ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជម្លោះ​សមុទ្រ​ឆ្លុះ​បញ្ចាំង​​ពី​ផល​លំបាក​របស់​អ្នកនេសាទ​វៀតណាម​


អ្ន​កនេសាទ​វៀតណាម​នៅ​ទី​ក្រុង​ Danang ភូមិ​ភាគ​កណ្តាល​ប្រទេស។ (រូបថត​ឯកសារ)
អ្នក​បើក​នាវា​ជនជាតិ​វៀតណាម​លោក Dang Van Nhan​ បាន​ទុក​ឲ្យ​នៅ​ឥត​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ឯ​ប្រទេស​វៀតណាម​កណ្តាល​ដោយសារ​តែ​ទូក​នេសាទ​របស់​លោក​ស្ថិត​នៅ​ឯ​បាត​សមុទ្រ​ចិន​ខាងត្បូង​នោះ។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ឧបទ្ទវហេតុ​នៃ​ការ​ប៉ះទង្គិច​រវាង​ទូក​នេសាទ​របស់​លោក​និង​នាវា​ចិន​កាល​ពី​ខែ​មុន​ ជំនួយ​វិភាគទាន​ចាប់​ផ្តើម​មក​ឲ្យ​លោក​ពី​ពាស​ពេញ​ប្រទេស។​ ប៉ុន្តែ​លុយ​ទាំង​នេះ​មិន​មាន​គ្រប់គ្រាន់​ក្នុងការ​ជួយ​ឲ្យ​គាត់​សាងសង់​នូវ​ទូក​នេសាទ​ថ្មី​មួយទៀត​ដែល​មាន​តម្លៃ​ ២០០.០០០​ដុល្លាររ​ ដើម្បី​ឲ្យ​គាត់​ចាប់​ផ្តើម​ដំណើរការ​ជា​ថ្មី​នោះ​បាន​ទេ។​

ខណៈពេល​ដែល​វៀតណាម​និង​ចិន​កំពុង​បន្ត​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​អាកប្បកិរិយា​ដ៏​គឃ្លើន​របស់​ភាគី​និមួយៗ​ ភាព​តានតឹង​ទាក់ទិន​នឹង​ជម្លោះ​នេះ​បាន​ទម្លាក់​បន្ទុក​ធ្ងន់​មក​លើ​អ្នក​នេសាទ​ដូច​មាន​លោក ញ៉ាន​ នេះ​ជាដើម។​

អ្នក​នេសាទ​វៀតណាម​ត្រូវ​បាន​អាជ្ញាធរ​ជំរុញ​ឲ្យ​រក្សា​វត្តមាន​របស់​ខ្លួន​ក្នុង​ដែន​សមុទ្រ​នេះ​ដើម្បី​ការពារ​នូវ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​វៀតណាម។​ ប៉ុន្តែ​អ្នក​រិះគន់​និយាយា​ថា ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្នុង​អំឡុង​ពេល​ប្រឈមមុខ​ដាក់គ្នា​ឥត​ស្រាកស្រាន្ត​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ​នេះ។​

អ្នក​បញ្ចេញ​មតិ​តាម​បញ្តាញ​សង្គម​ខ្លះ​បាន​មាន​មតិ​កាន់​តែ​ធ្ងន់​បន្ថែម​ពី​នេះ​ទៀត​ ដោយ​និយាយ​ថា ​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ​កំពុង​ប្រើប្រាស់​អ្នកនេសាទ​ទាំងនេះ​ជា​ខែល​មនុស្ស​ យ៉ាង​ណាមិញ​ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​មន្រ្តី​វៀតណាម​បដិសេធ។​

លោក Tran Van Linh​ ប្រធាន​សមាគម​នេសាទ​ Da Nang​ បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាម​ថា​ អាជ្ញាធរ​មិន​ដែល​បង្ខំ​ញ៉ាន​ឫ​អ្នក​ដទៃ​ទៀត​ឲ្យ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នោះ​ទេ។​

«ពួកគេ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ការពារ​ទឹកដី​ដោយ​បន្ត​ការ​នេសាទ​នៅ​ក្នុង​ទឹកដី​របស់​យើង។​ ពួកយើង​បានប្រាប់​ទៅ​អ្នកទាំងនោះ​ថា​ឲ្យ​ដកថយ​ប្រសិនបើ​ជួប​ជាមួយនឹង​កងទ័ពចិន​នោះ​។​ ពួកគេ​ត្រូវបានប្រាប់​មិនឲ្យ​បង្ក​ហេតុ​ ឬ​ប្រព្រឹត្ត​នូវ​សកម្មភាព​គឃ្លើន​ណា​មួយ​ទេ។ ​អ្វី​ដែល​ចិន​បាន​ធ្វើ​គឺ​ដើម្បី​បញ្ឈប់​យើង​មិន​ឲ្យ​បន្ត​នេសាទ​ ហើយ​ពួកគេ​នឹង​កាន់​កាប់​ដែន​សមុទ្រ​នោះ​ដោយ​មិន​ស្របច្បាប់»។​

នៅ​សប្តាហ៍​នេះ​ សភា​ជាតិ​វៀតណាម​ ចុះ​ហត្ថលេខា​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​៧៥៦​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កងទ័ព​ជើងទឹក​ និង​ក្រុម​អ្នកនេសាទ​របស់​វៀតណាម។​

សមាជិក​សភា​លោក Nguyen Si Cuong​ ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​ម្នាក់​នៃ​គណកម្មាធិការ​ច្បាប់​របស់​សភាជាតិ បាន​ប្រាប់​វីអូអេ​ថា​ វា​ជា​វិធានការ​ចាំបាច់​ណាស់។​

លោក​ថ្លែង​ថា៖ «អ្នក​នេសាទ​កំពុង​តែ​ប្រឈមមុខ​នឹង​បញ្ហា​លំបាក​ជាច្រើន​នៅ​ឯ​សមុទ្រ​ ដូច្នេះ​ហើយ​ពួកយើង​ត្រូវតែ​ជួយ​ពួកគេ​ធ្វើ​ការ​របស់​ពួកគេ។​ មិន​មែន​មាន​ន័យ​ថា​ ពួកយើង​គាំទ្រ​អ្នក​ទាំង​នោះ​ឲ្យ​ប្រថុយ​ប្រថាន​ប្រឈម​មុខ​ប្រឆាំង​ជាមួយ​កងកម្លាំង​ចិន​នោះទេ។ ​

វរសេនីយ៍ឯក​ Nguyen Quang Trung​ មេបញ្ជាការ​ប្រចាំ​នៅ​កង​ឆ្មាំ​សមុទ្រ ​Coast Guard​ តំបន់ទី២​ ឯ​វៀតណាម​កណ្តាល​ យល់​ស្រប​នឹង​មតិ​របស់​លោក Cuong​ ដោយ​លោក​បាន​និយាយ​ថា​ ក្រុម​ពង្រឹង​ច្បាប់​សមុទ្រ​ បាន​ត្រូវ​ដំឡើង​កម្លាំង​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​អ្នកនេសាទ។​

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ បាន​ធ្វើ​ការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ ក្នុង​ការ​ធ្វើ​ឲ្យ​ភាព​តានតឹង​មាន​កាន់តែ​ខ្លាំងឡើង​ ចាប់តាំង​ពី​ការ​ដាក់​ការដ្ឋាន​ប្រេងកាត​របស់​ចិន​ទៅ​ក្នុង​សមុទ្រ​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ទាមទារ។​

ចំណែក​ឯ​លោក ញ៉ាន​វិញ​បាន​និយាយ​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា លោក​កំពុង​តែ​រង់ចាំ​ត្រឡប់​ទៅ​សមុទ្រ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។​

វៀតណាម​បាន​និយាយ​ថា ​ខ្លួន​កំពុង​ត្រៀម​ផ្លាស់​ប្តូរ​គ្រប​ឈើ​នៃ​កងនាវា​នេសាទដោយ​ដែក​ថែប​ជំនួស​វិញ​ដើម្បី​បង្កើន​នូវ​សេចក្តី​សង្ឈឹម​ឲ្យ​ ញ៉ាន​ និង​អ្នកនេសាទ​ដទៃ​ទៀត​ដែល​រស់​នៅ​ពឹង​ផ្អែក​នឹង​មហាសមុទ្រ។​

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា​
XS
SM
MD
LG