លោក John Kerry រដ្ឋមន្ត្រីការបរទសសហរដ្ឋអាមេរិក បានរំឭកពីកេរដំណែលរបស់លោកដែលលោកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតតុលាការកាត់ក្តីចម្រុះរវាងរដ្ឋាភិបាលខ្មែរនិងអ.ស.ប.ក្នុងការកាត់ទោសខ្មែរក្រហម។
នៅកំឡុងពេលសន្និសីទព័ត៌មានកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីទស្សនកិច្ច ពីរថ្ងៃរបស់លោក លោក John Kerry បានមានប្រសាសន៍ប្រាប់អ្នកព័ត៌មានថា លោកមានភាពសប្បាយរីករាយដែលលោកបានជួយធ្វើឲ្យដំណើរការកាត់ទោសមេដឹកនាំខ្មែរនេះមកទល់សព្វថ្ងៃនេះ។
«កាលពីច្រើនឆ្នាំមុន ក្នុងនាមខ្ញុំជាសមាជិកម្នាក់នៃគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ខ្ញុំបានធ្វើដំណើរមកទីនេះជាច្រើនលើកនៅក្នុងទសវត្សរ៍១៩៩០ដើម្បីជួយរកវិធីធ្វើឲ្យមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ដ៏អាក្រក់នៃវាលពិឃាតដែលមានមនុស្សស្ទើរតែពីរលាននាក់ត្រូវបានសម្លាប់ ហើយយើងអាចរកដំណោះស្រាយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិដែលនាំឲ្យមេដឹកនាំខ្មែរក្រហមមានការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនៃសម័យប៉ុល ពត»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្ថែមទៀតថា៖
«មិនមែនគ្រប់គ្នាបានទទួលកាត់ទោសពីតុលាការនោះទេ។ ប៉ុល ពតផ្ទាល់បានស្លាប់មុនការកាត់ទោសដូចអ្នកផ្សេងៗទៀតដែរ។ ប៉ុន្តែមានអ្នកខ្លះនៅក្នុងពន្ធនាគារ នាពេលបច្ចុប្បន្នដែលជាលទ្ធផលនៃការងារជាបន្តបន្ទាប់ ហើយការទទួលខុសត្រូវនៅតែបន្ត»។
លោកប៊ូ ម៉េង អ្នកនៅរស់រានមានជីវិតពីគុកទួលស្លែងរបស់ខ្មែរក្រហម បាននិយាយថា លោកមិនពេញចិត្តនឹងដំណើរការកាត់ក្តីរបស់តុលាការខ្មែរក្រហមនាពេលបច្ចុប្បន្ននេះទេ។ លោកមានប្រសាសន៍ថា តុលាការមានដំណើរការយឺតខ្លាំងក្នុងការកាត់ទោសជនជាប់ចោទ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនសប្បាយចិត្តទេជាមួយសាលាក្តីខ្មែរក្រហមនេះ»។
លោកមានប្រសាសន៍ថា ទាំងអ្នកដែលរង់ចាំឲ្យមានការកាត់ទោសមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវចំពោះការស្លាប់មនុស្សនេះ បានស្លាប់ជាបន្តបន្ទាប់ មុនពេលដែលពួកគេទទួលបាននូវយុត្តិធម៌ពីសាលាក្តីកូនកាត់មួយនេះ។
«កន្លងមកមានស្លាប់ហូរហែទៅហើយ។ ខ្ញុំព្រួយចិត្តណាស់ ដោយសារសាលាក្តីហ្នឹងវាយឺតពេក! ធ្វើការនឹងដូចជាតឹងដូចអូសឫស្សីច្រាស់ចុង។ អូសឫស្សីច្រាស់ចុងលំបាកយ៉ាងម៉េច? ក្មួយដឹងហើយ!»
ដើមបណ្តឹងភាគច្រើនបានត្អូញត្អែរថា ដំណើរការសាលាក្តីនេះមានភាពយឺតយ៉ាវ ហើយពួកគេមិនបានទទួលយុត្តិធម៌ពេញលេញដោយស្ងប់ចិត្តនោះទេ។
លោកប៊ូ ម៉េងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាពន្លឿនដំណើរការសាលាក្តីខ្មែក្រហម ដើម្បីរកយុត្តិធម៌ក្នុងពេលឆាប់ៗ។
«សំណូមពររបស់ខ្ញុំ គឺឲ្យកាត់ឲ្យរហ័ស»។
សាលាក្តីនេះទើបតែកាត់ទោសជនជាប់ចោទម្នាក់គត់គឺកាំង ហ្កេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលបានសម្លាប់មនុស្សអស់ជិតពីរលាននាក់។
ជនជាប់ចោទដទៃទៀតបានស្លាប់មុនការកាត់ទោស ហើយនៅសល់តែមេដឹកនាំពីររូបតែប៉ុណ្ណោះគឺនួន ជា អតីតបងធំទី២ និងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។ សាលាក្តីនេះកំពុងកាត់ទោសសំណុំរឿង០០២វគ្គ២ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានា រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕