កាលពីឆ្នាំមុន ប្រទេសចិនបានឡើងជំនួសប្រទេសអាល្លឺម៉ង់ជាអ្នកដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី។ ឥឡូវនេះ នៅពេលដែលបំពង់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីកំពុងតែបែរតម្រង់ទៅទិសខាងកើត វិមានក្រឹមឡិន (Kremlin) ចង់ប្តូរទីក្រុងមួយដែលនៅជាប់និងមាត់ទន្លេ នៅតាមផ្លូវអយស្ម័យយានឆ្លងកាត់តំបន់ស៊ីបេរី (Siberia) ឲ្យទៅជាទ្វាររបស់ទ្វីបអាស៊ីបើកចូលទៅក្នុងប្រទេស រុស្ស៊ី។
សម្លេងតូរ្យតន្រ្តី របាំ មុខមាត់របស់ជនជាតិមុងហ្គោលី (Mongolian) បានបង្ហាញសញ្ញាឲ្យដឹងថាទីក្រុងចាស់មួយនេះរបស់ ប្រទេសរុស្ស៊ីដែលស្ថិតនៅតាមផ្លូវលំដឹកតែ ជាទីក្រុងដែលមានជនជាតិអាស៊ីរស់នៅច្រើន។ អស់រយៈពេលបីសតវត្សរ៍ ទីក្រុង អ៊ូឡង់ អ៊ូដេ ជាគ្រោះថ្នាក់មួយនៃរាជាធិរាជាណាចក្រ។ ចរកជន ប៊ុរីយ៉ាចា (Buryat) ជាជនជាតិ ម៉ុងហ្គោលីនៅចុងខាងជើងបំផុត ដែលរស់នៅក្នុងព្រំដែនរបស់ប្រទេសរុស្ស៊ី។ឥឡូវនេះសេដ្ឋកិច្ចទ្វីបអាស៊ីកំពុងតែរីកលូតលាស់យ៉ាងរហ័ស ហើយវិមានក្រឹមឡិនកំពុងបែរងាកទៅទិសខាងកើត។
លោកនាយករដ្ឋមន្រ្តី វ្លាឌីមារ ព្យូទិន (Vladimir Putin) បានធ្វើដំណើរតាមយន្តហោះឆ្លងកាត់តំបន់ប្តូរម៉ោងប្រាំដង ដើម្បីទៅជំរាបមេដឹកនាំជនជាតិប៊ុរីយ៉ាចាថាពួកគេមានមុខនាទីយុទ្ធសាស្រ្តមួយនៅក្នុងការស្ថាបនាទំនាក់ទំនងរបស់ប្រទេសរុស្ស៊ីជាមួយទ្វីបអាស៊ី។ បេសកកម្មរបស់ពួកគេគឺត្រូវសង់កំពង់ផែជាមិត្តភាពមួយសម្រាប់ឲ្យទ្វីបអាស៊ីចូលមកក្នុងប្រទេសរុស្ស៊ី។
លោកមានប្រសាសន៍ថា ការបញ្ចូលសាធារណរដ្ឋ ប៊ុរីយ៉ាចា មកក្នុងប្រទេសរុស្ស៊ីគឺពិតជាមានសារៈសំខាន់ខាងភូមិសាស្រ្តនយោបាយដ៏ធំមួយ ដោយឥតសង្ស័យឡើយ។ សាធារណរដ្ឋនេះជួយពង្រឹងព្រំដែនភាគខាងកើតរបស់ប្រទេស និងវត្តមានរបស់រុស្ស៊ីនៅក្នុងទ្វីបអាស៊ី។ មេដឹកនាំទាំងនេះបានជួបប្រជុំគ្នាដើម្បីធ្វើពិធីបុណ្យខួបឆ្នាំទី ៣៥០ នៃការចូលរួមរបស់សាធារណរដ្ឋ ប៊ុរីយ៉ាចាជាមួយប្រទេសរុស្ស៊ី។នៅខាងក្រោយការច្រៀងរាំនេះ មានភូមិសាស្រ្តនយោបាយ។
លោក អាឡិចស៊ៃ គូឌ្រិន (Alexei Kudrin) រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសរុស្ស៊ី បានមកនិយាយថា វិមានក្រឹមឡិនកំពុងចំណាយប្រាក់ចំនួន ៥០០លានដុល្លារ ដើម្បីពង្រីកផ្លូវថ្នល់ ចំណតយន្តហោះ និងសណ្ឋាគារ ដើម្បីទទួលទេសចរអាស៊ីឲ្យចូលមកលេងកំសាន្តឲ្យបានស្មើនិងបទដ្ឋានអន្តរជាតិ នៅបឹង បៃខាល (Lake Baikal)។
ខណៈដែលទស្សនិកជនអ្នករាយការណ៍ព័ត៌មានចិនបានធ្វើការកត់ហេតុ លោក គូឌ្រិន និយាយថា ទីក្រុង អ៊ូឡង់ អ៊ូដេ នឹងធ្វើជាអ្នកទទួលភ្ញៀវដល់រដ្ឋមន្រ្តីហិរញ្ញវត្ថុពីប្រទេសឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកចំនួន ២១ នៅក្នុងកិច្ចប្រជុំ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) នៅឆ្នាំក្រោយ។ លោកនិយាយថា រួមជាមួយរដ្ឋមន្រ្តីទាំងនេះ នឹងមានអ្នកសារព័ត៌មានអាស៊ីជាច្រើនរយនាក់ ហើយសង្ឃឹមថានឹងមានទេសចរណ៍និងវិនិយោគអាស៊ីផងដែរ។
លោក គូឌ្រិន បានសរសើរទីក្រុង អ៊ូឡង់ អ៊ូដេ ថាជាមជ្ឈមណ្ឌលនៃពុទ្ធសាសនានៅក្នុងប្រទេសរុស្ស៊ី។ លោកនិយាយថា ដើម្បីឲ្យមានការដឹកនាំការអភិវឌ្ឍន៍ពីទ្វីបអាស៊ីមកចូលក្នុងប្រទេសរុស្ស៊ី ក្រុមមេដឹកនាំត្រូវការបង្ហាញថាមានប្រពៃណីដ៏ខ្លាំង ដែលភ្ជាប់ប្រទេសរុស្ស៊ីជាមួយតំបន់ដែទៃទៀតនៅក្នុងអង្គការ អេប៉ិក (APEC) និងសំខាន់ជាងគេបំផុតជាមួយភូមិភាគអាស៊ីអាគ្នេយ៍។
សាធារណរដ្ឋ ប៊ុរីយ៉ាចា មិនគ្រាន់តែស្ថិតនៅក្នុងតំបន់ត្រូវម៉ោងគ្នាជាមួយ ប្រទេសជប៉ុននិងកូរ៉េប៉ុណ្ណោះទេ តែក្នុងតំបន់ជឿសាសនាដូចគ្នាដែរ គឺសេចក្តីអត់អោនខាងផ្នែកសាសនា។
សេចក្តីអត់អោនបែបនេះមិនដែលមានទេនៅក្នុងប្រទេសរុស្ស៊ីរបស់ជនជាតិអឺរ៉ុប នៅកន្លែងដែលក្រុមអ្នកប្រកាន់ពូជសាសន៍បានធ្វើការវាយប្រហារទៅលើបុរសជាតិអាស៊ីក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ កាលពីថ្ងៃចន្ទ តុលាការមួយនៅក្រុង មូស្គូ បានកាត់ទោសឲ្យចាប់គុកមួយជីវិតដល់ពួក ណាត់ស៊ី (Nazi) ក្នុងតំបន់ ចំនួន៥នាក់ ដែលត្រូវជាប់ទោសក្នុងបទឃាតកម្មមនុស្សដែលមិនមែនជាជាតិរុស្ស៊ី ចំនួន២៧នាក់ នៅក្នុងតំបន់ក្រុង មូស្គូ ក្នុងរយៈពេលពីរឆ្នាំ។
ផ្ទុយពីនេះទៅវិញ ចាប់តាំងពីមានការរលំដួលសហភាពសូវៀត កាលពី ២០ឆ្នាំមុនមក ជនជាតិចិនប្រហែល ១ម៉ឺននាក់ បានចូលទៅរស់នៅនិងធ្វើការនៅក្នុងសាធារណរដ្ឋ ប៊ុរីយ៉ាចា។ ជនទាំងនេះជាច្រើននាក់និយាយថា ពួកគេមើលឃើញថាទីក្រុង អ៊ូឡង់ អ៊ូដេ មានការរាក់ទាក់ជាមួយជនជាតិអាស៊ី៕
ប្រែសម្រួលដោយ កែរ យ៉ាន