ខណៈដែលចលនានៃការមិនសប្បាយចិត្តខាងនយោបាយបានកក្រើកនៅតាមប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ា ការមិនសប្បាយចិត្តរបស់ក្រុមអ្នកតវ៉ានិងវិធីសាស្ត្រសម្តែងការមិនសប្បាយចិត្តទាំងនេះ មានលក្ខណៈខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ ការឆ្លើយតបរបស់រដ្ឋាភិបាលក៏មានភាពប្លែកគ្នាដែរ។ ក្រុមអ្នកវិភាគនិយាយថា ភាពចលាចលនៅប្រទេសបារ៉េន (Bahrain) បានធ្វើឲ្យប្រទេសជិតខាងមួយមានការបារម្ភនៅមិនស្ងៀម និងប្រទេសជិតខាងមួយទៀតប៉ុនប៉ងជ្រៀតជ្រែកក្នុងរឿងនេះ។
ខុសពីការតវ៉ានៅតាមប្រទេសដទៃទៀត ការតវ៉ានៅក្នុងប្រទេសបារ៉េន ដែលជាដែនដីកោះយ៉ាងតូចមួយនេះ កើតឡើងដោយសារតែខ្សែស្រឡាយនិកាយសាសនាខុសគ្នា ដោយមានក្រុមនិកាយស៊ីអ៊ីតមូស្លីម ចេញមកតាមផ្លូវ ដើម្បីអំពាវនាវសុំឲ្យមានកំណែទម្រង់ពីក្រុមរាជវង្សានុវង្ស អាល់ខាលីហ្វា (al-Khalifa) ដែលជាក្រុមនិកាយស៊ុន្នី។ រដ្ឋាភិបាល មិនគ្រាន់តែបានវាយបង្ក្រាបទៅលើការតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលជំនួយពីប្រទេសជិតខាងគឺ អារ៉ាប៊ី សាអូឌីតត ដែលក៏ជាប្រទេសត្រូវគ្រប់គ្រងដោយព្រះមហាក្សត្រដែលប្រតិបត្តិតាមនិកាយស៊ុន្នីផងដែរ។
លោក ម៉ៃឃល ស្ហយឺរ (Michael Scheuer) អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ឬហៅកាត់ថា CIA ដែលមានបទពិសោធន៍ច្រើននៅតំបន់មជ្ឈឹមបូព៌ា ថ្លែងថា រឿងនេះអាចបង្កើតឲ្យមានស្ថានការណ៍គ្រោះថ្នាក់ខ្លាំងណាស់។
«ខ្ញុំគិតថា បញ្ហានៅបារ៉េននេះ ឥឡូវនេះ គឺជាចំណុចគ្រោះថ្នាក់បំផុតតែមួយគត់នៅមជ្ឈឹមបូព៌ា។ អារ៉ាប៊ី សាអូឌីតត ដែលមានដៃគូនៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council) បានបញ្ជូនកងកម្លាំងយោធាមួយចំនួនឲ្យទៅជួយរដ្ឋាភិបាលបារ៉េន។ ហើយនៅទីបញ្ចប់ កត្តានោះពិតជានាំទៅរកជម្លោះរវាងនិកាយស៊ុន្នីនិងស៊ីអ៊ីត (Shia) ជាមិនខាន។ វាច្បាស់ណាស់ថា អារ៉ាប៊ី សាអូឌីត និងប្រទេសជិតខាងរបស់ខ្លួន នឹងមិនទទួលយកការកើតរដ្ឋស៊ីអ៊ីតមួយនៅលើឧបទ្វីបនេះឡើយ ដែលខ្ញុំគិតថា ពួកគេជឿជាក់ថាវានឹងក្លាយជាចំណុចចាប់ផ្តើមនៃឥទ្ធិពលអ៊ីរ៉ង់កាន់តែខ្លាំងឡើង។
លោក ស្ហយឺរ មានប្រសាសន៍ថា ការព្រួយបារម្ភនោះគឺថា ការសម្លាប់របស់ក្រុមនិកាយស៊ុន្នីទៅលើនិកាយស៊ីអ៊ីត ដែលជាពិសេសពីសំណាក់កងទ័ពអារ៉ាប៊ី សាអូឌីត អាចជំរុញឲ្យមានការឆ្លើយតបបែបណាមួយពីប្រទេសអ៊ីរ៉ង់។
«ក្រុមមូស្លីមទាំងពីរ រួមមាននិកាយស៊ុន្នី និងស៊ីអ៊ីត មិនត្រឹមតែជាបងប្អូនជីដូនមួយ ដែលមិនសូវស្និទ្ធស្នាលប៉ុណ្ណោះទេ។ ពួកគេជាសត្រូវសួពូជនឹងគ្នាទៀតផង។ ហើយបញ្ហាចោទពិតប្រាកដនោះគឺថា ប្រសិនបើមានពីអំពើហិង្សាកើតឡើង ហើយកងកម្លាំងរបស់និកាយស៊ុន្នី ចាប់ផ្តើមសម្លាប់និកាយស៊ីអ៊ីត តើជនជាតិអ៊ីរ៉ង់នឹងធ្វើអ្វីខ្លះ? តើពួកគេនៅអង្គុយស្ងៀមចាំមើលអ្នកប្រតិបត្តិសាសនាដូចខ្លួនត្រូវគេសម្លាប់ដែរឬទេ? តើពួកគេចាប់ផ្តើមបង្ករឿងនៅក្នុងខេត្តភាគខាងកើតនៃអារ៉ាប៊ី សាអូឌីត ដើម្បីដាក់សម្ពាធមួយចំនួនទៅលើប្រទេសអារ៉ាប៊ីសាអូឌីតដែរឬទេ?»។
ភាគច្រើននៃទីកន្លែងបូមប្រេងរបស់អារ៉ាប៊ី សាអូឌីត ស្ថិតនៅតាមបណ្តាខេត្តភាគខាងកើត។
លោក កាំរ៉ាន បូខារី (Kamran Bokhari) នាយកសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូង របស់ក្រុមហ៊ុនប្រមូលព័ត៌មានសម្ងាត់ឯកជន ឈ្មោះ ស្ត្រាតហ្វ័រ (Stratfor) ថ្លែងថា ប្រទេសអ៊ីរ៉ង់ ចង់ចូលរួមក្នុងជម្លោះនោះ ដូចដែលអារ៉ាប៊ី សាអូឌីត បានចូលដែរ ប៉ុន្តែវិធានការរបស់ខ្លួន ត្រូវបានកម្រិតដោយភូមិសាស្ត្រ ដោយសារតែប្រទេសនេះស្ថិតនៅត្រើយម្ខាងទៀតនៃឈូងសមុទ្រពែក្ស (Persian Gulf) ឆ្លងសមុទ្រពីប្រទេសបារ៉េន។ លោក បានប៉ាន់ស្មានថា អ៊ីរ៉ង់អាចចូលប្រឡូកក្នុងសកម្មភាពសម្ងាត់ ដើម្បីជួយក្រុមនិកាយស៊ីអ៊ីត ដែលជាបងប្អូនរបស់ខ្លួន ប្រសិនបើខ្លួនបានដាក់ក្រុមភ្នាក់ងារបង្កប់ឲ្យប្រតិបត្តិការនៅមុនពេលចលាចលកើតមានឡើង។
«នៅពេលវេលានេះ អ៊ីរ៉ង់មិនអាចបញ្ជូនកម្លាំងបន្ថែមចូលទៅទេ ទោះបីកម្លាំងបន្ថែមនេះមានទម្រង់បែបណាក៏ដោយ។ ដូច្នេះពួកគេត្រូវតែមានកម្លាំងនៅក្នុងប្រទេសបារ៉េននេះរួចទៅហើយនៅមុនពេលមានវិបត្តិ។ ហើយ វាមិនច្បាស់ទេថា ពួកគេមានធនធានគ្រប់គ្រាន់ល្មម ដើម្បីជំរុញឲ្យមានក្រុមជីវពលប្រឆាំង។ ពួកគេពិតជាអាចបញ្ឆេះឲ្យមានការបះបោរមហាជន តែការណ៍នេះខុសពីក្រុមជីវពលប្រឆាំង។ ខ្ញុំមិននិយាយថា រឿងនោះមិនអាចកើតឡើងទេ។ ប៉ុន្តែសហគមន៍ស៊ីអ៊ីតនៅបារ៉េន គឺមានភាពបែកបាក់គ្នាយ៉ាងខ្លាំងផងដែរ»។
ក្រុមនិកាយស៊ីអ៊ីតអាល់វ៉េហ្វាគ (al-Wefaq Shi'ites) គឺជាក្រុមប្រឆាំងធំជាងគេបំផុត ហើយត្រូវបានចាត់ទុកថាមាននិន្នាការកណ្តាលជាង ដែលបានកាន់កាប់កៅអ៊ីចំនួន១៨នៅក្នុងរដ្ឋសភា មុនពេលដែលពួកគេបានលាលែងពីតំណែងក្នុងទ្រង់ទ្រាយធំកាលពីខែកុម្ភៈដើម្បីតវ៉ាប្រឆាំងអំពើហិង្សារបស់ក្រុមប៉ូលីសទៅលើក្រុមបាតុករ។ ប៉ុន្តែក៏មានចលនានិយមតឹងរ៉ឹង ឈ្មោះអាល់ហាគ (al-Haq) ដែលក្រុមអ្នកវិភាគថា ក្រុមនេះមានទស្សនវិជ្ជាស្រដៀងគ្នានឹងអ៊ីរ៉ង់ជាងក្រុមនិយមកណ្តាល។
ក្រុមអ្នកវិភាគយល់ស្របគ្នាថា នៅពេលណាមួយនោះ រាជវង្សានុវង្សអាល់ខាលីហ្វា ដែលកំពុងកាន់អំណាច នឹងត្រូវធ្វើកិច្ចព្រមព្រៀងមួយទាក់ទងនឹងកំណែទម្រង់នយោបាយ ដោយប្រហែលជាកេងយកចំណេញពីការបែកបាក់នៅក្នុងសហគមន៍ស៊ីអ៊ីត។ លោក កាំរ៉ាន បូខារី ថ្លែងថា កិច្ចការនោះ នឹងមានផលប្រយោជន៍ដល់អ៊ីរ៉ង់ ប្រសិនបើខ្លួនកំពុងសម្លឹងមើលទៅលើយុទ្ធសាស្ត្រវែងឆ្ងាយ ក្នុងការពង្រីកឥទ្ធិពល ជាជាងទទួលផលចំណេញខាងនយោបាយរយៈពេលខ្លី។
ក្រុមអ្នកវិភាគបានឲ្យដឹងទៀតថា ការធ្វើអន្តរាគមន៍ផ្ទាល់ៗរបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសបារ៉េន ឬអារ៉ាប៊ី សាអូឌីត ក៏អាចផ្តល់ផលវិបាកដល់សហរដ្ឋអាមេរិកដែរ។ អារ៉ាប៊ី សាអូឌីត និង បារ៉េន គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយកងនាវាទី៥នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានទីតាំងនៅបារ៉េន៕
ប្រែសម្រួលដោយ លី សុខឃាង