រទេសសូម៉ាលីដែលរដ្ឋាភិបាលត្រួតត្រា នៅកន្លែងដែលពួកគេអាចទទួលជំនួយម្ហូបអាហារបាន។ ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងក្រុមអ្នកជំនាញការឯកជនបានថ្លែងជំរាបអនុគណកម្មាធិការព្រឹទ្ធសភាថា ក្រុម អាល់-ស្ហាបាប់ កំពុងតែឃាត់ទុកប្រជារាស្រ្តប្រឆាំងនិងឆន្ទៈរបស់ពួកគេ ដើម្បីរារាំងមិនឲ្យជនទាំងនោះអាចគេចចេញទៅកាន់តំបន់ដែលពួកគេអាចទទួលម្ហូបអាហារបាន៕
ប្រែសម្រួលដោយ កែរ យ៉ាន