ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី​ស្នើឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​កម្ចី​នៅ​កម្ពុជា​


ទីស្នាក់ការ​ធំ​របស់​​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅទីក្រុងភ្នំពេញ​ (VOA Khmer 2011)
ទីស្នាក់ការ​ធំ​របស់​​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅទីក្រុងភ្នំពេញ​ (VOA Khmer 2011)

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​គួរឱ្យ​កត់​សម្គាល់ ​ដោយ​ចំនួន​ធនាគារ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ប្រាក់​បញ្ញើ ​និង​ប្រាក់​កម្ចី​មាន​ការ​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ទោះយ៉ាងណា ​ប្រធាន​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា ​អត្រា​ការប្រាក់​កម្ចី​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ​ហើយ​គួរ​មាន​ការ​បញ្ចុះ​អត្រា​នេះ​ តែ​ភាគី​ធនាគារ​ច្រានចោល​ការ​លើក​ឡើង​នេះ។​

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​សម រង្ស៊ី​ស្នើ​ឱ្យ​ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បញ្ចុះអត្រា​ការ​ប្រាក់​នៃ​ប្រាក់កម្ចី​របស់​ខ្លួន​ឱ្យ​ស្រប​តាម​និន្នាការ​នៅ​ក្នុង​ពិភពលោក​ ដើម្បី​ឱ្យ​មាន​ការ​ធូរស្រាល​ដល់​អតិថិជន​ដែល​ខ្ចី​លុយ​ និង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​សម រង្ស៊ី​ ដែ​លកំពុង​និរទេស​ខ្លួនក្រៅ​ប្រទេស​គេចពី​ការ​ចាប់​ខ្លួន ​បាន​សរសេរ​នៅ​លើ​ទំព័រ​ ​Facebook ​(ហ្វេសប៊ុក)​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អត្រា​ការ​ប្រាក់​ឥណទាន​នៅប្រទេស​កម្ពុជា ​នៅមាន​កម្រិត​ខ្ពស់​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​១០​ភាគរយ​ទៅ​២០​ភាគ​រយ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ។​

លោក​សម រង្ស៊ី​បន្ត​ថា ​ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បានខ្ចី​ទុន​ពី​ក្រៅ​ប្រទេស​ដែល​មានអត្រា​ការ​ប្រាក់​ទាប ​ធ្វើ​ឱ្យ​តម្លៃ​ដើម​ទុន​របស់​ខ្លួន​កាន់​តែ​ថោក​ តែ​ស្ថាប័ន​ទាំង​នោះនៅ​តែ​ផ្ដល់​ឥណទាន​ក្នុងអត្រា​ការ​ប្រាក់​ខ្ពស់។ ​លោក​បន្ត​ថា ​តម្លៃ​ដើម​ទុន​ថោក ​តែ​អត្រា​ការ​ប្រាក់​ឱ្យ​អតិថិជន​ខ្ចី​នៅតែខ្ពស់​នោះ ​បាន​ធ្វើ​ឱ្យ​ធនាគារ ​និងស្ថាប័ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ដែល​រួមទាំង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ផង​ ប្រមូល​បាន​ប្រាក់​ចំណេញ​កាន់​តែច្រើន។​

លោក​សម រង្ស៊ី​សរសេរ​បន្ត​ថា៖​

«ជា​ការ​សន្និដ្ឋាន​ ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុទាំង​នោះ​ត្រូវតែ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ខ្លួន ​ដើម្បី​ឱ្យ​មាន​ការ​ធូរស្រាល​ដល់​អតិថិជន ​ដែល​ខ្ចី​លុយ​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំង​នោះ»។​

លោក​សម រង្ស៊ី​បាន​ប្រាប់​ VOA ​បន្ថែម​តាម​រយៈ​សារ​អេឡិចត្រូនិច​ ឬ​ E-mail ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​នេះ​ក៏​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ​តាម​រយៈ​ការ​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច ​និងជួយ​បង្កើនជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។​

លោក​សម រង្ស៊ី​បន្ថែម​ថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ពី​៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ទៅ​២​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ​ជា​មធ្យមពោល​គឺ​ធ្លាក់​ចុះ​ចំនួន​៣​ភាគរយ។ ​លោក​បន្ត​ថា ​អត្រា​ការ​ប្រាក់​នៅ​កម្ពុជា​នៅ​ពេល​នេះ​គួរ​មាន​ការ​ធ្លាក់ចុះ​ស្រដៀង​គ្នា​ដែរ ​ពោល​គឺ​គួរ​ស្ថិត​នៅ​ចន្លោះ​ពី​៧​ទៅ​១៧​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ​ជាមធ្យម។​

យ៉ាងណាក៏ដោយ ​លោក​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ​មាន​ប្រសាសន៍​ថា ​ប្រាក់ដែល​ធនាគារ​ខ្ចី​ពី​បរទេស​មក​ធ្វើ​ជា​ដើម​ទុន​ ជា​កម្ចី​ពាណិជ្ជ​កម្ម​ដែល​មាន​អត្រា​ការ​ប្រាក់​យ៉ាង​តិច​៧,៧៥​ភាគ​រយ​ ​ដោយសារ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោមប្រទេស​ដែល​មាន​ហានិភ័យ។ ​លោក​បន្ត​ថា ​អត្រា​ប្ដូរ​ប្រាក់​ពេល​ធនាគារ​ឱ្យ​ពលរដ្ឋ​ខ្ចី​ និង​ពេល​សង​ទៅ​បរទេស​វិញ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់អត្រា​ការ​ប្រាក់​ផង​ដែរ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«កាលណា​ឱ្យ​ [ពលរដ្ឋ] ​ខ្ចី​ទៅ​វិញ ​ព្រោះ​រូបិយ​ប័ណ្ណ​ដែ​លយើង​ខ្ចី​មក​ជា​រូបិយប័ណ្ណ​បរទេស។ ​អញ្ចឹងយើង​យក​មក​ឱ្យ​ខ្ចី​ជា​រូបិយ​វត្ថុលុយ​ខ្មែរ​យើង​ហ្នឹង ​អញ្ចឹងយើង​ប្ដូរ​ពី​លុយ​បរទេស​មក​លុយ​ខ្មែរ។ ​អញ្ចឹងអាហ្នឹង​វា​មាន​ហានិភ័យ​មួយ​ហើយ​ អត្រា​បម្រែ​បម្រួល​នៃ​អត្រា​ប្ដូរ​ប្រាក់​ បូក​អា​ហ្នឹង​ទៅ ​ហើយ​បូក​ចំណាយ​ប្រតិបត្តិការ​អី​ផ្សេងៗ ​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់​នៅ​កម្ពុជា​ហ្នឹង​មិន​អាច​ថយ​ដូច​លោក​បាន​លើក​ឡើង​អម្បាញ់​មិញ​ថា ​គួរ​តែ​៧​ភាគ​រយ​ឬ​ក៏​ទៅ​១៧​ភាគរយ​ មិន​អាច​អញ្ចឹងទេ»។​

លោក​អ៊ិន ចាន់នី​អះអាង​ដែរ​ថា ​ធនាគារ​នៅ​បរទេស​មិន​ផ្ដល់​ការ​ប្រាក់​ដល់​ប្រាក់​បញ្ញើ​សន្សំ​ដូច​កម្ពុជា​នោះ​ទេ ​ធ្វើ​ឱ្យ​ប្រភព​ទុន​មាន​តម្លៃ​ថោក ​អាច​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​បាន។​

បើ​តាម​លោក​អ៊ិន ចាន់នី ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ស្ថិត​នៅ​ចន្លោះ​ពី​៩,៥​ភាគ​រយ​ទៅ​២៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។​

លោក​ចាន់ សុផល ​ប្រធាន​មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​មាន​ប្រសាសន៍​ថា​ អត្រា​ការប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ ពិសេស​ឥណទាន​ខ្នាត​តូច។ ​លោក​បន្ត​ថា ​ដើម្បី​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់​ចុះ​ទាប​បាន ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ឱ្យ​កាន់​តែ​ខ្លាំង​ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែលអាច​ជួយ​ជំរុញ​ឱ្យ​អត្រា​ការ​ប្រាក់​កម្ចី​ពី​បរទេស​ចុះ​ថោក។​

លោក​មាន​ប្រសាសន៍​ថា៖​

«បាទ​ បើ​និយាយ​ពី​យន្តការ​សេដ្ឋកិច្ច​បែប​សេរី​គឺ​រដ្ឋ​មាន​តែ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ឱ្យ​កាន់​តែ​ច្រើន ​កុំ​ឱ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ក្នុង​ចំណោម​អ្នក​ផ្ដល់​ឥណទាន​ក្នុង​ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ដូច​គ្នា​ ទី​១។ ​ទី​២​គឺ​រដ្ឋ​ត្រូវ​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​គេ​មើល​ឃើញ​ដូចជា ​ប្រជា​ពលរដ្ឋ​មិន​សង​វិញ​ក៏​មិន​អី​ដែរ ​ឬ​ក៏​របប​នយោបាយ​យើង​ដែលអាច​ថា ​ធ្វើ​ឱ្យ​គេ​ពិបាកទុកចិត្ត​បាន ​ អាច​មាន​ជម្លោះ​នយោបាយ​បង្ក​ជា​ហា​និភ័យ​ផ្សេងៗ។ ​អញ្ចឹងគេ​ចាត់​ទុក​ប្រទេស​យើង​ជា​ប្រទេស​មាន​ហានិភ័យ»។​

លោក​ចាន់ សុផល​បន្ថែម​ថា ​រដ្ឋាភិបាល​ក៏​អាច​ជំរុញ​ឱ្យ​បញ្ចុះ​តម្លៃ​អតា្រ​ការ​ប្រាក់​តាម​រយៈ​បង្ក​បរិយាកាស​អំណោយ​ផល​ដល់​ប្រតិបត្តិការ​ជំនួញ​ផ្សេងៗ ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រឹះស្ថាន​ និង​បង្កើន​សមត្ថភាព​ និង​ប្រសិទ្ធភាព​របស់​អ្នក​ផ្ដល់​ឥណទាន ​និង​អ្នក​ខ្ចី​ឥណទាន។​ លើសពី​នេះ ​រដ្ឋាភិបាល​ក៏​អាច​បង្កើត​ជា​ស្ថាប័ន​ខ្លួន​ឯង​ក្នុង​ការ​ផ្ដល់​ឥណទាន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ផង​ដែរ។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី​ជា សិរី ​អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

បើ​តាម​លោក​ចាន់ សុផល ​អត្រា​ការ​ប្រាក់​សម្រាប់​កម្ចី​ខ្នាត​តូច​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុនៅ​កម្ពុជា​មាន​ចន្លោះពី​២០​ទៅ​៣០​ភាគរយក្នុង​មួយ​ឆ្នាំ។​

ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​គេ​រាយ​ការណ៍​ថា ​មាន​ចំនួន​ទឹក​ប្រាក់​សរុប​ប្រមាណ​៣,១​ពាន់​លាន​ដុល្លារ​ កើន​ឡើង​៨,៤​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥​ដែល​មាន​ទឹក​ប្រាក់​សរុបប្រមាណ​២,៩​ពាន់​លាន​ដុល្លារ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG