កងនាវាចម្បាំងរុស្ស៊ីមួយចំនួនបានទៅដល់ដែនទឹកប្រទេសគុយបាហើយកាលពីថ្ងៃពុធ នៅមុនការធ្វើសមយុទ្ធយោធារួមគ្នាមួយដែលបានគ្រោងទុក នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីព ក្នុងអ្វីដែលមនុស្សមួយចំនួនមើលឃើញថាជាការបង្ហាញពីកម្លាំងមួយ ខណៈភាពតានតឹងកំពុងឡើងកម្តៅ ជុំវិញការគាំទ្ររបស់បស្ចិមប្រទេសដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP។
នាវាចម្បាំងរុស្ស៊ី៣គ្រឿងបានឆ្លងកាត់មាត់ជ្រោយសមុទ្រ Havana ក្នុងប្រទេសគុយបាដោយល្បឿនយឺតៗ ដែលមានការអមដោយទូកតូចៗមួយចំនួនផងដែរ ដែលបាននាំផ្លូវនាវាទាំងនេះនៅតាមព្រែកជីកដែលតូចចង្អៀត។ នាវាដែលមានដោតទង់ជាតិរុស្ស៊ីនិងគុយបាទាំងនេះទទួលបានការស្វាគមន៍ដោយការបាញ់កាំភ្លើង 21កាណុងជាគោរពផងដែរ។ ក្រុមកងនាហ្វឹកដែលស្លៀកពាក់ឯកសណ្ឋានរបស់ខ្លួននោះបានឈរតម្រង់ជួរជាលក្ខណៈយោធា នៅពេលដែលនាវារំកិលខ្លួនខិតកាន់តែជិតដល់ប្រទេសដែនកោះមួយនេះ។
នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់រុស្ស៊ី ត្រូវរំពឹងថានឹងមកដល់តាមក្រោយនាវាចម្បាំងទាំងនោះ។
យោធាសហរដ្ឋអាមេរិករំពឹងថា ការធ្វើសមយុទ្ធយោធានេះមានការចូលរួមពីនាវាចម្បាំងនិងនាវាគាំទ្ររបស់រុស្ស៊ីមួយចំនួន ដែលអាចនឹងត្រូវឈប់សំចតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។
រុស្ស៊ីជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡានិងគុយបា ហើយនាវាចម្បាំងនិងយន្តហោះចម្បាំងរបស់ខ្លួនបានធ្វើបេសកកម្មម្តងម្កាលក្នុងតំបន់សមុទ្រការ៉ាអ៊ីព។ ប៉ុន្តែបេសកកម្មលើកនេះ កើតមានឡើងតិចជាង២សប្តាហ៍ប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធ ដែលផ្តល់ដោយអាមេរិក អាចធ្វើការវាយប្រហារទៅលើគោលដៅមួយចំនួននៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីការពារទីក្រុង Kharkiv ដែលជាទីក្រុងដ៏ធំបំផុតទី២របស់អ៊ុយក្រែន ដោយធ្វើឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinលើកឡើងថា កងយោធារបស់លោកអាចធ្វើការឆ្លើយតបវិញ នៅក្នុង«វិធានការផ្សេងៗ» នៅទីកន្លែងដទៃទៀតនៅលើពិភពលោក៕