ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​រដូវ​ច្រូត​កាត់​ស្រូវ​សាលី​ដែល​ចុះ​ថយ​យ៉ាង​ខ្លាំង​របស់​ប្រទេស​រុស្សី​ជា​ការ​សម្លឹង​​មើល​ទៅ​កាន់​អនាគត​ឬ​ដូច​ម្តេច?​


ដំណាំ​​ស្រូវ​​សា​លី​នៅ​ប្រទេស​រុស្សី​។
ដំណាំ​​ស្រូវ​​សា​លី​នៅ​ប្រទេស​រុស្សី​។

វ៉ាស៊ីនតោន៖ ស្រូវ​សា​លី​របស់​ប្រទេស​រុស្សី​កំពុងក្រៀមស្វិត ​ដោយ​សារ​តែ​ការ​ឡើងកំដៅ​រយៈ​ពេល​យូរ​ ​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​ ដែល​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ឡើង​ខ្ពស់​នៅ​លើ​ទីផ្សារ​ទំនិញ​របស់​សកលលោក។​ ដំណាំ​ជា​ច្រើន​កំពុង​មាន​ការ​លំបាក​ជា​មួយ​នឹង​កំដៅ។​ ការ​សិក្សា​ថ្មី​មួយបង្ហាញ​ថា​ ផលិតផលស្រូវក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​សីតុណ្ហភាព​ ដែលចេះ​តែ​កើន​ឡើង​ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗនេះដែរ។​ រឿង​ទាំង​នេះ​អាច​ជា​ការ​ព្រមានថ្មីបំផុត​ ដែល​ថា​ការ​ប្រែ​ប្រួល​អាកាសធាតុ​ នៅ​តាម​តំបន់​កសិកម្ម​សំខាន់ៗ​មួយ​ចំនួន​ អាច​គំរាមកំហែង​ដល់​ការ​ផ្គត់​ផ្គង់ស្បៀង​អាហារ​របស់​ពិភព​លោក។

រដ្ឋ​ល្វីហ្ស៊ីយ៉ាណា​ (Louisiana) ដែល​ស្ថិតនៅភាគខាង​ត្បូង​សហរដ្ឋអាមេរិកកំពុង​ឆ្លង​កាត់រដូវ​ក្តៅ​មួយ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហែង​យ៉ាង​ខ្លាំង។​ រដ្ឋ​ល្វីហ្ស៊ីអាណា ​គឺ​ជា​រដ្ឋ​ផលិត​ស្រូវ​ធំ​ជាង​គេ​បំផុតលំដាប់ទីបី​ របស់​សហរដ្ឋ​អាមេរិក​ ដែល​អាច​ផលិត​បាន​ប្រហែល​ ១.៣​ លាន​តោន​កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ​ សីតុណ្ហភាព​កើន​ឡើង​ខ្ពស់អាច​បង្ក​ផល​ប៉ះពាល់​ដល់​ដំណាំ​ បាន​ច្រើន​យ៉ាង។​ ឆ្នាំនេះ​ អាកាសធាតុ​ក្តៅ​ខ្លាំង​ពេល​យប់​ ​បានធ្វើ​ឲ្យ​រុក្ខជាតិ​ទទួល​រង​នូវ​ជំងឺបង្ក​ឡើង​ដោយ​បាក់​តេរី។​ លោក ខ្លេរិន​ប៊ើខេន​ (Clarence​ Berken)​ ជា​កសិករ​ដាំស្រូវម្នាក់​ និយាយ​ថា​ ទិន្នផលធ្លាក់​ចុះ​ពី​ ២៥​ ទៅ​ ៣០​ ភាគរយ​ នៅ​តាម​វាល​ស្រែ​មួយ​ចំនួន​របស់​លោក ។

«ជា​ពិសេស​នៅ​ក្នុង​ឆ្នាំដូច​ជា​ឆ្នាំ​នេះ​ ខណៈ​ដែល​ថ្លៃ​លក់​ផល​ដំណាំ​របស់​យើង ​ធ្លាក់​ចុះប្រហែល​ពាក់​កណ្តាល​នៃ​តម្លៃ​កាល​ពី​ពីរ​ឆ្នាំ​មុន​ ហើយ​ជា​មូល​ដ្ឋានសោហ៊ុយ​លើការចំណាយ​ គឺ​នៅតែ​ដដែល។​ នោះ​គឺ​ពិត​ជា​កត្តា​មួយដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ»។

ហើយ​ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ នៃ​របាយការណ៍​ស្រាវ​ជ្រាវ​របស់​បណ្ឌិត​សភាវិទ្យាសាស្រ្ត​ជាតិ​ លោក​ ប៊ើខេន​ និង​កសិករ​ដំណាំស្រូវ​នៅ​ជុំវិញ​ពិភពលោក​ និង​មាន​ការព្រួយ​បារម្ភ​ច្រើន​ជាង​នេះ​នាពេល​អនាគត។​ ក្រុម​អ្នកសិក្សា​ស្រាវ​ជ្រាវ​បាន​សិក្សា​អស់​រយៈ​ពេល៦ឆ្នាំ​ទៅលើទិន្នន័យ​ ដែល​បាន​មក​ពី​កសិដ្ឋាន​ចំនួន​២២៧​កន្លែង​ នៅតាម​បណ្តា​ប្រទេសផលិតស្រូវសំខាន់​ៗ​ចំនួន​៦​ នៅ​ទី្វប​អាស៊ី។​ ពួក​គេ​ពិនិត្យ​មើល​ថា​តើ​ផលិត​ផល​ស្រូវ​មាន​ភាព​ខុស​គ្នាយ៉ាងដូច​ម្តេច​ខ្លះ​ ផ្អែក​ទៅ​តាម​អាកាសធាតុ​ប្រែ​ប្រួល ហើយ​វាយ​តម្លៃ​សរុប​អំពី​ផលប៉ះពាល់​ទាំង​ឡាយ នៅ​ក្នុង​រយៈ​ពេល២៥​ឆ្នាំ​កន្លង​ទៅ​នេះ។​ លោក​ ចារូដ​ វ៉េលហ្ស៍​ (Jarrod Welch)​ ជា​អ្នក​និពន្ធនាយក​ នៃសាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ (University​ of California)​ នៅទី​ក្រុង​សាន់ឌីយ៉េហ្គោ​ (San Diego)​ មាន​ប្រសាសន៍​ថា​ លទ្ធផល​គឺ​ជា​ព័ត៌មាន​អាក្រក់។

«សីតុណ្ហភាព​ដែល​កាន់​តែ​ក្តៅ​ឡើង​ពេល​យប់​ ​នាំ​ឲ្យ​មាន​ទិន្នផល​តិច​ជាង​មុន»។

ហើយ​សីតុណ្ហភាព​នា​ពេល​យប់ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ លឿន​ជាងសីតុណ្ហភាព​នា​ពេល​ថ្ងៃ​ ដោយ​សារ​តែ​អាកាស​ធាតុ​ប្រែ​ប្រួល។​ លោក​ វ៉េលហ្ស៍​ និយាយ​ថា ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ផលិត​ភាព​អាច​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​កាន់​តែ​ឡើង​ខ្ពស់​នា​ពេល​អនាគត។​ ហើយស្រូវ​ជា​ដំណាំ​ដ៏​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់សម្រាប់​មនុស្ស​ជា​ច្រើន​ នៅ​ក្នុង​ចំណោមពលរដ្ឋក្រីក្រ​របស់ពិភព​លោក។

«តួ​លេខ​ប្រជាពលរដ្ឋ​ ដែល​ពឹង​ផ្អែក​លើ​ស្រូវ​ មាន​ចំនួន​ច្រើន​បំផុត។​ មនុស្សចំនួន​ប្រហែលជា៣​ពាន់​លាន​នាក់​ពិសារ​បាយ​ជា​រៀង​រាល់​ថ្ងៃ។​ មនុស្ស​ប្រហែល​ ៦០០​លាន​នាក់ពឹង​ផ្អែក​លើ​បាយ​ធ្វើ​ជា​អាហារ​មូល​ដ្ឋាន​របស់​ពួក​គេ។​ ហើយ​ពលរដ្ឋ​ទាំង​ ៦០០​លាន​នាក់​នេះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋរាប់​ពាន់លាននាក់ដែលក្រី​ក្រ​បំផុត​របស់​ពិភព​លោក»។

អតិថិជន​ទិញ​អង្ករ​មិន​មែន​ជា​អតិថិជន​តែ​មួយ​ទេ​ ដែល​សិ្ថត​ក្នុង​គ្រោះ​ថ្នាក់ដោយ​សារ​តែ​សីតុណ្ហភាព​កើន​ឡើង​នេះ។​ កាល​ពីរ​ដូវ​ស្លឹក​ឈើ​ជ្រុះ​មុន​ ការ​សិក្សា​ធំ​មួយទៀត​ ដែល​ពិនិត្យ​មើល​ទៅ​លើ​ផលិត​ផលពោត​ សណ្តែក​សៀង​ និង​កប្បាស់ របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ថា​ ទិន្នផល​ធ្លាក់​ចុះ​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ពេល​ដែល​ផល​ដំណាំ​ត្រូវ​ទទួល​រង​នូវ​សីតុណ្ហភាព​លើស​ពី​កម្រិត​មួយដែល​ផល​ដំណាំ​ទាំង​នេះ​អាច​ផ្តល់​ទិន្នផល​បាន​ច្រើន​បំផុត​នោះ។​ ដោយ​ផ្អែក​ទៅ​លើបញ្ហា​ថា​តើអាកាសធាតុនិង​ឡើងក្តៅ​លឿន​ប៉ុន​ណា​នៅ​ក្នុង​សតវត្សរ៍​នេះ​ ការ​សិក្សា​នេះ​បាន​ព្យាករណ៍​ថា​ ទិន្នផល​ដំណាំ​អាច​ធ្លាក់ចុះ​ពី​ ៣០​ ទៅ ​៨០​ភាគរយ។

លោក​ ឡេស្ទឺ​ ប្រ៊ោន​ (Lester Brown)​ ជា​ប្រធាន​ក្រុម​អ្នក​ផ្តល់​យោបល់​ដល់រដ្ឋាភិបាលឈ្មោះ​វិទ្យាស្ថាន​គោល​នយោបាយភព​ផែន​ដី​ (Earth​ Policy​ Institute)​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុងវ៉ាស៊ីនតោន​ បាន​ឱ្យ​ដឹង​ថា​ ការ​ឡើង​ថ្លៃ​ស្រូវ​សាលី​នា​ពេល​បច្ចុប្បន្ន​នេះ​ ដែល​បង្ក​ឡើង​ដោយ​ការ​ច្រូត​កាត់​ស្រូវ​សាលី ដែលត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​សារ​កំដៅ​ នៅ​ក្នុង​ប្រទេស​រុស្សី​ អាច​ជា​ការ​សម្លឹង​មើល​យ៉ាង​ខ្លី​មួយ ទៅ​ក្នុងអនាគត​តែ​ប៉ុណ្ណោះ។

«នេះជា​ប្រភេទ​នៃ​មេរៀន​មួយ​ក្នុង​សៀវភៅ​សិក្សា​ ស្តីពី​ផល​ប៉ះ​ពាល់​នៃ​កំណើន​សីតុណ្ហភាពទៅ​លើ​ទិន្នផល​គ្រាប់​ធញ្ញជាតិ។​ ប្រសិន​បើ​អ្នក​ជា​ក្សេត្រ​វិទូ​មួយ​រូប​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ព្រួយ​បារម្ភ​អំពី​សន្តិ​សុខ​ស្បៀង​អាហារ​នា​ពេល​អនាគត​ អ្នក​ត្រូវ​ព្រួយ​បារម្ភ​ ចំពោះ​ការ​ទោះ​ទាយ​អំពី​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព ​ដែល​អាច​មាន​ជាយ​ថាហេតុ»។

ប៉ុន្តែ​កសិករ​អាមេរិកាំង​ជា​ច្រើន​ ដូច​ជា​លោកខ្លេរិន​ប៊ើខេន​ នៅ​ក្នុងរដ្ឋល្វីហ្ស៊ីអាណា​ មិន​ជឿ​ទេ​ថា​ យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​អនាគត​ ដែល​មាន​អាកាសធាតុ​ក្តៅ​ជាងមុន។

«យើង​ធ្លាប់​ជួប​ប្រទះ​រលក​កំដៅឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​យូរ​ កាល​ពី​មុន។​ ហើយ​ រលក​កំដៅ​នេះ​នឹង​ចូល​មក​ ហើយ​បាត់​ទៅ​វិញ។​ ខ្ញុំ​គិត​ថា​វា​ជា​ការ​វិល​សារ​ចុះ​ឡើង​ ជា​ជាង​រឿង​អ្វី​ផ្សេង»។

លោក​បាន​បន្ថែម​ទៀត​ថា​ ទោះ​ជា​អនាគត​នឹង​ទៅ​ជា​បែប​ណា​ក៏​ដោយ​ ក៏​វិជ្ជាស្ថាន​ឬស្ថានីយ​ស្រាវ​ជ្រាវរបស់សាកល​វិទ្យាល័យ​រដ្ឋល្វីហ្ស៊ីអាណា​ កំពុង​អភិវឌ្ឍន៍​ជា​ប្រចាំ​ទៅ​លើ​ប្រភេទ​ពូជ​ស្រូវ​ថ្មីៗ​ ដែល​ជួយ​ឲ្យ​លោក​សម្រប​សម្រួលទៅ​តាម​ស្ថាន​ភាព​ផ្លាស់​ប្តូរ។

«ស្ថានីយ​ស្រាវ​ជ្រាវ​នេះ​ធ្លាប់​ត្រូវ​ការ​ពេល​១០​ឆ្នាំ ដើម្បី​បញ្ចេញ​ពូជស្រូវ​មួយ​ប្រភេទ។​ ហើយ​ ឥឡូវ​នេះ​ ជា​មូល​ដ្ឋាន​ យើង​កាត់​បន្ថយ​រយៈពេល​នោះ​មក​នៅ​ពាក់​កណ្តាល។​ ស្ថានីយ​ស្រាវជ្រាវ​ ​បំពេញ​កិច្ចការ​ដ៏​ល្អ​ ក្នុង​ការ​ធ្វើ​ការ​ងារ​ទាំង​អស់​នោះ​ ដែល​ជា​មូលដ្ឋាន​ បាន​ធ្វើ​ឲ្យ​អាចយើងបន្តអាជីវកម្ម​យើង​បាន»។

លោកស្រី​ នីណា​ ហ្វេដូរ៉ូហ្វ​ (Nina Fedoroff)​ ជា​អ្នក​វិទ្យាសាស្រ្ត​ខាង​រុក្ខជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​រដ្ឋ​ផិនស៊ីលវេនីញ៉ា​ (Penn​ State​ University)​ និង​ជា​អតីត​ទី​ប្រឹក្សា​នៃ​ក្រសួង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ទិន្នផល​ដំណាំ ​តែង​តែ​ជា​កត្តា​គន្លឹះ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ស្បៀង​របស់​ពិភពលោក។​ ប៉ុន្តែលោកស្រី​ និយាយ​ថា​ វា​គ្មាន​ការ​មន្ទិល​សង្ស័យ​ទេ ​ដែល​ថា​អាកាស​ធាតុ​នឹង​កាន់​តែ​ក្តៅ​ឡើងៗ ដែល​បង្កើត​ជា​បញ្ហា។

«មាន​ការ​កម្រិត​ចំពោះ​អ្វី​ ដែល​ដំណាំ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​បង្កើត​ផល»។

លោក​ស្រី​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ដំណាំ​ពាណិជ្ជកម្ម​សព្វ​ថ្ងៃ​នេះ​បាន​វិវត្តន៍​ទៅ​តាម​បរិយាកាស​សីតុណ្ហភាព​ និង​មានការ​កម្រឹត​ចំពោះ​អ្វី​ដែល​ក្រុម​អ្នក​បង្កាត់​ពូជ​ជា​ច្រើន​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ធ្វើ​ឲ្យ​ដំណាំទាំង​អស់​នោះ​សម្រប​ទៅ​នឹង​បរិស្ថាន​ក្តៅ​ហើយ​ស្ងួត​ជាង​មុន។

«ឧទាហរណ៍ដូច​ជា​ ការ​បង្កាត់​ពូជ​ដើម្បីទប់​ទល់​ទៅ​នឹង​គ្រោះ​រាំង​ស្ងួត ​នឹង​មិន​អាច​បង្កើត​ដំណាំ​ដែល​នឹងផ្តល់​ផល​ឱ្យ​បានច្រើន​ណាស់​ណា​ លើស​ពី​ផល​ដែល​យើង​ទទួល​បាន​នា​សព្វ​ថ្ងៃ​នេះ​ទេ។​ ដំណាំ​ទាំង​នោះ ​គឺ​គ្រាន់​តែ​ជា​ដំណាំ​ដែលមិន​សូវ​ទទួលរង​ការ​ខូច​ខាត​ខ្លាំង​ពេក​ នៅ​ពេល​ដែល​មាន​កំដៅ​សីតុណ្ហភាព​ខ្ពស់​ប៉ុណ្ណោះ»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ត្រូវ​តែ​ផលិត​ដំណាំ​ណា​ ដែល​ផ្តល់​ផលបាន​យ៉ាងច្រើន​ ដោយ​សារ​តែ​ពលរដ្ឋ​នៅ​ក្នុង​ពិភព​លោក​ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ជិត​៥០​ភាគរយ​ នៅ​ត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​នេះ។​ លោកស្រី​ ហ្វេដូរ៉ូហ្វ​ មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​ ដែល​ប្រហែល​រួមបញ្ចូល​ទាំង​ការ​ណែ​នាំ​ឱ្យ​មាន​ដំណាំ​ថ្មី​ស្រឡាង​ និង​វិធី​សាស្ត្រ​នៃ​ការ​ផលិត​ នឹង​ត្រូវ​ការជា​ចាំ​បាច់ ដើម្បីឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំង​នោះ។​ កាល​ពី​មុន​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​ទទួល​ជោគ​ជ័យច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ការ​ដំឡើង​ផលិតភាព ហើយ​ពួក​គេ​អាចធ្វើ​កិច្ចការ​នេះ​បាន​សម្រេចជា​ថ្មី​ទៀត។​ ប៉ុន្តែ​លោក​ស្រី​ ហ្វេដូរ៉ូហ្វ​ កត់​សម្គាល់​ថា​ បើ​ទោះ​ជា​មាន​សេចក្តី​ត្រូវការ​បន្ទាន់​ក៏​ដោយ​ ​ក៏​ការ​ស្រាវ​ជ្រាវអំពី​ដំណាំនៅ​មាន​ការ​ខ្វះ​ខាត​មូល​និធិ​យ៉ាង​ខ្លាំង។

«ជា​គោល​ការណ៍​ គ្រោះ​អាក្រក់​ និង​ភាព​ងងឹត​សូន្យ​សុង​ មិន​ត្រូវ​ឲ្យ​កើត​ឡើង​ឡើយ។​ ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ តើ​យើង​នឹង​រៀប​ចំ​អាទិភាព​របស់​យើង​ឡើង​វិញ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ទប់​ស្កាត់​គ្រោះ​អាក្រក់ដែរ​ឬ​ទេ?​ (ខ្ញុំ)​មិន​ដឹង​ទេ»៕

ប្រែ​សម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG