ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ការស្វែងរកសាកសពជនរងគ្រោះបន្តទៀតហើយ ក្រោយមានការបាក់ហូរដីដ៏ធំមួយពេលព្រលឹម នៅកន្លែងបោះតង់សម្រាកមួយកន្លែងនៅភាគខាងជើងទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៦ ខែធ្នូកន្លងទៅនេះ ដែលបានសម្លាប់មនុស្សចំនួន ៣១ នាក់នោះ។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីម៉ាឡេស៊ី ដែលបាននិយាយកាលពីថ្ងៃសៅរ៍ ហើយត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ូលិសម៉ាឡេស៊ីបានឱ្យដឹងថា មនុស្សចំនួន ៩២ នាក់ ដែលមានកូនក្មេងជាច្រើននាក់ផងដែរ ពេលនោះកំពុងលង់លក់ក្នុងដំណេក នៅជំរំបោះតង់មួយកន្លែងដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងកសិដ្ឋានសរីរាង្គមួយក្នុងទីប្រជុំជន Batang Kali នៃរដ្ឋ Selangor របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ធ្នូកន្លងទៅ ស្រាប់តែមានដីនិងល្បាប់ភក់រាប់តោនហូរធ្លាក់យ៉ាងគំហុកពីលើភ្នំមួយនៅក្បែរនោះ។
អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ សុទ្ធតែជនជាតិម៉ាឡេស៊ីទាំងអស់ ដែលក្នុងចំណោមនោះក៏មានកូនក្មេង ១១ នាក់ផងដែរ ហើយមនុស្ស ៦១ នាក់ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត។
មន្ត្រីជាន់ខ្ពស់ជួយសង្គ្រោះមួយរូបគឺលោក Hafisham Mohamad Noor បានប្រាប់ទីភ្នាក់ងារសារព័ទ៌មាន AFP ថា៖ «យើងបានរកឃើញសាកសពចុងក្រោយដែលជាក្មេងប្រុសម្នាក់។ យើងនឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរកនិងសង្គ្រោះនេះ»។
ជនរងគ្រោះជាច្រើនគឺជាក្រុមគ្រួសារ ដែលមកលំហែកាយសម្រាប់ការឈប់សម្រាកចុងឆ្នាំរបស់ពួកគេ។
ទីភ្នាក់ងាររដ្ឋាភិបាលនិងក្រុមបុគ្គលិកជួយសង្គ្រោះជិត ៧០០ រយនាក់ និងភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ ដែលគាំទ្រដោយឆ្កែហិតក្លិននិងម៉ាស៊ីនជីកដីធំៗផងដែរនោះ បានជីកកកាយនៅតាមដីភក់និងគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះនិងសាកសពនៃអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នេះ។
ការបាក់ដីកើតឡើងជារឿយៗនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ជាខ្លាំង ដែលជាញឹកញាប់កើតឡើងនៅចុងឆ្នាំ។ បើទោះបីជាយ៉ាងនេះក្តី គេពុំឃើញមានភ្លៀងធ្លាក់ខ្លាំងពេលយប់នៅក្នុងតំបន់ប្រជុំជន Batang Kali នោះឡើយ នៅមុនការបាក់ដីនោះ។
គេនៅចាំព្រឹត្តិការណ៍មួយដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងច្រើនបំផុតក្នុងប្រទេសម៉ាឡេស៊ីនោះ គឺការបាក់ដីកាលពីឆ្នាំ ១៩៩៣ ដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងនោះ បានធ្វើឱ្យអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់មួយកន្លែង នៅជិតរដ្ឋធានីកូឡាឡាំពួ បានបាក់រលំ ដោយសម្លាប់មនុស្សអស់ ៤៨ នាក់នៅពេលនោះ៕