អាជ្ញាធរចក្រភពអង់គ្លេសបានចោទប្រកាន់បុរសជនជាតិរុស្ស៊ីពីរនាក់ថាមានជាប់ពាក់ព័ន្ធនឹងការដាក់ថ្នាំបំពុលអតីតចារកបុរសរុស្ស៊ីក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស និងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វាហាក់ដូចជា ចៃដន្យមិនគួរឲ្យជឿ ដែលអ្នកទាំងពីរនាក់នេះក៏បានស្ថិតនៅក្នុងទីក្រុងនៅចំថ្ងៃវាយប្រហារនេះដែរ។
អាជ្ញាធរចក្រភពអង់គ្លេសភា្លមបានច្រានចោលការអះអាងរបស់បុរសជនជាតិរុស្ស៊ីទាំងពីរនាក់ដែលមានឈ្មោះថា Boshirovនិង Alexander Petrovដែលអ្នកទាំងពីរបានធ្វើការអះអាងនៅអំឡុងពេលបទសម្ភាសន៍តាមកម្មវិធីទូរទស្សន៍ RTដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលវិមានគ្រឹមឡាំង។
អាជ្ញាធរក្នុងទីក្រុងឡុងដ៍បានអះអាងសារជាថ្មីថាបុរសទាំងពីរនាក់នេះជាមន្រ្តីប៉ូលិសមកពីទីភ្នាក់ងារស៊ើបការសម្ងាត់របស់យោធារុស្ស៊ី និងបាននិយាយកុហកអំពីការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងហេតុការណ៍ដាក់ថ្នាំបំពុលអតីតចារកបុរសរុស្ស៊ីឈ្មោះ Sergei Skripal។
អាជ្ញាធរចក្រភពអង់គ្លេសបាននិយាយថា៖ «ទីភ្នាក់ងារស៊ើបការសម្ងាត់របស់រុស្ស៊ីបានបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទីក្រុង Salisburyដើម្បីបំពុលលោក Skripalនិងកូនស្រីរបស់លោកឈ្មោះ Yulia។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានដឹងច្បាស់ណាស់។ បុរសទាំងពីរនាក់នេះបានប្រើប្រាស់ថ្នាំពុល អាវុធគីមីខុសច្បាប់នៅក្នុងប្រទេសរបស់យើង»។
អាជ្ញាធរចក្រភពអង់គ្លេសបានថ្លែងបន្តទៀតថា៖ «យើងសូមស្នើម្តងទៀតទៅប្រទេសរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើនៅក្នុងទីក្រុង Salisbury កាលពីខែមិនាកន្លងទៅ»៕