នៅពេលដែលផ្សែងប្រេង កំពុងឆាបឆេះ នៅក្នុងឈូងសមុទ្រម៉ិច សិក(Gulf of Mexico) កាលពីខែមិថុនាមុន រដ្ឋបាលជាតិគ្រប់គ្រងមហាសមុទ្រនិងបរិយាកាសរបស់រដ្ឋាភិបាលសហព័ន្ធ ឬហៅកាត់ថា NOAA បានបញ្ជូនយន្តហោះស្រាវជ្រាវឈ្មោះអ្នកប្រមាញ់ខ្យល់ព្យុះ(Hurricane Hunter) ទៅកាន់តំបន់នោះ ដើម្បីកំណត់ថាតើការហៀរប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ បានកំពុងបង្កឲ្យមានការបំពុលនៅក្នុងខ្យល់ដែរឬអត់។ទិន្នន័យដែលបានមកពីបេសកកម្មនោះត្រូវបានវិភាគ នៅក្នុងការសិក្សាថ្មីមួយ ដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវវិទ្យាសាស្រ្តត្រួតពិនិត្យនិងព្យាករណ៍គុណភាពខ្យល់។
អ្នកប្រមាញ់ខ្យល់ព្យុះរបស់រដ្ឋបាលជាតិគ្រប់គ្រងមហាសមុទ្រនិងបរិយាកាសជាមន្ទីរពិសោធន៍ស្រាវជ្រាវនៅលើអាកាស។ ចំពោះបេសកកម្មទាក់ទងនឹងការហៀរប្រេងក្នុងឈូងសមុទ្រកាលពីឆ្នាំមុន យន្តហោះមួយគ្រឿងរបស់ខ្លួន ឈ្មោះថា Lockheed Orion បានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់និងវាស់ស្ទង់អាកាសធាតុ ជាង២០គ្រឿងដើម្បីសិក្សាដែល លោកចូសត៍ ឌើហ្គាល (Joost de Gouw) អ្នកនិពន្ធ និងអ្នកវិទ្យាសាស្ត្រខាងបរិយាកាសនៃ NOAA បានទាញយកទិន្នន័យ។
លោក បានបញ្ជាក់ថា៖
«សរុបមក ទិន្នន័យនេះ បានផ្តល់រូបភាពលម្អិតយ៉ាងខ្លាំងស្តីពីសមាសធាតុគីមី នៅក្នុងបរិយាកាស»។
នៅថ្ងៃទីមួយនៃបេសកកម្មនេះ យន្តហោះបានហោះក្រឡឹងជាច្រើនជុំ នៅលើទីតាំងដែលមានប្រេងហៀរដើម្បីវាស់ស្ទង់ពីកម្រិតរបស់វា។ លោកឌើហ្គាល ជាសមាជិកម្នាក់នៃក្រុមនៅលើដី ហើយបានឃ្លាំមើលបេសកកម្មនេះពីចម្ងាយ តាមរយៈផ្កាយរណបក្នុងពេលដ៏ជាក់លាក់៖
«ហើយ រៀងរាល់ពេលហោះក្រឡឹងម្តងៗ នៅពេលដែលយើងទទួលរងខ្យល់បក់ពីទីតាំងនោះ យើងបានឃើញសញ្ញាណនៃចំហាយប្រេងយ៉ាងច្រើន ប៉ុន្តែយើងគ្រាន់តែបានឃើញសញ្ញាណនោះតាមខ្យល់ដែលបក់មកពីទីតាំងហៀរប្រេង»។
ក្រុមអ្នកវិទ្យាសាស្រ្ត បានគណនាថា ប្រេងប្រហែលពាក់កណ្តាល ដែលស្ថិតនៅលើផ្ទៃសមុទ្រ ត្រូវបានហួតឡើង ក្នុងរយៈពេលជាច្រើនម៉ោង ឬច្រើនថ្ងៃ។
«ហើយ អ្វីដែលយើងបានឃើញ គឺជាកំណកំណើតនៃកំហាប់ឧស្ម័នសរីរាង្គដ៏មានសារៈសំខាន់ចេញពីចំហាយឡើងនោះ»។
កំហាប់ឧស្ម័នសរីរាង្គ គឺជាម៉ូលេគុលតូចល្អិត ដែលវិលវល់នៅក្នុងបរិយាកាសហើយបង្កឲ្យមានការបំពុលនៅក្នុងខ្យល់។ កំហាប់ឧស្ម័ននេះ បាននាំឲ្យមានជំងឺហឺត ជំងឺបេះដូង និងការស្លាប់មុនអាយុជាដើម។ កំហាប់ឧស្ម័ន ក៏បានប៉ះពាល់ដល់បរិយាកាស តាមរយៈចំណាំងផ្លាតកាំរស្មីពន្លឺព្រះអាទិត្យកាន់តែច្រើន ទៅក្នុងលំហរអាកាស។ លោកឌើហ្គាល មានប្រសាសន៍ថាបេសកកម្មដើម្បីវិភាគគុណភាពខ្យល់នៅឯឈូងសមុទ្រ មើលទៅដូចនៅក្នុងទីកន្លែងយើងរស់នៅ។
ក្រុមអ្នកវិទ្យាសាស្ត្របានវាស់ស្ទង់កំហាប់ឧស្ម័ននៅលើតំបន់ធំៗ ហើយបានសន្និដ្ឋានថា ឧស្ម័នអ៊ីដ្រូកាបូន ដែលមានទម្ងន់ធ្ងន់ ឬស្រាល នៅក្នុងឈូងសមុទ្រម៉ិចសិកដែលមិនបានហួតលឿន ក៏អាចជាប្រភពដ៏សំខាន់នៃកំហាប់ឧស្ម័នសរីរាង្គ ដែលវិលវល់នៅក្នុងខ្យល់ នៅតាមបណ្តាទីក្រុងរបស់សហរដ្ឋអាមេរិកនិងកន្លែងផ្សេងទៀត។
លោកឌើហ្គាល ថ្លែងថា ជាទូទៅ សមាសធាតុមានទម្ងន់ធ្ងន់ទាំងអស់នេះ មិនអាចវាស់ស្ទង់បានតាមរយៈកម្មវិធីត្រួតពិនិត្យគុណភាពខ្យល់ធម្មតា ដែលធ្វើឡើងសំដៅចាប់យកសារជាតិបំពុល ដូចជា ឧស្ម័នកាបូនិក ម៉ូណូស៊ីត នីត្រូសែន ស៊ុលហ្វួឌីអុកស៊ីត និងអូហ៊្សូនជាដើម។ ការសិក្សាដែលត្រូវបានរាយកាណ៍នៅថ្ងៃទី១០ ខែមីនា នៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្រ្ត (Journal Science) បញ្ជាក់ច្បាស់អំពីថាតើហេតុអ្វីបានជាមានកំហាប់ឧស្ម័នសរីរាង្គ ដែលនាំឲ្យមានការបំពុលនៅក្នុងខ្យល់ច្រើនជាងអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តអាចពន្យល់បានទៅទៀត៕
ប្រែសម្រួលដោយ លី ឃាង