ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី អះអាង​ថា កម្ពុជា​ចាយ​ច្រើន​ជាង​ហ្វីលីពីន​ក្នុងការ​កសាង​ព្រលាន​យន្តហោះ


រូបឯកសារ៖ ទិដ្ឋភាព​នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

មេដឹក​នាំ​នយោបាយ​ជំទាស់​លោក ​សម រង្ស៊ី​ បាន​បញ្ចេញ​សារ​រិះគន់​មេ​ដឹកនាំ​ប្រទេស​កម្ពុជា ​ចំពោះ​ការ​ចាយ​ថវិកា​ច្រើន​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ​មួយ​ ដែល​មាន​ខ្នាត​ស្រដៀង​គ្នា​នឹង​ព្រលាន​យន្តហោះ​នៅ​ប្រទេស​ហ្វីលីពីន ​ដែល​ជាប្រទេសនៃសមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​ (ASEAN)។​

អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ​ត្រូវ​បាន​សាងសង់​ក្រោម​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ចិន ​(BRI)។ ​អាកាស​យានដ្ឋាន​ខ្នាត​ធំ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​ទម្រង់​ផ្ទេរ​ ​ឬ ​ហៅ​ថា​ BOT​ បាន​ន័យ​ថា​ ព្រលាន​យន្តហោះ​នេះ​នឹង​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​គ្រង​វិញ​នៅ​ឆ្នាំ​ ២០៧៣​ ក្រោយ​ការ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ចិន​រយៈ​ ពេល​ ៥ ០​ឆ្នាំ។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ខេមបូចា​ (Camboja)។

យោង​តាម​ការ​អត្ថាធិប្បាយ​របស់​លោក ​សម រង្ស៊ី​ លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កម្ពុជា​នឹង​មាន​បំណុល​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​លើ​ការ​សាង​សង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ ក្រោម​ហិរញ្ញ​ប្បទាន​របស់​ចិន។​

លោក​ សម រង្ស៊ី​ លើក​ឡើង​ថា៖​ «នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​ នៅ​ពេល​ដែល​កម្ពុជា​យើង​មាន​មេ​ដឹក​នាំ​អសមត្ថ​ភាព​ ដែល​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ចិន​ កុហក​និង​បោក​ប្រាស់​ប្រជាជន​ខ្មែរ​យើង។ ទី​បំផុត ​យើង​នៅ​សល់​តែ​បំណុល​វ័ណ្ឌ​ក»។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា​ ប្រទេស​ហ្វីលីពីន​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ១៩៧​ លាន​ដុល្លារ ​ដើម្បី​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ដោយ​ខ្លួន​ឯង​ បើ​ធៀប​នឹង​កម្ពុជា​ដែល​ចំណាយ​អស់ ​៨៨០ ​លាន​ដុល្លារ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន។​

បើ​តាម​លោក​ សម រង្ស៊ី​ កម្ពុជា​ចំណាយ​លើស​ជិត​ ៥ ​ដង​នៃ​ព្រលាន​នៅ​ប្រទេស​ហ្វីលីពីន​ដែល​ធំ​ជាង​ព្រលាន​នៅ​កម្ពុជា​ ហើយ​វា​អាច​ទទួល​អ្នក​ដំណើរ​បាន​ច្រើន​ជាង​ព្រលាន​នៅ​កម្ពុជា។​ លោក​ចោទ​ប្រកាន់​ថា​ មេ​ដឹក​នាំ​កម្ពុជា​បាន​ «ឃុប​ឃិត​ជា​មួយ​ឧក្រិដ្ឋ​ជន​ចិន​បង្កើត​អំពើ​ពុករលួយ​ និង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​កម្ម​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​សៀមរាប​ លោក ​ប្រាក់ សោភ័ណ​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ចំណែក​លោក ​សម រង្ស៊ី​ មិន​ឆ្លើយ​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​សារ​អេឡិក​ត្រូនិច ​ឬ​អ៊ីមែល ​ពាក់​ព័ន្ធ​នឹង​ភាព​ខុស​គ្នា​នៃ​ការ​ចំណាយ​លុយ​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នៅ​សៀមរាប​របស់​កម្ពុជា ​និង​នៅ​ប្រទេស​ហ្វីលីពីន។​

រូបឯកសារ៖ ទិដ្ឋភាពនៃទីកន្លែងចតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពនៃទីកន្លែងចតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកធ្វើដំណើរដើរចូល​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកធ្វើដំណើរដើរចូល​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល​លោក ​ស៊ិន ចាន់សិរីវុត្ថា ​បាន​ដាក់​ទូរស័ព្ទ​ចុះ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​ព្យាយាម​សួរ​លោក​អំពី​តម្លៃ​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ។​ ​រី​ឯ​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក ​មាស សុខសេនសាន​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។​

នៅ​ក្នុង​ការ​បញ្ចេញ​សារ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​ថវិកា​ច្រើន​ដើម្បី​សាង​សង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ លោក ​សម រង្ស៊ី​ បាន​ភ្ជាប់​ជា​មួយ​រូប​ភាព​ដែល​បង្ហាញ​ថា​ ហ្វីលីពីន​ប្រើ​ប្រាស់​ថវិកា​តែ ​១៩៧​ លាន​ដុល្លារ​ សម្រាប់​សាង​សង់​ព្រលាន​យន្ត​ហោះ​មួយ​លើ​ផ្ទៃ​ដី ​២.៣៦៧ ​ហិកតា​ ដែល​ធំ​ជាង​ទំហំ​ដី​សាង​សង់​ព្រលាន​យន្ត​ហោះ​នៅ​សៀមរាប។​ ព្រលាន​យន្ត​ហោះ​នៅ​សៀមរាប​ប្រើ​ប្រាស់​ដី​តែ​ ៧០០​ ហិកតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ថ្លៃ​ជាង​អាកាស​យានដ្ឋាន​ Clark របស់​ហ្វីលីពីន​ ដែល​អាច​ទទួល​បាន​អ្នក​ដំណើរ​ចំនួន ​១២​ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ខ្ពស់​ជាង​ព្រលាន​យន្តហោះ​នៅ​សៀមរាប​ដែល​ទទួល​អ្នក​ដំណើរ​បាន​តែ​ ៧ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។​

យ៉ាង​ណាក៏​ដោយ​ ការ​ចំណាយ​ផ្លូវការ​លើ​ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​គឺ​មាន​ប្រមាណ ​១​ពាន់​ ១​រយ​លាន​ដុល្លារ​អាមេរិក​ ហើយ​អាកាស​យានដ្ឋាន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៣។​

បើតាម​សេចក្តី​រាយ​ការណ៍​របស់​ក្រសួង​ព័ត៌មាន​ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ស្ថិត​ក្នុង​លំដាប់ ​៤E​ មាន​ផ្លូវ​រត់​ប្រវែង ​៣.៦០០ ម៉ែត្រ​ ទទឹង​ ៤៥ ម៉ែត្រ​ មាន​ចំណត​យន្តហោះ​ចំនួន​ ៣៨​ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នក​ដំណើរ​ជាង ​៨​ម៉ឺន​ម៉ែត្រ​ក្រឡា។​

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ សូ សុកេន​ ធ្លាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ​គឺ​ជា​ផ្លែផ្កា​បាន​មក​ពី​ទំនាក់​ទំនង​ដ៏ល្អ​រវាង​កម្ពុជា​និង​ប្រទេស​ចិន។​

លោក​ថ្លែង​ថា៖​ «និយាយ​ជា​រួម​ គឺ​ការ​ខិតខំ​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​លក្ខណៈ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​នឹង​ប្រទេស​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ហើយ​ដូច​យើង​ដឹង​អ៊ីចឹង​ថា​ ការងារ​នេះ​គឺ​ចេញ​ពី​ការ​សហការ​ កសាង​នូវ​សហគមន៍​រួម​គ្នា​ ជោគ​វាសនា​រួម​ ហើយ​នៅ​ក្នុង​យុគសម័យ​ថ្មី ​[...]​ ហើយ​អ្វី​ដែល​យើង​បាន​ឃើញ​ ជា​សមិទ្ធ​ផល​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្រិត​ធំ​នេះ​ វា​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ជាក់​ស្តែង​ទៅ​លើ​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល»។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​នេះ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ទទួល​បាន​ការ​សហការ​ខ្ពស់​ពី​ប្រទេស​ចិន​ ហើយ​ការ​សាង​សង់​ព្រលាន​នេះ​ទៀត​សោត​ មាន​កម្រិត​ស្តង់ដារ​ខ្ពស់​ដែល​អាច​ជួ​យ​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG