ក្រុមមន្រ្តីអ៊ីរ៉ាក់បាននិយាយថាឈ្មោះ Izzat Ibrahim al-Douri សហការីជិតស្និទ្ធម្នាក់របស់អតីតមេដឹកនាំអ៊ីរ៉ាក់ Saddam Hussein បានត្រូវសម្លាប់នៅក្នុងកិច្ចប្រតិបត្តិការយោធាមួយ។
ទូរទស្សន៍ Al-Arabiya បានដកស្រង់ពាក្យសម្តីអភិបាលខេត្ត Salahuddin ដែលបាននិយាយថា al-Douri ជា «មេគំនិតរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់» ហើយថាការសម្លាប់គាត់ជាដំណើរថយក្រោយមួយរបស់ក្រុមរដ្ឋអ៊ីស្លាម។
របាយការណ៍ព័ត៌មាននិយាយថាការធ្វើពិសោធន៍ DNA នឹងត្រូវធ្វើឡើងដើម្បីបញ្ជាក់ថា al-Douru ត្រូវបានសម្លាប់មែនឬទេ។ គេមានជំនឿថាឈ្មោះ al-Douri ឋិតនៅពីក្រោយការបះបោរប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ននៃប្រទេសអ៊ីរ៉ាក់ដែលដឹកនាំដោយក្រុម Shi'ite។
មានរូបថតមួយដែលបង្ហាញពីសាកសពនៃ al-Douri បានត្រូវផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសុក្រ។ សាកសពនេះមានភិនភាគដូចអតីតអ្នកជំនួយការរបស់ Saddam Hussein ដែលមានរោមមុខពណ៌ក្រហម។ សាកសពនៅក្នុងរូបថតនេះក៏ហាក់ដូចជាបាក់ធ្មេញខាងមុខដែរ។
ឈ្មោះ al-Douri ឋិតនៅក្នុងបញ្ជីនៃក្រុមមន្ត្រីអ៊ីរ៉ាក់ដែលស.រ.អា.រកចាប់ខ្លួនខ្លាំងណាស់នៅពេលមានការលុកលុយចូលក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ដែលដឹកនាំដោយស.រ.អា.៕