ក្រៅពីធ្វើការពិភាក្សាបញ្ហានយោបាយ សេដ្ឋកិច្ច អំពើពុករលួយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សហប្រតិបត្តិការប្រឆាំងភេរវកម្ម បញ្ហាសមុទ្រចិនខាងត្បូង និងទំនាក់ទំនងអាមេរិកអាស៊ាន លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសស.រ.អា. ក៏បានបង្ហាញផងដែរនូវចំណាប់អារម្មណ៍របស់លោកទាក់ទងនឹងវត្ថុបុរាណចោរលួច ហើយដែលរដ្ឋាភិបាល ស.រ.អា.បានជួយក្នុងការប្រគល់មកឲ្យប្រទេសកម្ពុជាវិញ ដែលជាប្រទេសកំណើតរបស់វត្ថុបុរាណទាំងនេះ។
អំឡុងទស្សនកិច្ចដ៏មមាញឹករយៈពេល២ថ្ងៃ លោកប្រមុខការទូត ស.រ.អា.បានឆ្លៀតឱកាសរយៈពេលមួយម៉ោងទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដែលមានកំណើតឆ្នាំ១៩២០ នៅជិតព្រះបរមរាជវាំង ដែលមានតាំងវត្ថុបុរាណជាង១.៦០០មុខនៃវត្ថុបុរាណជាង១៧.០០០មុខនៅសារមន្ទីរនេះ។
ក្នុងសន្និសីទព័ត៌មានមុនពេលបញ្ចប់ទស្សនកិច្ច លោក ចន ឃែរី បានប្រាប់អ្នកយកព័ត៌មានអំពីកម្មវិធីរបស់លោកនៅសារមន្ទីរជាតិយ៉ាងដូច្នេះថា៖
«ព្រឹកមិញ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាសារមន្ទីរជាតិ ដែលជាកន្លែងដែលវត្ថុបុរាណត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកវិញ។ សារមន្ទីរនេះជាទ្រព្យសម្បត្តិដ៏អស្ចារ្យ ដែលជារតនសម្បត្តិពីអតីតកាល ដែលប្រាប់ពីការអភិវឌ្ឍរបស់មនុស្សជាតិនៅក្នុងពិភពលោក នៅក្នុងតំបន់នេះ»។
នៅសារមន្ទីរជាតិលោក ចន ឃែរី ត្រូវបានលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌លោក គង់ វីរៈ ប្រធានសារមន្ទីរជាតិ ហើយនិងមន្ត្រីសារមន្ទីរជាតិនានាទទួលស្វាគមន៍ និងនាំទៅទស្សនាកន្លែងសំខាន់ៗសម្រាប់លោកទស្សនា ជាពិសេសរោងជាងជួសជុលវត្ថុបុរាណបាក់បែក ហើយជាពិសេសនោះគឺវត្ថុបុរាណដែលស.រ.អា.បានជួយស្វែងរក និងបញ្ជូនមកកម្ពុជាវិញ តាមអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរជាងមួយទសវត្សរ៍មកហើយនោះ។
ថ្មីៗរដ្ឋាភិបាល ស.រ.អា.បានជួយក្នុងការបញ្ជូនវត្ថុបុរាណ ដែលអ្នកទិញនៅស.រ.អា.ស្ម័គ្រចិត្តប្រគល់ឲ្យប្រទេសកម្ពុជាវិញ និងតតាំងនៅតុលាការក្នុងករណី ដែលអ្នកទិញនៅស.រ.អា.មិនព្រមប្រគល់វត្ថុបុរាណជាច្រើន ដែលមិនអាចកាត់ថ្លៃបាន ដែលរួមមានរូបចម្លាក់ផងដែរ។
ទស្សនកិច្ចរបស់លោក ចន ឃែរី នៅសារមន្ទីរជាតិដែលមានដាក់តាំងវត្ថុបុរាណ១.៦០០នៃវត្ថុបុរាណ១៧.០០០នោះ មានអត្ថន័យធំធេងសម្រាប់ប្រទេសកម្ពុជា។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ VOA ថា ស.រ.អា. និងប្រទេសកម្ពុជាមានអនុស្សរណៈយោគយល់គ្នាបីអាណត្តិ គឺតាំងពីឆ្នាំ២០០៣ក្នុងការប្រគល់វត្ថុសិល្បៈបុរាណមកឲ្យប្រទេសដើមវិញ។
លោករដ្ឋលេខាធិការ ជុច ភឿន បានឲ្យដឹងថា គោលបំណងធំបំផុតនៃទស្សនកិច្ចរបស់លោក ចន ឃែរី នៅសារមន្ទីរជាតិគឺស.រ.អា.ចង់ដឹងថា តើវត្ថុបុរាណដែលរដ្ឋាភិបាលអាមេរិកបានខំព្យាយាមបញ្ជូនមកប្រទេសកម្ពុជាវិញនោះបានទទួលការថែទាំកម្រិតណា។ លោកពន្យល់ថា៖
«យើងបានគិតថា ប្រហែលជាលោកចង់ដឹងអំពីបុរាណវត្ថុដែលបានវិលពីសារមន្ទីរ Metropolian (ញូវយ៉ក) ក្តី ដូចជាមកពី Sotheby ដែលយករូបទៅដាក់តាំងលក់ ហើយក្តីក្តាំគ្នា ហើយរដ្ឋាភិបាលអាមេរិកជួយកម្ពុជាក្នុងវិស័យនេះ ក្នុងវិស័យតុលាការ គឺថា តក្តីឈ្នះដោយសាររដ្ឋាភិបាល(អាមេរិក)តែម្តង។ ដូច្នេះកាយវិការនេះ យើងកាត់ថ្លៃមិនបានទេ។ ហើយប្រហែលយើងចាត់ទុកថា ប្រហែលគាត់ចង់ដឹងរឿងហ្នឹងថា តើបុរាណវត្ថុនោះមកដល់ប្រទេសកម្ពុជាមែនដែរឬអត់? ដូច្នេះការណ៍ជាក់ស្តែងមែន ហើយយើងកំពុងតែថែទាំ»។
លោក ជុច ភឿន មានប្រសាសន៍ថា ដោយយល់ពីបំណងទស្សនកិច្ចនេះ ក្រសួងបាននាំលោក ចន ឃែរី ទៅទស្សនារោងជាងអភិរក្សជួសជុលវត្ថុបុរាណដែលបាក់បែក។ បន្ទាប់មកមន្ត្រីសារមន្ទីរក៏ជូនលោកទស្សនាវត្ថុបុរាណផ្សេងៗដែលក្នុងនោះវត្ថុបុរាណប្រគល់ដោយស.រ.អា.ថ្មីនេះផងដែរ។
លោកអំពាវនាវឲ្យប្រទេសផ្សេងៗទៀត ដែលមានវត្ថុបុរាណរបស់ប្រទេសដទៃ គួរធ្វើតាមស.រ.អា.ដែលជាគំរូដ៏ល្អ។
«អារម្មណ៍របស់យើងដែលយើងឃើញបុរាណវត្ថុយើងដែលគេយកទៅដាក់ដេញថ្លៃអញ្ចឹង គឺថាមិនល្អ។ ដូច្នេះយើងបានសុំឲ្យប្រទេសនានា ដែលរកស៊ីលក់ដូរបុរាណវត្ថុហ្នឹង តាមរយៈឯកជនក្តី តាមរយៈសារមន្ទីរក្តី សូមឲ្យយកតម្រាប់តាមសហរដ្ឋអាមេរិក ពីព្រោះនេះជាអំពើដ៏ល្អមួយ ដែលបុរាណវត្ថុខ្មែរ លែងមានវត្តមានទៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក។ បើមានពេលណា គឺថា រដ្ឋាភិបាលនឹងចាប់បញ្ជូនបុរាណវត្ថុទាំងនោះ ត្រឡប់មកស្រុកខ្មែរវិញ»។
លោករដ្ឋលេខាធិការ ជុច ភឿន និយាយដោយបង្ហាញទឹកមុខសោកស្តាយថា វត្ថុបុរាណរបស់ខ្មែរត្រូវបំផ្លាញក្នុងសម័យសង្គ្រាម និងដោយចោរកម្មដែលធ្វើឲ្យខូចទ្រង់ទ្រាយវត្ថុបុរាណមិនអាចកាត់ថ្លៃបាន។
«ការវាយបំបាក់ត្រឹមកជើង កាត់ផ្តាច់ ហើយដឹកយកតែតួអង្គបុរាណវត្ថុហ្នឹងទេ តែអត់យកបល្ល័ង្គ ឬព្រះថែនហ្នឹងនៅកន្លែងដើម»៕