ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ចាប់ផ្ដើម​ក្នុង​រាជធានី​ភ្នំពេញ


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅនៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​នេប៉ាល់ នៅឆ្នាំ២០១៨។ (Facebook/Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅនៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​នេប៉ាល់ នៅឆ្នាំ២០១៨។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ បាន​ចាប់ផ្ដើម​ហើយ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រមុខ​រដ្ឋ ​រដ្ឋាភិបាល ​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​ស្ថាប័ន​ផ្សេងៗ​មក​ពី​ប្រមាណ​៥០​ប្រទេស គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែងរក​មធ្យោបាយ ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​តំបន់។

កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​លើក​ទី​២​នេះ ដែល​បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៨ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ នឹង​ផ្ដោត​សំខាន់​ទៅលើ​ការ​រក្សា​គុណ​តម្លៃ​ជា​សកល​ដូចជា​សន្តិភាព ការ​ផ្ទះផ្សារ​ ការ​ពឹង​អាស្រ័យ​គ្នា​និង​វិបុលភាព​ទៅ​វិញ​ទៅ​មក​ជាដើម។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ថ្លែង​ស្វាគមន៍​ទទួល​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ។​

ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ កើតឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ដោយសារ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូប្រជែង​នយោបាយ​ដ៏​ប្រកៀកប្រកិត​បំផុត​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក​ ហ៊ុន សែន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាលទៅលើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។

​កិច្ចប្រជុំ​នេះ ត្រូវ​បាន​សហការ​រៀបចំ​រួម​គ្នា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​សន្តិភាព​សកល ​(Universal Peace Federation) ដែល​ជា​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​ខាង​ការ​កសាង​សន្តិភាព​អន្តរ​សាសនា និង​ការ​អប់រំ​ខាង​សន្តិភាព។ នេះ​បើ​យោង​តាម​គេហទំព័រ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។

កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ដំបូង ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេសនេប៉ាល់​កាល​ពី​ឆ្នាំ​២០១៨៕

XS
SM
MD
LG