នាថ្ងៃអង្គារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាផ្លូវការ និងជាលើកដំបូង។ សេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តមានកំណើនរឹងមាំក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៦និងឆ្នាំ២០១៧ខាងមុខ ក៏ប៉ុន្តែវិស័យមួយចំនួនក៏កំពុងប្រឈមហានិភ័យផងដែរ។
សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងអាចបន្តកើនឡើងដល់ទៅ៧%ក្នុងឆ្នាំ២០១៦និង២០១៧ខាងមុខ បើទោះប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកម្ចីឥណទានធនាគារ និងអចលនទ្រព្យ។ ក៏ប៉ុន្តែវិស័យឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ដែលជាវិស័យដ៏ឈានមុខរបស់កម្ពុជា នឹងអាចមានកំណើនរឹងមាំជាងមុន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
ក្នុងសិក្ខាសាលាជាលើកដំបូងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការផ្សព្វផ្សាយរបាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៦ នាព្រឹកថ្ងៃអង្គារនេះ លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ថ្លែងថា សេដ្ឋកិច្ចកម្ពុជា ជាទូទៅមានកំណើនរឹងមាំនៅពាក់កណ្តាលឆ្នាំ២០១៦នេះ ហើយរំពឹងថា នឹងបន្តរឹងមាំទៅមុខទៀតនៅឆ្នាំ២០១៧ ក្នុងរង្វង់៧% ដោយវិស័យកាត់ដេរ និងសំណង់មានភាពរឹងមាំ។
លោកវង្សី វិស្សុត បន្ថែមថា បើទោះបីជាកំណើនសេដ្ឋកិច្ចកើនឡើង ប៉ុន្តែវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម មានការថយចុះបន្តិច ស្របពេលវិស័យកម្ចីឥណទាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យក៏កំពុងមានហានិភ័យខ្លះៗ។ ក្នុងនោះដែរ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅប្រទេសចិន បញ្ហាអាកាសធាតុ ភាពមិនច្បាស់នៃទស្សនវិស័យរបស់ប្រទេសដៃគូពាណិជ្ជកម្មមួយចំនួន ការរឹតបន្តឹងគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក និងភាពតានតឹងសកលក៏បានជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកផងដែរ។
ថ្លែងនៅមុខអ្នកជំនាញ និងសេដ្ឋកិច្ចវិទូកម្ពុជា លោកវង្សី វិស្សុត មានប្រសាសន៍ដូច្នេះ៖
«តាំងពីដើមឆ្នាំមកដល់ពេលនេះ កំណើនសេដ្ឋកិច្ចពិភពលោកដែលគ្រោងថា ៣,៤%ចុះមក ៣,១%នោះ នៅសល់តែ២កន្លះទេ។ ប៉ុន្តែកម្ពុជា៧%នៅតែទៅរួច ប៉ុន្តែទៅរួច ហ្នឹងគឺថា ក៏មានការប្រែប្រួលរចនាសម្ព័ន្ធបន្តិចបន្តួចដែរ ក្នុងរយៈពេលនេះ។ អ្វីដែលបន្តជាកម្លាំងចលករកំណើនក្នុងរយៈពេលប្រាំមួយខែទៅមុខនេះ ប្រហែលជាមួយឆ្នាំនេះ រហូតដល់មួយឆ្នាំក្រោយ គឺភាពរឹងមាំនៃវិស័យកាត់ដេរតែម្តង។ វិស័យកាត់ដេរមានកំណើនខ្ពស់ វិស័យកាមន្តសាលជារួមមានកំណើនខ្ពស់ដែរ»។
លោកបន្ថែមថា៖
«តាមរយៈការសិក្សាអំពីការនាំចូលវត្ថុធាតុដើមរយៈពេល៦ខែដើមខែនេះ គឺវត្ថុធាតុដើមឡើងថ្លៃ ហើយតម្លៃនាំចេញ៦ខែដំបូងនៃការនាំចេញ បរិមាណនាំចេញថយបន្តិចប៉ុន្តែតម្លៃឡើង»។
ក្នុងពិធីផ្សព្វផ្សាយនាថ្ងៃអង្គារនេះ អ្នកជំនាញរបស់ក្រសួងបានពន្យល់បន្ថែម អំពីវិស័យនីមួយៗថា ក្នុងវិស័យពន្ធដារ និងពន្ធគយ ក្រសួងបានប្រើយុទ្ធសាស្ត្ររឹតបន្តឹងការប្រមូលពន្ធ ហើយថា ចំណូលពីការប្រមូលពន្ធមានការកើតឡើងលើសពីការរំពឹងទុក ក្នុងឆ្នាំ២០១៦នេះ ដោយការរំពឹងទុកមានត្រឹមតែ១៧,៣៥% តែជាក់ស្តែងវាបានកើនដល់ទៅ១៨% បើទោះបីកម្ពុជាបាត់ចំណូលពីការបង់ពន្ធពីខាងក្រៅ គឺពីប្រទេសអាស៊ានជាង២០០លានដុល្លារក៏ដោយ។
អ្នកសេដ្ឋកិច្ចរបស់ក្រសួងបញ្ជាក់ថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៦-២០១៧នេះ នឹងមិនអាចសម្រេចតាមការព្យាករណ៍នោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនធ្លាក់ចុះយ៉ាងគំហុក ឬអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិកាន់តែមានស្ថានភាពធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីការសម្រេចដកខ្លួនរបស់ចក្រភពអង់គ្លេសពីសហគមន៍អឺរ៉ុប។
លោកវង្សី វិស្សុត បន្ថែមថា ក្រសួងនឹងពង្រឹងការងារ និងអនុវត្តសកម្មភាពជាក់ស្តែង ព្រមទាំងកែប្រែគោលនយោបាយសេដ្ឋកិច្ចឲ្យដំណើរការល្អឡើងវិញ ដើម្បីរក្សាស្ថិរភាពរបស់សេដ្ឋកិច្ចកម្ពុជា។
ដោយឡែក លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច មានប្រសាសន៍ថា លោកគាំទ្ររបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បើធៀបនឹងលទ្ធផលប្រហាក់ប្រហែលគ្នាទៅនឹងបណ្តាស្ថាប័នអន្តរជាតិស្រាវជ្រាវផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត។ ប៉ុន្តែលោកថា ប្រសិនជាស្រាវជ្រាវពីមីក្រូសេដ្ឋកិច្ចវិញនោះ នឹងមានភាពខុសគ្នាខ្លះទៅនឹងរបាយការណ៍ម៉ាក្រូនេះ។
លោកបន្ថែមថា៖
«បើយើងប្រជាពលរដ្ឋមើលពីជ្រុងមួយពីមីក្រូកម្រិតទាបមូលដ្ឋានមកវិញ គឺអាចឃើញមានភាពខុសគ្នាច្រើនណាស់។ តែក្នុងប្រទេសទាំងមូលមានអញ្ចឹង គឺមានអ្នកខ្លះកើនច្រើន ឧទាហរណ៍ថា ក្នុងវិស័យអចលនទ្រព្យខ្លះគេអាចរកបានចំណេញខ្ពស់ វិស័យនាំចេញនាំចូលខ្លះគេអាចចំណេញខ្ពស់អញ្ចឹងទៅ ឯកសិករមួយចំនួនហ្នឹងខាតច្រើនអញ្ចឹងទៅ។ ប៉ុន្តែបើយើងគិតជាមធ្យមមក គឺវាឃើញថា កើន។ អញ្ចឹងតួលេខម៉ាក្រូ ខ្ញុំចង់និយាយថា មិនខុសទេ។ អ្វីដែលខាងក្រសួងសេដ្ឋកិច្ចបង្ហាញមកសុទ្ធតែជាតួលេខសមរម្យ»។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែកក្កដា បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែរក្សាបានភាពរឹងមាំក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលគាំទ្រដោយការនាំចេញសម្លៀកបំពាក់ដ៏ខ្លាំង វិស័យអចលនទ្រព្យ និងសកម្មភាពសំណង់ រួមទាំងការបញ្ចុះតម្លៃប្រេងឥន្ធនៈ។ IMF រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនយឺតនៅត្រឹមរង្វង់៦,២៥% នៅឆ្នាំ២០២១ បណ្ដាលមកពីការថយចុះការវិនិយោគផ្ទាល់ពីបរទេស ការប្រឈមក្នុងការធ្វើការកែលម្អការនាំចេញ និងការថយចុះនៃលំហូរឥណទានពីក្រៅស្រុក៕