ប្រទេសរុស្ស៊ីបានបដិសេធចំពោះតួនាទីរបស់ខ្លួនក្នុងដាក់ថ្នាំបំពុលប្រភេទ Novichok ដែលជាកម្រិតថ្នាំពុលកម្រិតយោធាដែលត្រូវបានហាមឃាត់ ហើយនិងត្រូវបានផលិតនៅលើដីរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍បានហៅវិធានការនេះ ថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិហើយ បានប្រកាសប្រើប្រាស់វិធានការសងសឹកអាមេរិកវិញ។
ប្រទេសរុស្ស៊ីបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចាប់តាំងពីការបញ្ចូលឧបទ្វីបគ្រីមានៅក្នុងប្រទេសអ៊ុយក្រែនជារបស់ខ្លួននៅឆ្នាំ២០១៤មក។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនេះ ប្រទេសរុស្ស៊ីបានខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង។
លោក Dmitry Zhdannikov បណ្ណាធិការសារព័ត៌មានReuters ផ្នែកទីផ្សារបាននិយាយថា៖
«ជាឧទាហរណ៍មួយ ទីផ្សារមូលប័ត្រក្រុមហ៊ុនដ៏ធំបំផុតរបស់រុស្ស៊ីគឺក្រុមហ៊ុនប្រេង Rosneft មានតម្លៃប្រហែលពី ៦០ទៅ៧០ពាន់លានដុល្លារអាស្រ័យលើស្ថានភាពទីផ្សារ។ បើធៀបទៅនឹងទីផ្សារអាមេរិករបស់ក្រុមហ៊ុន Exxon-Mobil នោះក្រុមហ៊ុនប្រេងរុស្ស៊ីមានតម្លៃរហូតដល់ទៅ៣៥០ពាន់លានដុល្លារ ដូច្នេះវាមានគម្លាតដ៏ធំដូចដែលអ្នកបានឃើញហើយ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានធានាដល់ពលរដ្ឋរុស្ស៊ីថា ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះនៅមានស្ថិរភាពដដែល។ ចំណែកឯប្រជាពលរដ្ឋរុស្ស៊ីទូទៅហាក់ដូចជាមិនបារម្ភទេ។
លោកArkadiy Lyubarskikhពលរដ្ឋរស់នៅទីក្រុង មូស្គូ បាននិយាយថា៖
«ប្រទេសរបស់យើងមិនគួរអើពើចំពោះរាល់ទណ្ឌកម្មទាំងអស់នេះទេ។ យើងរស់នៅដូចកាលពីមុនអីចឹង។ ខ្ញុំគិតថា ចំពោះទណ្ឌកម្មដែលពួកគេបានដាក់រួចហើយ និងអ្វីដែលពួកគេនឹងដាក់បន្ថែមទៀតនឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងឬជីវភាពរស់នៅរបស់យើងនោះទេ»។
ការខាតបង់ផ្នែកហិរញ្ញវត្ថុមិនបានរារាំងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putinពីការធ្វើអន្តរាគមន៍បន្ថែមទៀតនៅតំបន់អ៊ុយក្រែនខាងកើត និងជ្រៀតជ្រែកដំណើរការនយោបាយនៅក្នុងប្រទេសដទៃទៀតនោះទេ។
ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍បានហៅការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកថាជា«ឱសានវាទ»ឥតខ្លឹមសារ។ ក្រុមអ្នកវិភាគមួយចំនួននិយាយថា ទណ្ឌកម្មទាំងនេះមិនមានលទ្ធផលទៅតាមអ្វីដែលអាមេរិកចង់បានកន្លងមកនោះទេ។
លោក Dmitry Zhdannikov បណ្ណាធិការសារព័ត៌មានReuters ផ្នែកទីផ្សារបានថ្លែងថា៖
«ប្រទេសលោកខាងលិចបានសង្ឃឹមថា ការដាក់សម្ពាធកាន់តែច្រើនទៅលើលោក Putin នោះទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ហើយពួកឥស្សរជននយោបាយនិងអ្នកជំនួញរុស្ស៊ីកាន់តែមិនសប្បាយចិត្ត ដែលនឹងបង្ខំឲ្យលោក Putin ផ្លាស់ប្ដូរចំណាត់ការរបស់លោក។ ក៏ប៉ុន្តែការណ៍នេះមិនបានកើតឡើងទេក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយផ្ទុយទៅវិញ អ្វីដែលយើងបានឃើញគឺផ្ទុយពីនេះ»។ ប៉ុន្តែសម្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានហៅការដាក់ទណ្ឌកម្មថ្មីថា«ធ្ងន់ធ្ងរខ្លាំង»។
ពលរដ្ឋរុស្ស៊ីខ្លះបារម្ភថា ពលរដ្ឋសាមញ្ញនឹងរងផលប៉ះពាល់។ លោក Aleksandr Zimin ពលរដ្ឋរស់នៅទីក្រុង មូស្គូ បានមានប្រសាសន៍ថា៖ «នេះគឺជាល្បែងដ៏ធំមួយ ហើយយើងជាប្រជាពលរដ្ឋគឺជាកូនអុកសម្រាប់តថ្លៃ។ យើងមិនដឹងពីហេតុផលពិតប្រាកដទេ ដូច្នេះអ្វីដែលយើងអាចធ្វើបានគឺការឃ្លាំមើលទណ្ឌកម្មទាំងអស់នេះ ហើយតស៊ូរស់នៅឬផ្លាស់ប្តូរជីវិតរបស់យើងដើម្បីកុំឲ្យទណ្ឌកម្មឬឥទ្ធិពលខាងក្រៅអាចប៉ះពាល់ដល់យើងបាន»។
ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកមកលើប្រទេសរុស្ស៊ីនឹងត្រូវចូលជាធរមាននៅថ្ងៃទី ២២ ខែ សីហា ក្រោមច្បាប់របស់អាមេរិកស្ដីពីការហាមឃាត់អាវុធគីមីនិងអាវុធជីវសាស្ត្រ៕
ប្រែសម្រួលដោយ ហេង រស្មី