កាលពីសប្តាហ៍មុន ប្រទេសអាហ្រ្វិកខាងត្បូង (South Africa) បានបើកអង្គការឯករាជ្យថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ដូចដែលសេចក្តីរាយការណ៍របស់លោក Delia Robertson នៃវីអូអេ ពីទីក្រុងជូហាននីសប៊ឺគ( Johannesburg)បញ្ជាក់ថា អង្គការឃ្លាំមើលអំពើពុករលួយ (Corruption Watch) នឹងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញផ្សព្វផ្សាយសង្គមដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរូម។
គេហទំព័រ www.corruptionwatch.org បានផ្សាយផ្ទាល់ នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករា ដោយមានដំណើរការ នៅទីក្រុងជូហាននីសប៊ឺគ។ គំនិតផ្តួចផ្តើមនេះ ផុសចេញពីកិច្ចប្រឹងប្រែងរបស់ សមាជនៃសហជីពពាណិជ្ជកម្មអាហ្រ្វិកខាងត្បូង (Congress of South African Trade Unions) ឬហៅកាត់ជាភាសាអង់គ្លេសថា COSATU ដែលព៌ណនាអំពើពុករលួយ នៅទីនេះ ថាជា«ជំងឺមហារីកយ៉ាងឈឺចាប់បំផុត»។
លោក ដេវីត ឡេវីស (David Lewis) នាយកប្រតិបត្តិរបស់អង្គភាពថ្មីនិងឯករាជ្យនេះ បានប្រាប់ វីអូអេថា អង្គការឃ្លាំមើលអំពើពុករលួយ មានគោលបំណងផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មាន ដែលពួកគេ ត្រូវការ នៅក្នុងទម្រង់មួយដែលពួកគេ មានភាពងាយស្រួលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
«ខ្ញុំគិតថា ប្រសិនបើយើងចង់បានភាពជោគជ័យ អ្វីដែលយើងត្រូវអនុវត្តនោះ គឺត្រូវក្លាយជាអ្នកប្រមូល អ្នកវិភាគ និងអ្នកផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់មួយដែលមានប្រយោជន៍ដល់សាធារណជន និងជាពិសេស អង្គភាពរបស់សាធារណជន ពោលគឺអង្គភាពដែលរាប់ចាប់តាំងពី គណៈកម្មាការផ្លូវថ្នល់ សហជីពពាណិជ្ជកម្ម សមាគមអ្នកបង់ពន្ធ ក្រុមអ្នកបញ្ចុះបញ្ចូល ដែលអាចជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយណាមួយ។»
ចំណុចសំខាន់នៃគម្រោងនេះ គឺគេហទំព័រ និងប្រព័ន្ធផ្សព្វផ្យាយសង្គមផ្សេងទៀត ដែលប្រជាពលរដ្ឋអាហ្រ្វិកខាងត្បូង អាចរាយកាណ៍អំពីការជួបប្រទះរបស់ពួកគេ ទាក់ទងនឹងអំពើពុករលួយ ព្រមទាំងចូលរួមជាមួយគ្នា ក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាលទៅលើបញ្ហាទាំងអស់នោះ។ លោកឡេវីស មានប្រសាសន៍ថា អង្គការឃ្លាំមើលអំពើពុករលួយ នឹងវាយតម្លៃទៅលើព័ត៌មាន ហើយបញ្ជូនបន្តទៅឲ្យទីភ្នាក់ងារអនុវត្តច្បាប់ នៅពេលណាមួយសមស្រប ហើយត្រួតពិនិត្យមើលនូវអ្វីដែលត្រូវបានធ្វើ។
«ខ្ញុំជឿថា ទស្សនៈច្បាស់លាស់នៅពីខាងក្រោយគម្រោងនេះ គឺថា យើងនឹងមានភាពរឹងមាំជាងមុនក្នុងការត្រួតពិនិត្យទៅលើភាពជឿនលឿនទៅមុខ ស្តីពីថាតើការស៊ើបអង្កេតឬការចោទប្រកាន់បន្ថែមទៀតណាខ្លះ អាចផុសចេញពីគម្រោងនេះ ជាជាងពីបុគ្គលម្នាក់ៗ ដែលរាយការណ៍រឿងក្តីទាំងអស់នោះ ទៅឲ្យអាជ្ញាធរ ដែលប្រហែលជាមានលទ្ធភាពធ្វើកិច្ចការនេះបានដែរ។»
លោក ឡេវីស និយាយថា ក្នុងករណីខ្លះ អង្គការឃ្លាំមើលអំពើពុករលួយ នឹងប្តឹងជំទាស់ ដើម្បីការពារសិទ្ធិរបស់បុគ្គល ក្រុមនិងសហគមន៍។
«យើងបានផ្តល់គំនិតជាច្រើន ជុំវិញលទ្ធភាពនៃការប្តឹងជំទាស់របស់ជនស៊ីវិល ដែលយើងអាចកំណត់អត្តសញ្ញាណសហគមន៍ ឬបុគ្គលឬ ក្រុមរបស់បុគ្គលទាំងឡាយ ដែលត្រូវបានទទួលរងគ្រោះពីសកម្មភាពពុករលួយមួយចំនួន និងអ្នកតំណាង ឬអ្នកដែលអាចប្តឹងដោយសារមានជំនួយពីយើង ចំពោះភាពខូចខាត ហើយនោះមិនមែនជាអ្វីដែលត្រូវបានអនុវត្តជារឿយៗនោះទេ។»
មានប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងជាច្រើន ដែលជាអ្នកក្រីក្រនិងអ្នករស់នៅតំបន់ជនបទដែលមិនចេះប្រើបច្ចេកវិទ្យាទំនើប មានដូចជាអ៊ិនធឺណិត។ លោក ឡេវីស និយាយថា អង្គការរបស់លោក នឹងសហការជាមួយសហគមន៍ទំាងអស់នោះ ដោយប្រើប្រាស់បណ្តាញផ្សេងទៀត ដូចជាការផ្ញើសារជាដើម។
សហគមន៍ពាណិជ្ជកម្មអាហ្រ្វិកខាងត្បូង បញ្ជាក់ថា ដំណើរការរបស់អង្គការឃ្លាំមើលអំពើពុករលួយ ត្រូវបានបង្កើតឡើងទាន់ពេលវេលា។
កាលពីប៉ុន្មានខែមុន រដ្ឋមន្ត្រីហរិញ្ញវត្ថុជាតិ ត្រូវតែឆ្លើយតបទៅនឹងការគ្រប់គ្រងមិនល្អ ការលួចបន្លំ និងអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលមូលដ្ឋាន តាមរយៈការគ្រប់គ្រងលើរដ្ឋបាលរបស់ស្ថាប័នផ្សេងៗ។ ស្ថាប័នទាំងនោះ រួមមាននាយកដ្ឋានសុខាភិបាលនៅខេត្តហ្គូតេង(Gauteng) នាយកដ្ឋានអប់រំនៅទីក្រុងខេបភាគខាងកើត(Eastern Cape) និងនាយកដ្ឋាន៥ផ្សេងទៀត នៅខេត្តលីមផូផូ(Limpopo)។
បន្ថែមពីនេះ អគ្គសវនករ បានផ្តល់សវនកម្មស្អាតស្អំនៅក្នុងរបាយការណ៍របស់លោកថ្មីៗបំផុត ដល់នាយកដ្ឋានចំនួន៣ក្នុងចំណោម៣៩ សហគ្រាសគ្រប់គ្រងដោយរដ្ឋចំនួន១០៦ក្នុងចំណោម២៧២ និងសាលាក្រុងចំនួន៧ក្នុងចំណោម៣៣៩ តែប៉ុណ្ណោះ។
អតីតអ្នកដឹកនាំរបស់អង្គភាព ដែលស៊ើបអង្កេតពីអំពើខុសឆ្គងរបស់ក្រុមមន្ត្រី បានប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន៣.៧៥ពាន់លានដុល្លារ នៅក្នុងថវិការរដ្ឋ បានបាត់បង់ដោយសារអំពើពុករលួយ ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួលដោយ សៀក អេង