ប្រជាពលរដ្ឋ ម៉ូស្គូ (Muscovites) បានប្រមូលផ្តុំគ្នានៅយប់ថ្ងៃសៅរ៍ ដើម្បីគោរពបុរសបីនាក់ដែលស្ទើរតែគ្មាននរណាស្គាល់ តែមរណភាពរបស់ពួកគេកាលពី២០ឆ្នាំមុន បានផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្តពិភពលោក។
ពេលនៅរស់ ពួកគេបានឈរដោយមិនមានអាវុធ ប្រឈមមុខទៅនឹងរថក្រោះរបស់ សូវៀត (Soviet) ដែលកំពុងបើកបរជាមួយនឹងសម្លេងខ្ទរខ្ទា កាត់តាមផ្លូវក្រោមស្ពានមួយនៅក្នុងរដ្ឋធានី ម៉ូស្គូ ដើម្បីវាយប្រហាររដ្ឋាភិបាលរបស់លោកប្រធានាធិបតី បូរីស យ៉ែលស៊ីន (Boris Yeltsin) ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ។ ពេលស្លាប់ ពួកគេបានជំរុញឱ្យមានការប្រឆាំងតវ៉ារបស់ប្រជាពលរដ្ឋក្នុងទ្រង់ទ្រាយធំមួយ ដែលបានកម្ទេចកម្លាំងស្នូលនៃរដ្ឋប្រហារយោធាមួយ ដោយពួកកុម្មុយនីស្តជ្រុលនិយម។
កាលពីថ្ងៃសៅរ៍ ឈរលើស្ពានដែលមានផ្លូវនៅពីក្រោម និងគំនូរជួរឡានទំនើបពណ៌ក្រហមដ៏វែងមួយ ដែលបន្តរហូតដល់ពេលរាត្រីក្នុងរដ្ឋធានី ម៉ូស្គូ បុព្វជិតសាសនាគ្រិស្តនិកាយបូរាណជាតិរុស្សី លោកអាចារ្យ វីស៊ីវ៉ូឡូដ ឆាបលីន (Vsevolod Chaplin) បានលើកដៃធ្វើសញ្ញាជាឈើឆ្កាង។
លោកបានសាទរគោរពចំពោះបុរស ម៉ូស្គូ ទាំងបីរូប សម្រាប់តួនាទីរបស់ពួកគេនៅក្នុងការជួយបញ្ចប់សុបិន្តអាក្រក់រាប់ទសវត្សរ៍នៃការគ្រប់គ្រងរបស់ពូកកុម្មុយនិស្ត។
រ៉ាបប៊ី ហ្សីណូវី លឺវ៉ូវិច កូហ្គាន (Rabbi Zinovii Levovich Kogan) បានសូត្រធម៌ កាដឌីស្ស (Kaddish) ដែលជាការបួងសួងតាមប្រពៃណីរបស់ជនជាតិ ជ្វីហ្វ (Jewish)ដើម្បីកាន់ទុក្ខបុរសទាំងបី។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានទទួលបរាជ័យមានផលប៉ះពាល់អាក្រក់ទៅលើអ្នករៀបចំផែនការ។ នៅក្នុងរយៈពេលបួនខែ សហភាពសូវៀតត្រូវបានរំលាយជាផ្លូវការនិងដោយសន្តិវិធី។
រ៉ាបប៊ី កូហ្គាន (Rabbi Kogan) និយាយថា ពលិកម្មរបស់បុរសទាំងនេះ បានជួយសង្រ្គោះសហភាពសូវៀត ឲ្យផុតពីសង្រ្គាមស៊ីវិលប្រកបដោយការបង្ហូរឈាមមួយ ដែលអាចធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់។
លោកនិយាយថា បុរសទាំងនេះប្រហែលជាត្រូវបានគេស្គាល់តិចតួច នាពេលឥឡូវនេះ។ ប៉ុន្តែ នៅទីបញ្ចប់ ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំង១៥ដែលបានបំបែកខ្លួនចេញពីសហភាពសូវៀត នឹងកោតសរសើរសកម្មភាពរបស់ពួកគេ។
ការយល់ស្របបានលេចចេញមកពីអ្នកស្រី លីបូវ៉ា កូម៉ារ៍ (Lyubova Komar) ដែលជាម្តាយរបស់បុរសម្នាក់ គឺលោក ឌីមីទ្រី កូម៉ារ៍ (Dmitry Komar)។ លោកជាជាងជួសជុលម៉ាស៊ីនអាយុ២២ឆ្នាំម្នាក់ នៅពេលដែលលោកត្រូវបានរថក្រោះបើកកិនសង្កត់ពីលើ រហូតដល់ស្លាប់។
ដោយកាន់បាច់ផ្កាពណ៌ក្រហមមួយបាច់ អ្នកស្រីនិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេថា ប្រទេសរុស្សីប្រហែលជានឹងលើកសរសើរដល់ពលិកម្មរបស់កូនប្រុសអ្នកស្រីនៅក្នុងខួបលើកទី៥០នៃការស្លាប់របស់គាត់តែប៉ុណ្ណោះ។ ឥឡូវនេះ អ្នកស្រីមិនគិតថា សៀវភៅប្រវត្តិសាស្រ្តទាំងឡាយនឹងសរសេរអំពីព្រឹត្តិការណ៍នេះ ឲ្យលើសពីបីពាក្យទេ។
ការប្រមូលផ្តុំតូចមួយនៅថ្ងៃសៅរ៍ដែលមានមនុស្ស៧៥នាក់ ហាក់ដូចជានៅឆ្ងាយខ្លាំងពីព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងកាលពី២០ឆ្នាំមុន ខណៈពេលដែលប្រជាពលរដ្ឋក្នុងរដ្ឋធានី ម៉ូស្គូ ប្រមាណកន្លះលាននាក់ បានចេញធ្វើការទប់ស្កាត់រដ្ឋប្រហារ។
កាលពី២០ឆ្នាំមុន នៅពេលពីរបីសប្តាហ៍ក្រោយរដ្ឋប្រហារដែលបានទទួលបរាជ័យ ខ្ញុំបានបើកកាត់ទីកន្លែងនោះ។ វាមានរូបភាពជាទីកន្លែងរបៀបកុម្មុយនីស្តតាមធម្មតាមួយ ដែលជាចំណុចប្រសព្វមួយ ហ៊ុមព័ទ្ធដោយហាងលក់ទំនិញរប៉ាត់រប៉ាយរបស់រដ្ឋ និងវិទ្យាស្ថានរដ្ឋាភិបាលទាំងឡាយដែលមានភាពកខ្វក់។
សព្វថ្ងៃនេះ បូជនីយដ្ឋានធ្វើពីថ្មតូចត្រូវបានហ៊ុមព័ទ្ធដោយភោជនីយដ្ឋានអាហារសុខភាពបារាំងមួយ និងសណ្ឋាគារដ៏ប្រណិតរបស់កូរ៉េខាងត្បូងមួយ ហើយមានបានីយដ្ឋានមួយនៅខាងលើដំបូល ដែលលក់ស្រាសំប៉ាញ ក្នុងតម្លៃ៨០ដុល្លាក្នុងមួយកែវ។
នៅពេលដែលអ្នកបើកឡានដ៏ប្រណិតទាំងឡាយ បន្លឺសម្លេងស៊ីប្លេ សំដែងការមិនពេញចិត្តនិងការបិតផ្លូវមួយនេះ ហ្គែនណាឌី នីកូលាវិច វឺរឺទីលនី (Gennady Nikolaevich Veretilnii) និយាយថា រុស្សី បានជ្រើសរើសផ្លូវខុស។
លោកនិយាយថា ប្រទេសរុស្សីឥឡូវនេះត្រូវបានដឹកនាំដោយ«ភាពផ្តាច់ការនៃមនុស្សមួយក្រុមតូច»។ លើកដៃចង្អុលទៅស្មាខាងស្តាំ របស់លោក ដែលមេបញ្ជាការរថក្រោះសូវៀតម្នាក់បានបាញ់ទៅត្រូវ នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ លោកនិយាយថា លោកឥឡូវនេះមិនដឹងថាតើ ប្រទេស រុស្សី នឹងបានស្កាល់លទ្ធិប្រជាធិបតេយ្យឬទេ។
ឈរនៅក្បែរនោះគឺ សឺជី ហ្វីឡាទូវ (Sergei Filatov) ដែលជាអតីតជំនួយការក្រសួងការពារជាតិរបស់សពលោកប្រធានាធិបតី បូរីស យ៉ែលស៊ីន (Boris Yeltsin)។ នៅក្នុងកំឡុងពេលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ លោកបានបញ្ជូនក្រុមមនុស្សទៅកាន់យោធភូមិក្នុងតំបន់ ដើម្បីបញ្ចុះបញ្ចូលមេបញ្ជាការទាំងឡាយកុំឱ្យធ្វើការវាយប្រហារ។
ឥឡូវនេះ ក្នុងឋានៈជាប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសង្គមមួយនៅទីនោះ លោកយល់ស្របថា ប្រទេសរុស្សីកំពុងធ្វើដំណើរឆ្លងកាត់ដំណាក់កាលផ្តាច់ការមួយហើយ។
ក៏ប៉ុន្តែ លោកក៏បាននិយាយផងដែរថា ថ្នាក់ដឹកនាំរុស្សីនឹងរកឃើញថាលទ្ធិប្រជាធិបតេយ្យគឺជាវិធីតែមួយគត់សម្រាប់ធ្វើឲ្យប្រទេសជាតិមានការជឿនលឿនទៅមុខ។
ប្រជាពលរដ្ឋជាច្រើនដែលបានប្រមូលផ្តុំគ្នាដើម្បីសម្គាល់ខួបលើកទី២០ ហើយដែលភាគច្រើនជាមនុស្សមានអាយុច្រើនជាង៥០ឆ្នាំនោះ មិនមានការលំបាកអំពីការបញ្ចេញទស្សនៈដ៏វែងទេ នៅពេលនិយាយអំពីប្រវត្តិសាស្រ្តរបស់រុស្សី៕
ប្រែសម្រួលដោយ ឌី ខាំបូលី